អានតួអត្ថបទ
ម៉ាឡេស៊ី-នយោបាយ

ម៉ាឡេស៊ី​បោះឆ្នោត​សភា​មុន​អាណត្តិ សង្ឃឹម​បិទ​បញ្ចប់​វិបត្តិ​នយោបាយ រីងរៃ​ដោយរឿង​អាស្រូវ​ពុករលួយ

ថ្ងៃសៅរ៍ទី១៩វិច្ឆិកា ប្រជាជនម៉ាឡេស៊ីប្រមាណ​២១លាននាក់ ត្រូវចូលរួមបោះឆ្នោតជ្រើសរើសសមាជិកសភាទាំង​២២២អាសនៈ។ ជាការបោះឆ្នោតសភា​ មុនអាណត្តិដល់ទៅ១០ខែ ដែលគេរំពឹងថា នឹងអាចឈានទៅរៀបចំ​​រដ្ឋាភិបាល​ថ្មី ដើម្បីបិទបញ្ចប់​វិបត្តិនយោបាយ ដែលបានអង្រួន​ប្រទេសម៉ាឡេស៊ីប៉ុន្មានឆ្នាំមកនេះ។ រឿងអាស្រូវពុករលួយដ៏ធំមហិមា របស់លោកអតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ និងដែលពាក់ព័ន្ធដល់គណបក្ស​ អង្គការជាតិបង្រួបបង្រួមម៉ាឡេ ហៅកាត់ថា Umno គឺជាដំបៅនយោបាយ ដែល​ប្រជាជនម៉ាឡេស៊ីចង់ព្យាបាលឲ្យ​ជា​សះស្បើយ​។

លោក Anwar Ibrahim ប្រធានសម្ព័ន្ធគណបក្សប្រឆាំងដ៏ធំជាងគេនៅម៉ាឡេស៊ី លើកចង្អុរដៃបង្ហាញថាបានបោះឆ្នោត។ ក្រុង Seberang Perai រដ្ឋប៉េណាំង ថ្ងៃទី ១៩ វិច្ឆិកា ២០២២
លោក Anwar Ibrahim ប្រធានសម្ព័ន្ធគណបក្សប្រឆាំងដ៏ធំជាងគេនៅម៉ាឡេស៊ី លើកចង្អុរដៃបង្ហាញថាបានបោះឆ្នោត។ ក្រុង Seberang Perai រដ្ឋប៉េណាំង ថ្ងៃទី ១៩ វិច្ឆិកា ២០២២ AP - Vincent Thian
ផ្សាយពាណិជ្ជកម្ម

ព្រឹកថ្ងៃសៅរ៍ទី​១៩វិច្ឆិកា ការិយាល័យ​បោះឆ្នោតចាប់ផ្តើមបើកទ្វារភ្លាម គេសង្កេតឃើញមនុស្សម្នា មក​ឈរ​តកន្ទុយ​គ្នា​ រងចាំចូលទៅបោះឆ្នោត យ៉ាងច្រើនកុះករ។ បើទោះបីកត្តាឧតុនិយម អាចមានភ្លៀងផ្គរខ្លាំងនៅថ្ងៃនេះ តែចំនួន​មនុស្ស​ដែលស្ទុះស្ទារមកចូលរួមបោះឆ្នោតនៅព្រឹកនេះ បាន​បង្ហាញក្តីសង្ឃឹមថា ចំនួន​អ្នកចូលរួម​បោះឆ្នោតប្រាកដជាមានកម្រិតខ្ពស់។

ឆ្លើយប្រាប់អ្នកយកព័ត៌មានបារាំង AFP នៅក្រុង Bera រដ្ឋ Pahang ស្ត្រីគ្រូបង្រៀន​អាយុ២០ឆ្នាំម្នាក់ បាន​លើកឡើងថា ខ្លួនចង់បាន​រដ្ឋាភិបាលថ្មីដែលខ្លាំង រឹងមាំ ធ្វើឲ្យ​សេដ្ឋកិច្ច​មានស្ថិរភាព ដើម្បី​បង្កើតការងារឲ្យយុវជន។ បុរសចំណាស់​ម្នាក់ទៀត អាយុ៦០ឆ្នាំ បាន​ប្រាប់អ្នកយកព័ត៌មានយើងថា អ្វីដែលគាត់ចង់បាន គឺសុំត្រឹមតែជារដ្ឋាភិបាលដែលស្មោះត្រង់ មិនពុករលួយលួចជាតិ។​

គួររំលឹកថា អស់រយៈពេល៤ឆ្នាំមកហើយ ដែលម៉ាឡេស៊ីពើបប្រទះនឹងវិបត្តិនយោបាយ​ បន្ទាប់ពីផ្ទុះរឿងអាស្រូវពុករលួយ​ដ៏ធំមហាសាល ពាក់ព័ន្ទនឹង​លោកអតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់។ លោកណាជីប រ៉ាហ្សាក់ ដែលបច្ចុប្បន្ន​កំពុងជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ។​ ៤ឆ្នាំមកនេះ ម៉ាឡេស៊ីបានដូរនាយករដ្ឋមន្ត្រី៣នាក់ហើយ។ លោកនាយករដ្ឋមន្ត្រី Ismail Sabri Yaakob មកពីគណបក្ស អង្គការជាតិបង្រួបបង្រួមម៉ាឡេ ហៅកាត់ថា Umno ដែលមានសំឡេងភាគច្រើនបន្តិចបន្តួច​ក្នុងសភា បានសម្រេចប្រកាសរំលាយ​សភា ដើម្បីបោះឆ្នោតមុនអាណត្តិដល់ទៅ​១០ខែនាពេលនេះ ដោយសង្ឃឹមថាបក្សខ្លួននឹងមានជ័យជំនះ។

ទន្ទឹមគ្នានេះ លោក Anwar Ibrahim មេសម្ព័ន្ធបក្សប្រឆាំងដ៏ធំជាងគេ បានប្រកាសថា សម្ព័ន្ធបក្សរបស់លោកអាចនឹងបានជ័យជំនះ មានសំឡេងភាគច្រើនក្នុងសភា បើទោះជាមិនសូវសង្ឃឹមថាឈ្នះដាច់ខ្លាំងក៏ដោយ។ លោក Anwar Ibrahim បានធ្វើយុទ្ធនាការឃោសនា ដោយ​ផ្តោត​ទៅ​លើ ​ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ អំពើពុករលួយដែល​គណបក្សកាន់អំណាចរាប់សិបឆ្នាំឈ្មោះ Umno បាន​ឃុបឃិតគ្នាបែងចែកលាភសក្ការៈ។

យ៉ាងណាក៏ដោយ យោងតាមការវិភាគ បរិយាកាសនយោបាយ​ម៉ាឡេស៊ី អាចនឹងស្ថិតនៅ​ក្នុង​ភាពបែកបាក់ដដែលទេ ក្រោយ​ការបោះឆ្នោតសភានៅថ្ងៃនេះ។ លោក Bridget Welsh សាស្ត្រាចារ្យ​សកលវិទ្យាល័យ​ Nottingham ម៉ាឡេស៊ី បានលើកឡើងថា អ្វីដែលគេព្រួយបារម្ភគឺថា ប្រសិនបើ​គណបក្ស Umno ឈ្នះឆ្នោតម្តងទៀត នោះបក្សនេះ នឹងរកវិធីដើម្បី​ដោះលែងលោកណាជីប រ៉ាហ្ស៉ាក់ ឲ្យចេញពីគុក និងការពារមនុស្សមានអំណាចផ្សេងៗទៀតក្នុងបក្ស មិនឲ្យទទួលទោសរឿងពុករលួយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ