អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-សិទ្ធិស្រ្តី

អតីតស្រ្តីសមាជិក​សភា​អាហ្វហ្កានីស្ថាន​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់

នៅអាហ្វហ្កានីស្ថាន ស្រ្តីអតីតសមាជិកសភា​ម្នាក់​ត្រូវ​បាន​ក្រុមប្រដាប់អាវុធ​មួយក្រុម​ចូលបាញ់​សម្លាប់​ដល់ក្នុងផ្ទះ នៅទីក្រុង​កាប៊ូល នៅយប់ថ្ងៃ​សៅរ៍ ឈាន​ចូលដល់​ថ្ងៃអាទិត្យ។ តាម​សេចក្តីប្រកាសព័ត៌មាន​របស់​ប៉ូលិស​តាលីបង់ កាលពីថ្ងៃអាទិត្យ ទី ១៥ មករា អង្គរក្ស​របស់​ស្រ្តីអតីតសភាអាហ្វហ្កានីស្ថាន​ក៏​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ ចំណែក បងប្រុស​របស់​អតីត​អ្នកតំណាងរាស្រ្ត​រងរបួស នៅក្នុងការវាយប្រហារ​នៅទីក្រុង​កាប៊ូល។

រូបស្រ្តីអតីតសមាជិកសភាអាហ្វហ្កានីស្ថាន លោកស្រី Mursal Nabizada ដែលត្រូវក្រុមប្រដាប់អាវុធ​ចូលបាញ់សម្លាប់​ក្នុងផ្ទះ​នៅក្រុង​កាប៊ូល នៅថ្ងៃសៅរ៍ទី ១៤មករា ២០២៣
រូបស្រ្តីអតីតសមាជិកសភាអាហ្វហ្កានីស្ថាន លោកស្រី Mursal Nabizada ដែលត្រូវក្រុមប្រដាប់អាវុធ​ចូលបាញ់សម្លាប់​ក្នុងផ្ទះ​នៅក្រុង​កាប៊ូល នៅថ្ងៃសៅរ៍ទី ១៤មករា ២០២៣ AFP - WAKIL KOHSAR
ផ្សាយពាណិជ្ជកម្ម

អាយុ ៣២ឆ្នាំ Mursal Nabizada និង​អង្គរក្ស​ម្នាក់​របស់​លោកស្រី ត្រូវ​ក្រុមប្រដាប់អាវុធ បាញ់សម្លាប់​ នៅ​ក្នុងផ្ទះ នៅទីក្រុង​កាប៊ូល កាលពី​រាត្រី​ថ្ងៃសៅរ៍។ តាម​លោក Khalid Zadran អ្នកនាំពាក្យ​របស់​ប៉ូលិស​តាលីបង់ កម្លាំងសន្តិសុខ​បាន​ចាប់ផ្តើម​ស៊ើបអង្កេត ដោយ​ម៉ត់ចត់ ដើម្បី​ស្វែងរក​មុខឃាតករ និង​យក​មក​ផ្តន្ទាទោស នៅ​ចំពោះមុខ​ច្បាប់។

ធ្លាប់កាន់តំណែង​ជា​សមាជិកសភា នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន តាំងពី​ឆ្នាំ ២០១៨ លោកស្រី Mursal Nabizada​បាន​បដិសេធ​មិនចាកចេញពីប្រទេស នៅពេល​ពួកតាលីបង់​ត្រលប់មក​ចូល​កាន់អំណាច ឡើងវិញ នៅអាហ្វហ្កានីស្ថាន នាខែសីហា​ឆ្នាំ ២០២១។

នៅក្នុងសារធ្វីតធ័រ លោកស្រី Mariam Solaimankhi ដែលធ្លាប់ជា​សហការី សំដែងការគោរពវិញ្ញាណក្ខន្ធ​របស់អតីត​សមាជិកសភា ដែលលោកស្រីចាត់ទុក​ជា​វីរនារី ក្លាហាន មិនចុះចាញ់ ខ្លាច​ការគំរាមកំហែង។ តាម​លោកស្រី Solaimankhi ស្រ្តីអតីតសមាជិកសភា មាន​ឱកាស​ចាកចេញពី​អាហ្វហ្កានីស្ថាន នៅថ្ងៃ​ដែល​ពួកតាលីបង់​ចូលកាន់អំណាច​នៅក្រុង​កាប៊ូល ប៉ុន្តែ លោកស្រី​បដិសេធ​មិនរត់ចោលប្រទេស ដើម្បីនៅបន្តការពារ​បុព្វហេតុ​ប្រជាជន​អាហ្វហ្កានីស្ថាន។

ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​កិច្ចការរដ្ឋបាល នៅប្រទេស​ប៉ាគីស្ថាន លោកស្រី Nabizada ក៏ដូចជា​ស្រ្តី​អាហ្វហ្កានីស្ថានផ្សេងទៀត​មានឱកាស​ទទួលបាន​តំណែងសំខាន់ នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដែលគាំទ្រ​ដោយ​សម្ព័ន្ធមិត្ត​អន្តរជាតិ។

នៅ​អំឡុង ២ទសវត្សរ៍​ដែល​អាហ្វហ្កានីស្ថាន​ទទួល​ជំនួយ​អន្តរាគមន៍​ពីកងទ័ព​បរទេស នាំមុខ​ដោយ​អាមេរិក ស្រ្តីអាហ្វហ្កានីស្ថាន​ជាច្រើន​ត្រូវបាន​តែងតាំងជា​ចៅក្រម អ្នកកាសែត ប៉ូលិស និង​អ្នកនយោបាយ។ ពួកគេមួយភាគធំ បាន​សម្រេចចិត្ត​ចាកចោលប្រទេស ចាប់តាំង​ពី​ពួកតាលីបង់​ត្រលប់ចូលកាន់អំណាច​នៅអាហ្វហ្វានីស្ថាន។ ដោយ​អនុវត្ត​ច្បាប់អ៊ីស្លាម​ដ៏តឹងតែងឡើងវិញ រដ្ឋាភិបាល​តាលីបង់​ដែលមិនបានការទទួលស្គាល់​ពីអន្តរជាតិ បាន​ត្រលប់​មក​រឹតបន្តឹង​បិទសិទ្ធិស្រ្តីមិន​ឲ្យធ្វើការនៅ​ខាងក្រៅផ្ទះ ហាមឃាត់​មិន​ឲ្យ​ក្មេងស្រី​អាច​បន្តការសិក្សា​នៅ​វិទ្យាល័យ និងនៅមហាវិទ្យាល័យ និងចាប់តម្រូវ​ឲ្យស្រ្តី​ពាក់ក្រណាត់បិទមុខ នៅទីសាធារណៈ។

ប្រទេសសមាជិកមួយចំនួននៃ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ កាលពីថ្ងៃសុក្រ​កន្លងទៅ ធ្លាប់បាន​អំពាវនាវ ទាមទារ​ឲ្យ​រដ្ឋាភិបាលតាលីបង់​ឈប់រឹតបន្តឹង បិទសិទ្ធិស្រ្តីអាហ្វហ្កានីស្ថាន និង​ត្រូវ​បើកផ្លូវ អនុញ្ញាតឲ្យ​ក្មេងស្រី​បន្តការសិក្សា​នៅ​មហាវិទ្យាល័យ​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ