អានតួអត្ថបទ
សមាជិបក្សកុម្មុយនិស្តិចិន

ចិនលើកថ្ងៃចេញផ្សាយរបាយការណ៍ស្តីពីកំណើនសេដ្ឋកិច្ច ដោយគ្មាន​បញ្ជាក់មូលហេតុ

ចិន​បាន​ធ្វើ​ឲ្យគេ​ភ្ញាក់ផ្អើល នៅ​ពេល​សម្រេច​មិន​បញ្ចេញ​តួលេខ​ស្តីពីកំណើនសេដ្ឋកិច្ច​ប្រចាំត្រីមាស ទី ៣ ទៅតាមកាលកំណត់ ដែលត្រូវ​ធ្វើ នៅថ្ងៃអង្គារទី ១៨ តុលា។ នៅថ្ងៃ​ចន្ទ ការិយាល័យ​ស្ថិតិជាតិ​របស់​ចិន NBS បាន​ប្រកាស​ថា ការចេញផ្សារយ​តួលេខ​ស្តីពីកំណើនសេដ្ឋកិច្ចចិន​នឹង​ត្រូវ​លើកពេល ដោយគ្មាន​បញ្ជាក់មូលហេតុ។ ការប្រកាស​លើកពេលចេញផ្សាយ​របាយការណ៍​ស្តីពីកំណើនសេដ្ឋកិច្ច​ចិន ធ្វើឡើង​នៅក្នុងកាលៈទេសៈ​ដែល​សមាជបក្ស​កុម្មុយនិស្ត​ចិន​កំពុង​ត្រៀម​បើកផ្លូវ​ឲ្យ​លោក​ស៊ី ជីនពីង ចូល​កាន់តំណែង សម្រាប់​អាណត្តិ​ទី​៣ នៅ​ចុងសប្តាហ៍នេះ។

ឥស្សរជននយោបាយ​ជាន់ខ្ពស់​របស់​ការិយាល័យនយោបាយ​របស់​បក្ស​កុម្មុយនិស្ត​ចិន នៅក្នុង​សមាជបក្ស លើកទី ២០ នៅថ្ងៃទី ១៦​តុលា ២០២២
ឥស្សរជននយោបាយ​ជាន់ខ្ពស់​របស់​ការិយាល័យនយោបាយ​របស់​បក្ស​កុម្មុយនិស្ត​ចិន នៅក្នុង​សមាជបក្ស លើកទី ២០ នៅថ្ងៃទី ១៦​តុលា ២០២២ AP - Li Xueren
ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​ស្ថិតិជាតិ​ចិន​បាន​ប្រកាស​លើកពេល ចេញផ្សាយ​តួលេខ​កំណើន​សេដ្ឋកិច្ច នៅ​ត្រីមាស​ទី៣ នៅ​ក្នុង​ខណៈពេល ដែល​អ្នកជំនាញ​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ចិន ពីខែ កក្កដា​ដល់​ខែ កញ្ញាឆ្នាំ នេះ មាន​កម្រិត​ទាប​បំផុត មិនធ្លាប់មាន គិត​ចាប់តាំង​ពីឆ្នាំ ២០២០។

នៅត្រីមាសទី ១ ចិន​មាន​កំណើន​សេដ្ឋកិច្ច ប្រមាណ ៤,៨% ប៉ុន្តែ កំណើនសេដ្ឋកិច្ច​បាន​ធ្លាក់ចុះ មក​នៅត្រឹម ០,៤% នៅត្រីមាស​ទី២។ អ្នកជំនាញ​ធ្លាប់រំពឹងថា កំណើនសេដ្ឋកិច្ចចិន​សម្រាប់​ត្រីមាស​ទី ៣​នឹង​អាច​ធ្លាក់​ចុះ អាក្រក់បំផុត ដែលចិន​មិនធ្លាប់​ជួបប្រទះ នៅក្នុង​រយៈពេល ៤ទសវត្សរ៍​មក​នេះ។

ការិយាល័យ​ស្ថិតិ ជាតិ​ចិន​ប្រកាស​លើកពេល មិន​ចេញ​ផ្សាយ​តួលេខ​មិនល្អ​ស្តីពី​កំណើនសេដ្ឋកិច្ចចិន នៅចំពេល​ដែលចិន​កំពុងធ្វើ​សមាជបក្ស​កុម្មុយនិស្ត បើកផ្លូវ​ឲ្យ​លោក​ស៊ី ជីនពីង កាន់អំណាច មួយ​អាណត្តិ​បន្តទៀត។ នៅថ្ងៃសុក្រទី ១៤​តុលា ការិយាល័យស្ថិតិជាតិចិន​ធ្លាប់​បាន​ប្រកាស​ផ្អាក ការចេញផ្សាយ​តួលេខពាណិជ្ជកម្ម​ចិន​សម្រាប់ខែ​កញ្ញា។

សេដ្ឋកិច្ចវិទូ​មកពី​Natixis លោកស្រី Alicia Garcia Herrero​ វិញ យល់​ថា ការដែល​ការិយាល័យ​ស្ថិតិជាតិ​ចិន មិន​ចេញផ្សាយ មិនមែន​មានន័យ​តួលេខ​កំណើន​សេដ្ឋកិច្ច​មិន​ល្អនោះទេ ប៉ុន្តែ វា​អាច​ជា​សញ្ញា​ដែល​ថា នៅ​ក្នុង​អំឡុង​ពេល​ដែល​បក្ស​កុម្មុយនិស្ត​កំពុង​បើកសមាជ អាជ្ញាធរ​មិនត្រូវ​ចេញផ្សាយ អ្វី​ដែល​នឹងអាចបង្ក​ការមន្ទិលសង្ស័យ រំខានដល់​ដំណើរការជ្រើសតាំង​លោក​ស៊ី ជីនពីងជាប្រធានាធិបតីចិន សម្រាប់​អាណតិ្តទី៣។

នៅ​ក្នុង​ពិធីបើក​សមាជ​បក្ស កាល​ពី​ថ្ងៃ​អាទិត្យ លោក​ប្រធានាធិបតី​ស៊ី ជីនពីង​បាន​ឡើង​និយាយ​ការពារ​នយោបាយ កូវីដសូន្យ​នៅប្រទេស​ចិន នោះបើទោះបីជាមានការរិះគន់​ថា នយោបាយ​កូវីដ​សូន្យ បាន​ប៉ះពាល់ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច តាមរយៈ​ការបិទខ្ទប់ ទីក្រុង បិទ​រោងចក្រ ក្រុមហ៊ុន ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ។ នយោបាយ​កូវីដ សូន្យ កំពុង​ដាក់សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ចិន ដែល​កំពុង​ជួប​ការលំបាក ដោយសារ ការផ្ទុះ​វិបត្តិ​អចលនទ្រព្យ។

ប៉េកាំង​ធ្លាប់​បាន​ដៅ​ចង់បាន​កំណើន​សេដ្ឋកិច្ច ៥,៥% សម្រាប់​ឆ្នាំ ២០២២ ប៉ុន្តែ សម្រាប់​អ្នកជំនាញ ចិន​ទំនង​មិនអាច​សម្រេច​តាមគោលដៅ​របស់ខ្លួន។ នៅសប្តាហ៍មុន មូលនិធិរូបិយវត្ថុអន្តរជាតិ​បានទម្លាក់ការព្យាករ​កំណើនសេដ្ឋកិច្ច​របស់ចិន នៅត្រឹម ៣,៣%​នៅឆ្នាំនេះ។

លោក Zhao Chenxin មន្រ្តីជាន់ខ្ពស់​របស់​គណៈកម្មការ​ទទួលបន្ទុក​កំណែទម្រង់ និង​ការអភិវឌ្ឍជាតិ បាន​និយាយ​ប្រាប់​អ្នកកាសែត​កាលពីថ្ងៃ​ចន្ទ​ថា កំណើន​សេដ្ឋកិច្ចរបស់​ចិន​នៅ​ត្រីមាស​ទី ៣ នៅ​តែ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់ និង​ថា គិតជាទូទៅ សេដ្ឋកិច្ច​របស់​ចិន នៅល្អ​ត្រដែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ