អានតួអត្ថបទ
ចិន-កូវីដ

ចិន​ចាប់​បើក​ព្រំដែន​ទាំង​ស្រុង ក្រុម​លោក​ខាងលិច​​​​ណែនាំពលរដ្ឋ​មិនឱ្យ​ទៅចិន

វិធានការ​ចុងក្រោយ​នៃ​នយោបាយ​សូន្យ​កូវីដរបស់​ចិន ត្រូវ​បាន​លុប​ចោល​ទាំង​ស្រុង​ហើយ​។ ចាប់​ពី​ថ្ងៃ​អាទិត្យ​ទី ៨ មករា​នេះ​ទៅ ពលរដ្ឋ​ចិន​អាច​ធ្វើ​ដំណើរ​ទៅ​បរទេស ដោយ​មិន​ព្រួយ​បារម្ភ​ខ្លាច​មក​វិញ​ជាប់​ចត្តាឡីស័ក​ទៀត​ឡើយ។ ឯជនបរទេស​ក៏​អាច​ចូលទស្សនា​​ចិន​ដោយ​គ្មាន​រនាំង​សុខាភិបាល​​ដែរ។ ​​ប៉ុន្តែ​នៅ​ប្រទេស​លោក​ខាង​លិច​ជា​ច្រើន បានចេញ​សេចក្តី​ណែនាំ​ ​មិន​ឱ្យ​ពលរដ្ឋ​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ចិនទេ បើ​គ្មាន​​ករណី​​ចាំ​បាច់។

ចិន​ចាប់​បើក​ព្រំដែន​ទាំង​ស្រុង ក្រុម​លោក​ខាងលិច​​​​ណែនាំពលរដ្ឋ​មិនឱ្យ​ទៅចិន
ចិន​ចាប់​បើក​ព្រំដែន​ទាំង​ស្រុង ក្រុម​លោក​ខាងលិច​​​​ណែនាំពលរដ្ឋ​មិនឱ្យ​ទៅចិន REUTERS - THOMAS PETER
ផ្សាយពាណិជ្ជកម្ម

រនាំង​បាំង​បែងចែក​អ្នក​ដំណើរ​មក​ពី​បរទេស និង​អ្នក​ដំណើរ​ក្នុង​ស្រុក ត្រូវ​បាន​ដក​ចេញ​ពី​អាកាសយានដ្ឋាន​នានា​របស់​ចិន មិន​ថា​នៅប៉េកាំង សៀងហៃ​ ឬ​ហុងកុង​ទេ។ ការ​ធ្វើ​ចត្តាឡីស័ក​ជា​ចាំបាច់​ ចំពោះ​អ្នក​ដំណើរមក​ពីបរទេស ដែល​ដំបូង​មាន​ រយៈ​ពេល​ពីរ​សប្តាហ៍ បន្ទាប់​មក​ចុះ​​នៅ​ត្រឹម​មួយសប្តាហ៍ រួច​សល់​តែ​៥​ថ្ងៃ​ចាប់ពី​​ខែវិច្ឆិកា​២០២២មក និង​​លែង​មាន​សោះ​នៅថ្ងៃ​នេះ​។ បម្រាមកូវីដ​​ដ៏​តានតឹង​ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរ ទៅ​ឬ​មក​ ចិន​ ដែល​ចូល​ជា​ធរមាន​តាំង​ពី​ខែមីនា​ឆ្នាំ​២០២០មក ត្រូវ​អស់​សុពលភាព​ទាំង​ស្រុង​និង​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃទី​៨​មករា​២០២៣​នេះ​ទៅ។ ​

សេចក្តី​សម្រេច​លុប​​វិធានការ​កូវីដ​ បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ចិន​ជា​ច្រើន​រៀប​គម្រោង​ធ្វើ​ដំណើរ​ទៅ​បរទេស​ ដោយ​មាន​ឃើញ​មាន​ការកក់​សំបុត្រ​ស្ទុះ​ឡើង​ស្ទើរ​កប់ពពក។ ក្រុមហ៊ុន​អាកាសចរណ៍​កាតេប៉ាស៊ីហ្វិកប្រកាស​​បង្កើន​ជើង​ហោះហើរ​ទៅ​ចិន​ទ្វេ​មួយ​ជា​ពីរ។

ប៉ុន្តែ​នៅ​ចំពោះ​មុខ​ទស្សនៈ​វិស័យនៃ​លំហូរ​ទេសចរ​ចិន​​ទៅ​បរទេស​ មាន​ប្រទេស​លោក​ខាង​លិច​ជាច្រើន បាន​តម្រូវ​ឱ្យ​អ្នក​ដំណើរ​ចិន​ត្រូវ​មាន​តេស្ត​កូវីដ​អវិជ្ជមាន​។ សហភាព​អឺរ៉ុបក៏​​បាន​អំពាវនាវ​ឱ្យ​ប្រទេស​សមាជិក ធ្វើ​តេស្ត​រក​កូវីដលើ​អ្នក​ដំណើរ​ចិន​ ​នៅពេល​មក​ដល់ទឹកដី​​​អឺរ៉ុបភ្លាម​ ដោយ​ចោះៗ បន្ថែម​ពីលើ​ការ​បង្ហាញ​លទ្ធផល​អវិជ្ជមាន​កូវីដ ​មុន​ឡើង​យន្តហោះ។

 

ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​នៃ​បណ្តាប្រទេស​ជា​ច្រើន មាន​ជា​អាទិ៍ អាល្លឺម៉ង់ ប៊ែលហ្សិក និង​លុចសំបួរ បាន​ចេញ​សេចក្តីប្រកាស​ណែនាំ​នៅ​ល្ងាច​មិញ និងនៅ​ថ្ងៃ​នេះ ​ មិន​ឱ្យពលរដ្ឋ​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ទេ បើ​មិន​ចាំបាច់។ មូលហេតុ​មក​ពី​ចិន​កំពុង​ផ្ទុះ​ករណី​វិជ្ជមាន​កូវីដ១៩​ខ្លាំង ហើយ​ប្រព័ន្ធ​សុខាភិបាលរបស់​ចិន​កំពុង​​ណែន​ចាល់រង​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ ដែល​ទំនង​មិន​អាច​ទទួល​ព្យាបាល​បាន​ក្នុង​ករណី​មាន​ជំងឺ​បន្ទាន់ទេ។ នេះបើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​​អាល្លឺម៉ង់ ប៊ែលហ្សិក​​។ ​ដើម្បី​សម្តែងការ​ប្រុង​ប្រយ័ត្ន​ សហរដ្ឋ​អាមេរិក ជប៉ុន បារាំង ក៏​បាន​ចេញ​ក្រិត្យ​ណែនាំពលរដ្ឋ​​ដូច​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ