អានតួអត្ថបទ
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

សមាជិក​សភា​អាស៊ាន​ការពារ​សិទ្ធិមនុស្ស​ អំពាវ​នាវ​ឲ្យ​សង្គ្រោះ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​​ដែល​អណ្ដែត​​​​តែលតោល​​ក្នុង​សមុទ្រ

យោងតាម​ប្រភពព័ត៌មាន​ផ្សេងៗគ្នា គឺមានជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា យ៉ាងហោច២០០នាក់ កំពុងស្ថិតនៅលើទូកដែលអណ្តែតតែលតោលក្នុងសមុទ្រអង់ដាម៉ាន់ អស់ជាច្រើនសប្តាហ៍​មកហើយ​។ តំណាងក្រុមការពារសិទ្ធិមនុស្ស នៃ​សមាជិកសភា​អាស៊ាន បានចេញសេចក្តីអំពាវនាវ ឲ្យររដ្ឋាភិបាល​​​ប្រទេសអាស៊ាន​ទាំងអស់ ត្រូវតែ​រួមគ្នាជួយ​ស្រោចស្រង់ជីវិត​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែលរត់គេចពីការកាប់សម្លាប់នៅភូមា។

ទូកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលគេសង្គ្រោះបាន​នៅ កំពង់ផែ  Krueng Geukueh ភាគខាងជើងខេត្តអាឆេ ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី ៣០ ធ្នូ ២០២១
ទូកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលគេសង្គ្រោះបាន​នៅ កំពង់ផែ Krueng Geukueh ភាគខាងជើងខេត្តអាឆេ ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី ៣០ ធ្នូ ២០២១ AP - Rahmat Mirza
ផ្សាយពាណិជ្ជកម្ម

លោកស្រី Eva Sundari អតីតសមាជិកសភាឥណ្ឌូណេស៊ី និងជាសមាជិក​ក្រុម​សមាជិក​សភា​អាស៊ាន​​ដើម្បីសិទ្ធិមនុស្ស បានថ្លែងអំពាវនាវ កាលពីថ្ងៃអង្គារទី​២០ធ្នូ សូម​ឲ្យ​ប្រទេស​អាស៊ាន និង​ប្រទេសក្នុងតំបន់​ទាំងអស់ ត្រូវតែ​រួមគ្នា បើក​ប្រតិបត្តិការ​​ជួយ​សង្គ្រោះជីវិត​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ លោកស្រីបន្ថែមថា វាជារឿងគួរឲ្យ​អាម៉ាសខ្លាំងណាស់ ដែល​រដ្ឋាភិបាល​បណ្តា​​ប្រទេសអាស៊ាន ឈរឱបដៃមើល​ជីវិតមនុស្ស​ជាច្រើនរយនាក់ ដែលមានទាំងកុមារតូច​ៗ​ផងនោះ តែលតោល​ក្នុងសមុទ្រប្រឈមនឹងសេចក្តី​​ស្លាប់បែបនេះ​។​

សូមបញ្ជាក់ថា ទូកជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាងមួយ មានផ្ទុក​មនុស្ស​ប្រមាណ​២០០នាក់ ក្នុងនោះមានស្ត្រីនិងកុមារច្រើននាក់ ត្រូវគេដឹងថាកំពុងអណ្តែតតែលតោល ក្នុងសមុទ្រ​អង់ដាម៉ាន់ ចន្លោះរវាង​ដែនកោះឥណ្ឌា ប្រទេសថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។ មិនទាន់មានប្រភពបញ្ជាក់ពីទីតាំងជាក់ច្បាស់ ថាទូកនោះស្ថិតនៅកន្លែងណា ហើយ​បានអណ្តែតតែលតោល​ តាំងតែពីពេលណានោះទេ។

បើយោងតាមប្រភព​ពី​សកម្ម​ជន​រ៉ូហ៊ីងយ៉ា នៅក្រៅប្រទេស ដែល​បានទទួលដំណឹង ពី​ក្រុមគ្រួសារសាច់ញាតិ​ ដែលស្ថិតនៅលើទូកនោះ បានប្រាប់អ្នកយកព័ត៌មានបារាំង AFP ថាទូកដឹកជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ប្រមាណ​២០០នាក់នោះ បានអណ្តែតក្នុង​សមុទ្រយ៉ាងហោច​ ២សប្តាហ៍​មកហើយ។ ប្រភពមួយទៀត ពី​អង្គការ UNHCR បាន​ឲ្យដឹងថា ទូកនោះអណ្តែតតែលតោល​ក្នុងសមុទ្រ តាំងតែពីចុងខែវិច្ឆិកា​ម្លេះ​។ ប្រភពដដែលនេះ អះអាងទៀតថា កាលពីសប្តាហ៍​មុន គេបានជូន​ដំណឹងមកថា មានមនុស្សស្លាប់ចំនួន​យ៉ាងហោច​១២នាក់ នៅលើទូកនោះ ខណៈជនភៀសខ្លួន​ផ្សេងទៀតដែល​នៅលើទូកកំពុងប្រឈមគ្រោះថ្នាក់  ដោយ​គ្មាន​អាហារ និងទឹកបរិភោគ។

សូមរំលឹកថា បច្ចុប្បន្ននេះមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ ប្រមាណ​​១លាននាក់ កំពុងរស់នៅ​ក្នុងជំរំ​នៅ​ឯប្រទេសបង់ក្លាដែស។ ការរស់នៅ​ក្នុង​ជំរំ ជាមួយ​នឹងលក្ខខណ្ឌដ៏លំបាកលំបិនបំផុត ខណៈសេចក្តីស​ង្ឃឹម​ថាអាចបានត្រលប់ទៅស្រុក​ភូមិកំណើត នៅរដ្ឋរ៉ាឃីនភាគខាងលិចភូមាវិញ គឺកាន់តែរសាត់បាត់ពន្លឺ​។

ប៉ុន្មានខែចុងក្រោយ​នេះ មាន​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ច្រើនពាន់នាក់​ បាន​ប្រថុយជីវិត ជិះទូកឈើរខេករខាក ​ចាក​ចេញពីជំរំ ឆ្លងសមុទ្ររាប់ពាន់គីឡូម៉ែត្រ សំដៅមកសុំសិទ្ធិជ្រកកោននៅម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ ជាក់ស្តែង កាលពីថ្ងៃទី​៨ធ្នូថ្មីៗនេះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រមាណជាង​១៥០នាក់ ត្រូវបាននាវា​ដឹកប្រេងវៀតណាម ​ស្រង់ពីសមុទ្រ នៅក្បែរឆ្នេរប្រទេសថៃ ហើយ​បញ្ជូនយកទៅឲ្យអាជ្ញាធរភូមា​។ ហើយ​កាលពីថ្ងៃទី​១៨​ធ្នូ ឆ្មាំសមុទ្រស្រីលង្កា បានស្រង់ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ចំនួន​ជាង​១០០នាក់។ យោងតាម​ UNHCR យ៉ាងហោងណាស់ មាន​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​១៦១នាក់ ដែលស្លាប់នៅក្នុងសមុទ្រ​ ក្នុងឆ្នាំ​២០២២នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ