អានតួអត្ថបទ
ហ្វីលីពីន-ចិន

ប្រធានាធិបតី​ហ្វីលីពីនអញ្ជើញ​ទៅ​ប៉េកាំង​ដើម្បីពង្រឹង​ចំណង​មិត្តភាព​ជាមួយ​ចិន

ក្នុង​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ ជា​លើក​ដំបូង​ ​ក្នុង​ប្រទេស​ចិន លោកប្រធានាធិបតី​ហ្វីលីពីន ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ បាន​ប្រកាសបង្ហាញ​សេចក្តី​សង្ឃឹម​​នៅថ្ងៃពុធទី ៤​មករា​នេះ​ថា នឹងអាច​​ពង្រឹង​ចំណង​ទំនាក់ទំនង​រវាង​ម៉ានីល​និង​ប៉េកាំង។ ចិន​និង​ហ្វីលីពីន​មាន​ជម្លោះតាន​តឹង​​នឹង​គ្នា​​ខ្លាំង​ជុំ​វិញ​បញ្ហា​សមុទ្ទ​ចិន​ខាង​ត្បូង។

លោកប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr.ឆ្វេង) និង​ប្រធាន​សភា​ប្រជាជន​ចិន​លោក Li Zhanshu នៅទីក្រុង​ប៉េកាំង ថ្ងៃទី ៤ មករា​២០២៣
លោកប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr.ឆ្វេង) និង​ប្រធាន​សភា​ប្រជាជន​ចិន​លោក Li Zhanshu នៅទីក្រុង​ប៉េកាំង ថ្ងៃទី ៤ មករា​២០២៣ AP
ផ្សាយពាណិជ្ជកម្ម

“ពង្រឹង​ទំនាក់ទំនង​ចិន-ហ្វីលីពីន ជា​ភាពចាំបាច់ទីមួយ” សម្រាប់​ក្រុង​ម៉ានីល។​ នេះ​បើតាម​ប្រសាសន៍​របស់​លោក​ប្រធានាធិបតីហ្វីលីពីន ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ក្នុង​ឱកាស​ជួប​ប្រជុំ​ជាមួយ​ប្រធានសភា​ប្រជាមានិត​ចិន​លោក​ លី ស្ហង់ស្ហូ។ លោក​ម៉ាកូស ជូញ៉រ ដែល​នឹង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នឹង​សមភាគីចិន លោក​ ស៊ីជីនពីងដែរ​នោះ បាន​បង្ហាញ​សេចក្តី​សង្ឃឹម​ទៀត ថា ប្រទេស​ទាំងពីរ ចិននិង​ហ្វីលីពីន នឹង​រឹត​ចង​ដោយ​ភាព​ជា​ដៃគូ​ដែល​នាំ​ដល់​ស្ថិរភាព​និង​ការ​ពង្រឹង​សេដ្ឋកិច្ច។

ជា​សរុប​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃព្រហស្បតិ៍​ទី​៥​មករា ចិន​និង​ហ្វីលីពីន មាន​ចុះ​កិច្ចព្រមព្រៀង​​ទ្វេភាគី​ចំនួន​ប្រមាណ​១៤​កិច្ចសន្យា។ លោកម៉ាកូស ជូញ៉រ ក៏​ត្រូវ​ចុះ​ហត្ថលេខា នៅសប្តាហ៍​នេះ​​ផង​​ដែរ​លើ​កិច្ចព្រមព្រៀង​​បង្កើត​ខ្សែ​ទំនាក់ទំនង​ផ្ទាល់​ថ្នាក់​​ក្រសួង​ការបរទេស​ ជុំ​វិញ​បញ្ហា​ព្រំដែន​ទឹក ពោល​គឺ​ជុំវិញ​ជម្លោះ​ព្រំដែន​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។ មុន​ចេញ​ដំណើរ​ទៅ​ក្រុង​ប៉េកាំង កាលពី​ថ្ងៃ​អង្គារ លោកប្រធានាធិបតី​ហ្វីលីពីន​បាន​ប្រកាស​ថា​នឹង​ជជែក​ជាមួយ​សមភាគី​ចិន​ ស្តីពី​បញ្ហា​សន្តិសុខ​នយោបាយ​ ជា​លក្ខណៈ​ទ្វេភាគី​ និង​ជា​លក្ខណៈ​តំបន់។ បញ្ហា​រវាង​ប្រទេស​ទាំងពីរ មិនមែន​ជា​បញ្ហា​ដែល​ត្រូវ​កើត​មានឡើង​សម្រាប់​ប្រទេស​ជា​មិត្ត​នឹង​គ្នា​ទេ។ នេះ​ជា​ប្រសាសន៍បន្ថែម​​របស់​លោក ម៉ាកូស ជូញ៉រ​ ដោយ​សង្កត់​ធ្ងន់​ថា​ លោក​មិន​បណ្តោយ​ឱ្យ​ចិន​ជាន់​ឈ្លី​សិទ្ធិ​ក្នុង​ដែនទឹក​របស់​ហ្វីលីពីន ដូច​ប្រធានាធិបតី​ហ្វីលីពីនមុន​ទេ។

កាលពី​សប្តាហ៍​មុន​ រដ្ឋាភិបាល​ហ្វីលីពីន​បាន​គូស​បញ្ជាក់​ថា ភាគី​ទាំងពីរ ត្រៀម​រៀប​ចំ​បណ្តាញ​ទាក់ទង​គ្នា​​ផ្ទាល់​ដើម្បី​បញ្ចៀស​រាល់​ការកំហុស​ឆ្គង​ផ្នែក​​គណនា​ឬ​ទូរគមនាគមន៍​ទាក់ទង​នឹង​សមុទ្ទ​ខាង​លិច​នៃ​ប្រទេសឬ​ផ្នែក​មួយ​នៃ​សមុទ្ទ​ចិន​ខាង​ត្បូង​ ដែល​ហ្វីលីពីន ​ទាមទារ​ជា​របស់​ខ្លួន។ ហ្វីលីពីន​បាន​ប្រកាស​កាលពី​ថ្ងៃទី ២២​ធ្នូ​២០២២ បង្កើន​វត្តមាន​យោធា​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ថា​ចិន​កំពុងរៀប​ចំ​​ដីកោះ​គ្មាន​មនុស្ស​រស់​នៅ​ជុំ​វិញ​ប្រជុំ​កូន​កោះ​ជាប់​ជម្លោះ​ស្ព្រាតលី។

ចិន​ទាមទារ​គ្រប់គ្រង​សមុទ្ទ​ចិន​ខាង​ត្បូងស្ទើរ​​ទាំង​ស្រុង និង​មិន​ខ្វល់​នឹង​សេចក្តីសម្រេច​របស់​តុលាការ​អន្តរជាតិ​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​២០១២ ថា​ជា​ការទាមទារ​គ្មាន​មូលដ្ឋាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ