អានតួអត្ថបទ

ក្រោយបិទបញ្ចប់សមាជបក្សកម្មុយនិស្ត ចិនប្រកាសពីកំណើនសេដ្ឋកិច្ចងើបឡើងវិញនៅត្រីមាសទី៣

នៅ​ក្នុង​ប្រទេស​ចិន ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ហាក់​មាន​ភាព​ប្រសើរ​ជាង​ការ​រំពឹង​ទុក​របស់​ក្រុម​អ្នកវិភាគ។ តាម​ទិន្នន័យ​ផ្សព្វផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ក្នុង​ថ្ងៃ​ចន្ទ ទី២៤ តុលា ចិន​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា ៣,៩% សម្រាប់​តីមាសទី៣ ក្រោយ​ពី​មាន​ការ​ធ្លាក់​ចុះ​ចំនួន ២,៦% នៅ​ត្រីមាសទី២។ គួរ​បញ្ជាក់​ថា​តាម​ធម្មតា ចិន​ត្រូវ​ផ្សព្វផ្សាយ​តួលេខ​កំណើន​សេដ្ឋកិច្ច​ត្រីមាសទី៣ តាំង​ពី​ថ្ងៃ​អង្គារ ទី១៨ តុលា​មុន​ម្ល៉េះ។

ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង។
ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង។ © NOEL CELIS / AFP
ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​រង់ចាំ​ការ​បិទបញ្ចប់​សមាជ​បក្សកុម្មុយនិស្ត​លើកទី២០ និង​ការ​ឡើង​កាន់​អំណាច​អាណត្តិ​ថ្មី​ជា​អគ្គលេខាធិការ​គណបក្ស​របស់​លោក​ស៊ី ជីនពីង​ទើប​រដ្ឋាភិបាល​ផ្សព្វផ្សាយ​តួលេខ​ស្តីពី​កំណើន​សេដ្ឋកិច្ច​សម្រាប់​ត្រីមាសទី៣។ កំណើន​សេដ្ឋកិច្ច​ចិន​ក្នុង​ត្រីមាសទី៣ បាន​ស្ទុះ​ឡើង​ដល់​ទៅ ៣,៩% ពោល​ខុស​ពី​ការ​ព្យាករណ៍​ទុក​របស់​ក្រុម​អ្នក​ជំនាញ​ទាំង ១២នាក់​ដែល​ថា​មាន​ត្រឹម​តែ ២,៥%។ ការ​ព្យាករណ៍​ក្នុង​អត្រា ២,៥% ដោយ​ក្រុម​អ្នកជំនាញ​យល់​ថា ចិន​បន្ត​អនុវត្តន៍​នយោបាយ​សូន្យកូវីដដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច។

គួរ​បញ្ជាក់​ថា រវាង​ត្រីមាស​ទី១ ត្រីមាសទី២ និង​ត្រីមាសទី៣ ចិន​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​ខុស​គ្នា​ឆ្ងាយ។ នៅ​ត្រីមាសទី ១ កំណើន​សេដ្ឋកិច្ច​ដែល​ចិន​ទទួល​បាន​មាន​ដល់​ទៅ ៤,៨%។ តែ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ត្រីមាស​ទី២ ដោយ​ទទួល​បាន​ត្រឹម​តែ ០,៤%។ ឥឡូវ​នេះ​នៅ​ត្រីមាសទី៣ កំណើន​សេដ្ឋកិច្ច​បាន​ងើប​ឡើង​វិញ​ក្នុង​អត្រា ៣,៩%។ « ចាប់​ពី​ពេល​នេះ​ត​ទៅ សេដ្ឋកិច្ច​ចិន​បាន​ស្គាល់​សញ្ញា​ងើប​ឡើង​វិញ​ហើយ » នេះ​ជា​ការ​ថ្លែង​សាទរ​របស់​អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​នៃ​ការិយាល័យ​ស្ថិតិ។ ក្រៅ​ពី​តួលេខ​ស្តីពី​កំណើន​សេដ្ឋកិច្ច ចិន​ក៏​បាន​ប្រាប់​ពី​តួលេខ​ស្តីពី​អ្នក​អត់​ការងារ​ធ្វើ​ដែរ។

ក្នុង​ខែ​កញ្ញា ចំនួន​អ្នក​អត់​ការងារ​ធ្វើ​មាន ៥,៥% ពោល​ច្រើន​ជាង​កាល​ពី​ខែ​សីហា​ដែល​មាន​ត្រឹម ៥,៣%។ តែ​តួលេខ​នេះ​នៅ​មិន​ពេញលេញ​ទេ ព្រោះ​គេ​បាន​រាប់​តែ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ ពោល​មិន​បាន​រាប់​បញ្ចូល​អ្នក​អត់​ការងារ​ធ្វើ​នៅ​តាម​ទីជនបទ​ដាច់ស្រយាល​ឡើយ។ គួរ​បញ្ជាក់​ថា ចិន​បាន​កំណត់​គោលដៅ​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា ៥,៥% សម្រាប់​ឆ្នាំ ២០២២។ តែ​ក្រុម​អ្នកវិភាគ​គិត​ថា​មិន​អាច​សម្រេច​បាន​ទេ។ ចំណែក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករ​ត្រឹម ៣,២% ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ