អានតួអត្ថបទ

ជម្លោះ​សមុទ្រ​ចិនខាងត្បូង៖ ហ្វីលីពីន​ព្រួយ​បារម្ភ​ខ្លាំង​ពីការ​ពង្រីកទឹកដី​របស់ចិន

នៅថ្ងៃ​ពុធ ទី​២១ធ្នូ ក្រសួង​ការបរទេស​ហ្វីលីពីន បាន​សម្តែង​ក្តីព្រួយ​បារម្ភ​ជាខ្លាំង ចំពោះ​សកម្មភាព​​ពង្រីកទឹកដី​របស់​ចិន និង​ដែល​ធ្វើ​សកម្មភាព​ចូល​រំលោភ​បំពាន​​ដែន​កោះរបស់ហ្វីលីពីន។ សេចក្តីព្រួយ​បារម្ភ​របស់​រដ្ឋបាល​ទីក្រុង​ម៉ានីល គឺបន្ទាប់ពី​ សារព័ត៌មាន​អាមេរិក រាយការណ៍​ដោយ​បង្ហាញពី​រូបភាព​ផ្កាយ​រណប និង​ដែល​បាន​ស្រង់​យកប្រភពព័ត៌មាន​​ពី ​រដ្ឋាភិបាល​អាមេរិក ​ទៅបញ្ជាក់ថា ចិន​កំពុង​សាងសង់​កោះ​ថ្មីៗថែម​ទៀត​នៅ​ក្បែរ​តំបន់​ជម្លោះ​ដ៏​ប្រទាញប្រទង់​គ្នា​ជាមួយ​នឹង ហ្វីលីពីន។ ​

រូបភាពតំណាង។ កោះ​ដែល​ចិន​សាងសង់​នៅ​ឆ្នាំ២០១៧ នៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង។
រូបភាពតំណាង។ កោះ​ដែល​ចិន​សាងសង់​នៅ​ឆ្នាំ២០១៧ នៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ AP - Francis Malasig
ផ្សាយពាណិជ្ជកម្ម

«​យើង​ព្រួយ​ខ្លាំងណាស់ ព្រោះ​សកម្ម​ភាព​ប្រាស់ចាក​ពីស្មារតី​​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង និង​ផ្ទុយ​ពី​សេចក្តី​វិនិច្ឆ័យ​ កាលពី​ឆ្នាំ២០១៦។» នេះជា​ប្រតិកម្ម​ក្រសួង​ការបរទេស​ហ្វីលីពីន នៅក្នុង​សេចក្តីថ្លែងការណ៍​ ថ្ងៃអង្គារ ដោយ​បញ្ជាក់ទៀត​ថា​ នឹង​ឲ្យ​ស្ថាប័ន​ភ្នាក់ងារ​ដទៃ​បើក​ការ​ស៊ើប​អង្កេតបន្ថែម​។​

តាមព័ត៌មាន​បរទេស ដែល​ក្រសួង​ការ​បរទេស​ហ្វីលីពីន យកជា​ដំណឹង​ច្បាស់​ការណ៍ដែរ គឺថា​ ចិន​​បាន​ចាក់​សង់​កោះ​សិប្បនិមិត្តថ្មីទៀត​​ នៅ​ចម្ងាយ​ប្រហែល​តែ ​១៣ គីឡូម៉ែត្រ ពី​កោះ​អូអៃតា (Loaita) ត្រួតត្រាដោយ ​ហ្វីលីពីន​ ហើយ​ទីនោះ ចម្ងាយ​ប្រមាណ​៤៥០គីឡូម៉ែត្រ ពី​កោះ​ធំ ផាលាវ៉ាន របស់​ហ្វីលីពីន។​

ពី​រដ្ឋធានីប៉េកាំង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន អ្នក​ស្រី ម៉ៅ នីង បាន​ឆ្លើយ​តប​ទៅវិញថា ព័ត៌មាន​​នេះ​គ្មាន​មូលដ្ឋាន​ទាល់តែ​សោះ។ អ្នកនាំ​ពាក្យរូបនេះ​អះអាង​​ទៀត​ថា វឌ្ឍនភាព​ទូតហ្វីលីពីន​និងចិន កំពុង​ដើរ​លើផ្លូវ​ល្អ ហើយ​ភាគីទាំងពីរ​បន្ត​ដោះស្រាយ​បញ្ហា​សមុទ្រ​ តាមលក្ខណៈ​សមរម្យ ចេញពី​ការពិភាក្សាគ្នា​ដោយ​មេត្រីភាព។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិ​ហ្វីលីពីន​ បាន​ប្រកាស​ថ្លែងក្តីបារម្ភ​ម្តងរួចមក​ហើយ ក្រោយពេល​ដែល​មាន​សញ្ញាណ​ពី​សកម្មភាព​នាវាចរ​របស់​ចិនជាច្រើន​​ខុសពីធម្មតា។ រដ្ឋមន្ត្រីការពារជាតិ​ហ្វីលីពីន បាន​ធានាអះអាង​ប្តេជ្ញាចិត្ត ដោយ​យក​គោលការណ៍​ណែនាំ​របស់​ប្រធានាធិបតី​ខ្លួន​ ថា​ «នឹង​មិនព្រម​​ឲ្យ​ទឹកដី​​​បាត់បង់​សូម្បីតែ​មួយ​ថ្នាំងដៃ»។​ ទន្ទឹម​នឹង​នេះ អ្នក​នាំពាក្យ​រដ្ឋាភិបាល​អាមេរិក អំពាវនាវ​ឲ្យ​ចិន​គោរព​ច្បាប់​បទដ្ឋាន​អន្តរជាតិ។ ចំណែក​ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​រដ្ឋធានីម៉ានីល ប្រតិកម្មតបវិញ ដោយ​អង្អុរមុខ​រដ្ឋធានីវ៉ាស៊ីន​តោន​ថាកំពុងតែ«​សាបព្រោះ​ភាព​ចលាចល»។

ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ គឺ​ តៃវ៉ាន់ និង​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ាន មាន​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី​ និង​ព្រុយណេ​ ត្រូវ​ប្រឈម​មុខ​នឹង ប្រទេស​ចិន។ ចិន​ ដែល​ចេះតែ​ទាមទារ​ដែនកោះ​ និង​សង់កោះ​សិប្បនិមិត្ត​បន្ថែមជាបន្ត នៅ​តំបន់​ជម្លោះ​។​ ចិនក៏​​បាន​ចាត់ចោល​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ កាលពី​ឆ្នាំ​២០១២​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ