អានតួអត្ថបទ

១ឆ្នាំសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន៖មហាសន្និបាតអង្គការសហប្រជាជាតិទាមទារឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ កុម្ភៈ ពោល​មួយ​ថ្ងៃ​មុន​ខួប ១ឆ្នាំ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​អនុម័ត​ក្នុង​សំឡេង​ភាគច្រើន​លើ​សេចក្តីសម្រេចចិត្ត​មួយ​ស្តីពី​សង្រ្គាមអ៊ុយក្រែន។ នៅ​ក្នុង​សេចក្តីសម្រេចចិត្ត​ដែល​គ្មាន​លក្ខណៈ​បង្ខិតបង្ខំ មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​ទាមទារ​ឲ្យ​រុស្ស៊ី​ដក​ទ័ព​ចេញ​ពី​អ៊ុយក្រែន​ជា​បន្ទាន់ និង​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​ត្រឹមត្រូវ និង​យូរអង្វែង។

១ឆ្នាំសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន៖មហាសន្និបាតអង្គការសហប្រជាជាតិទាមទារឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់។
១ឆ្នាំសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន៖មហាសន្និបាតអង្គការសហប្រជាជាតិទាមទារឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់។ REUTERS - MIKE SEGAR
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេចចិត្ត​ដែល​គ្មាន​ការ​បង្ខិតបង្ខំ​បាន​ទទួល​សំឡេង​គាំទ្រ​ចំនួន ១៤១សំឡេង សំឡេង​ប្រឆាំង​ចំនួន ៧សំឡេង និង​សំឡេង​អនុបវាទ​ចំនួន ៣២សំឡេង​នៅ​ក្នុង​ចំណោម​សមាជិក​ទាំង ១៩៣ប្រទេស​របស់​អង្គការសហប្រជាជាតិ។ សំឡេង​ប្រឆាំង​ទាំង ៧សំឡេង​មាន​រុស្ស៊ី បេឡារុស ស៊ីរី កូរ៉េខាងជើង ម៉ាលី នីការ៉ាហ្កា និង​ប្រទេស​អេលីត្រេ។ ចំណែក​ចិន និង​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​បោះឆ្នោត​អនុបវាទ។ កំណត់​សម្គាល់​មួយ​ទៀត ចំនួន​ប្រទេស​ដែល​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ពេល​នេះ គឺ​ប្រហាក់ប្រហែល​គ្នា​នឹង​ចំនួន​ប្រទេស​ដែល​បាន​បោះឆ្នោត​ថ្កោលទោស​រុស្ស៊ី​ដែល​បាន​ផ្តាច់​យក​ទឹកដី​អ៊ុយក្រែន​ច្រើន​តំបន់​កាល​ពី​ខែ​តុលា ឆ្នាំ ២០២២។

នៅ​ក្នុង​សេចក្តីសម្រេចចិត្ត​ដែល​បាន​អនុម័ត​ក្នុង​ថ្ងៃទី២៣ កុម្ភៈ​ម្សិលមិញ មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​គោរព​ចំពោះ​បូរណភាព​ទឹកដី​អ៊ុយក្រែន និង​ទាមទារ​ឲ្យ​រុស្ស៊ី​ដក​កងកម្លាំងទ័ព​របស់​ខ្លួន​ទាំងអស់​ជា​បន្ទាន់​ចេញ​ពី​អ៊ុយក្រែន​ដោយ​គ្មាន​លក្ខខណ្ឌ។ ទឹកដី​អ៊ុយក្រែន​ដែល​មហាសន្និបាត​ចង់​និយាយ គឺ​ទឹកដី​ដែល​រុស្ស៊ី​ទើប​បាន​ផ្តាច់​យក​កាល​ពី​ខែ​តុលា ឆ្នាំ ២០២២។ ទន្ទឹម​គ្នា​នេះ សេចក្តីសម្រេចចិត្ត​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ឈប់​អរិភាព និង​គូសបញ្ចាក់​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​ឈាន​ទៅ​ឲ្យ​សម្រេច​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នូវ​សន្តិភាព​ទាំង​ស្រុង ត្រឹមត្រូវ និង​យូរអង្វែង​នៅ​អ៊ុយក្រែន​ស្រប​តាមគោលការណ៍​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ។

គួរ​បញ្ជាក់​ថា សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ក្នុង​រយៈ​ពេល ១ឆ្នាំ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ៨ ០០៦នាក់ និង​របួស ១៣ ២៨៧នាក់​នៅ​អ៊ុយក្រែន នេះ​បើ​តាម​តួលេខ​របស់​អង្គការសប្រជាជាតិ។ តែ​តួលេខ​នេះ​គ្រាន់​ជា​តួលេខ​ដែល​ទទួល​បាន និង​ដែល​អាច​មាន​ច្រើន​ជាង​នេះ។ ក្រៅ​ពី​ស្លាប់ និង​របួស អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ពី​មាន​មនុស្ស​ជិត ១៨លាននាក់​កំពុង​ត្រូវ​ការ​ជំនួយ​បន្ទាន់ និង​មាន​ប្រមាណ ១៤លាននាក់​បាន​បម្លាស់ទី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ