អានតួអត្ថបទ
ម៉ាឡេស៊ី-បោះឆ្នោត

បោះឆ្នោតម៉ាឡេស៊ី៖ អតីតនាយករដ្ឋមន្រ្តីមហាធៀរ អាយុ​៩៧ឆ្នាំ វិលមក​ប្រលូកក្នុង​នយោបាយ

អាយុ ជិត​សតវត្សរ៍ លោក​មហាធៀរ មហាម៉ាត់ ដែល​ជា​អ្នកនយោបាយ​ដ៏វ័យចំណាស់​បំផុត​របស់​ម៉ាឡេស៊ី បាន​វិលត្រលប់​មក​ប្រលូកចូល​នយោបាយ​ឡើង​វិញ។ នៅថ្ងៃ​សៅរ៍នេះ អតីតនាយករដ្ឋមន្រ្តី​វ័យ ៩៧ឆ្នាំ រូបនេះ បាន​ដាក់បេក្ខភាព​របស់​លោក​សម្រាប់​ការបោះឆ្នោត​សភា មុនកាលកំណត់ ដែល​ត្រូវ​រៀបចំ នៅថ្ងៃទី ១៩​វិច្ឆិកា ខាងមុខ។ លោកនាយករដ្ឋមន្រ្តី អ៊ីស្មាអែល សាប្រ៊ី យ៉ាកុប ដែល​ទើប​ប្រកាស​រំលាយសភា និង​ប្រកាស​ការបោះឆ្នោត​មុន​កាលកំណត់ ក៏បាន​ដាក់បេក្ខភាព ដូចគ្នា​នឹងលោក​អាន់វ៉ា អ៊ីប្រាហ៊ីម ​មេបក្ស​ប្រឆាំង​ដ៏លេចធ្លោ នៅម៉ាឡេស៊ី។

មហាធៀរ មហាម៉ាត់ អាយុ ៩៧ឆ្នាំ ដាក់បេក្ខភាពសម្រាប់​បោះឆ្នោត​សភា​ម៉ាឡេស៊ី នៅថ្ងៃសៅរ៍​ទី ៥​វិច្ឆិកា ២០២២
មហាធៀរ មហាម៉ាត់ អាយុ ៩៧ឆ្នាំ ដាក់បេក្ខភាពសម្រាប់​បោះឆ្នោត​សភា​ម៉ាឡេស៊ី នៅថ្ងៃសៅរ៍​ទី ៥​វិច្ឆិកា ២០២២ AP - Vincent Thian
ផ្សាយពាណិជ្ជកម្ម

អាយុ ៩៧ ឆ្នាំ អតីតនាយករដ្ឋមន្រ្តី​មហាធៀរ មហាម៉ាត់ ដែល​គេ​ចាត់ទុក​ជា​បិតាស្ថាបនិក​ម៉ាឡេស៊ី សម័យទំនើប បាន​ត្រលប់​មក​ប្រលូក​ចូល​ឆាកនយោបាយ​ឡើងវិញ។ នៅថ្ងៃសៅរ៍នេះ លោក​មហាធៀរ មហាម៉ាត់ បានធ្វើដំណើរ ទៅអគារដ្ឋាភិបាល​នៅ​លើ​កោះ Langkawi​ដើម្បី ដាក់បេក្ខភាពរបស់លោក​សម្រាប់​ការប្រកួតប្រជែង នៅក្នុងការបោះឆ្នោតសភា ដែលត្រូវ​ប្រព្រឹត្តទៅ​នៅ ២សប្តាហ៍ខាងមុខ។

មាន​កាយវិការ​យឺតៗ ដោយសារ​តែ​វ័យចំណាស់ លោកមហាធៀរ​នៅ​មាន​សុខភាព​ល្អ​រឹងមាំ។ នៅចំពោះមុខ អ្នកកាសែត និង​អ្នកគាំទ្រ​គណបក្ស​របស់លោក គឺ​គណបក្ស Homeland Fighters លោកមហាធៀរ មហាម៉ាត់​និយាយ​ថា លោក​នឹងមាន​សំណាងឈ្នះច្រើន នៅក្នុងការបោះឆ្នោតសភាលើកនេះ។ លោកមហាធៀរ​បាន​បញ្ចេញសំណើច​ផងដែរ នៅពេល​លឺ​ពាក្យ​ទាមទារ​ឲ្យ​ចូលនិវត្តន៍។

អតីត​នាយករដ្ឋមន្រ្តី លោកមហាធៀរ ដែល​ធ្លាប់​ដឹកនាំ​ធ្វើកំណែទម្រង់​នៅ​ម៉ាឡេស៊ី ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣ បានត្រលប់​មក​ប្រលូកចូល​នយោបាយ​វិញ នៅ​ឆ្នាំ ២០១៨ ដោយ​បាន​ពួតដៃ​ជាមួយ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីម មេដឹកនាំ​បក្សប្រឆាំង​ដើម្បី​ទម្លាក់​រដ្ឋាភិបាលរបស់​លោក ណាហ្ស៊ីប រ៉ាហ្សាក់ ដែលរួបរឹតដោយសំណុំរឿងពុករលួយ។

ជាប់ឈ្មោះ ក្នុង​កំណត់ត្រាពិភពលោក Guinness World Record ក្នុងនាមជា នាយករដ្ឋមន្រ្តី​ដ៏​ចាស់ជាងគេ​នៅក្នុងពិភពលោក នៅ​ពេល​លោកឈ្នះឆ្នោត និង​ចូលកាន់តំណែង នៅឆ្នាំ ២០១៨ លោក​មហាធៀរ មហាម៉ាត់ បាន​ប្រកាស​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅ​ឆ្នាំ ២០២០។

ដោយសារ​ការប្រកាស​ចុះចេញ​ពីតំណែង​នាយករដ្ឋមន្រ្តី របស់​លោកមហាធៀរ មហាម៉ាត់ ម៉ាឡេស៊ី​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ។ ក្នុងរយៈពេល​២ឆ្នាំ​មកនេះ ម៉ាឡេស៊ី​បាន​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ដល់​ទៅ​៣ដង។ ស្ថិតក្រោមសម្ពាធរបស់​គណបក្ស លោកនាយករដ្ឋមន្រ្តី អ៊ីស្មាអែល សាប៊្រី យ៉ាកុប​បាន​ប្រកាស​រំលាយសភា នៅ​ខែតុលា ដើម្បី​រៀបចំ​ការបោះឆ្នោត​មុនកាលកំណត់ នៅថ្ងៃទី ១៩​វិច្ឆិកា នៅពេល​ការបោះឆ្នោតផ្លូវការ​ត្រូវគ្រោង​ធ្វើ​ នៅ​ខែ​កញ្ញា ឆ្នាំ ២០២៣។

ការស្ទង់មតិ​បានបង្ហាញ​សំឡេងគាំទ្រ​ប្រកៀកប្រកិតគ្នា​រវាង​គណបក្ស​នយោបាយ​ធំៗចំនួន ៤ នៅក្នុងការបោះឆ្នោតសភាលើកនេះ ដែលនៅក្នុងនោះ នាំមុខ​ដោយ​គណបក្ស​របស់​នាយករដ្ឋមន្ត្រី សព្វថ្ងៃ គណបក្សប្រឆាំង​របស់​អ៉ាន់វ៉ា អ៊ីប្រាហ៊ីម និង​គណបក្ស​របស់​លោកមហាធៀរ មហាម៉ាត់។ នៅពេល​លោក​មហាធៀរ​មានឱកាសឈ្នះឆ្នោត ដើម្បី បាន​អាសនៈ ​នៅសភា អ្នកវិភាគ​មួយចំនួនវាយតម្លៃថា លោក​មហាធៀរ មានសំណាងស្តួចស្តើង ដើម្បី​ត្រលប់​មក​ចូលកាន់​តំណែងនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ជាលើកទី ៣។ នៅ​ម៉ាឡេស៊ី ជាទីដែល​យុវជន ជាចំនួន​ភាគច្រើន នៅក្នុង​ចំណោម​អ្នកចុះឈ្មោះ ថ្មី ៦លាននាក់ ក្នុងចំណោម​អ្នកបោះឆ្នោត​សរុប ២១លាននាក់ លោកមហាធៀរ ជា​អ្នកនយោបាយជាន់​ចាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ