អានតួអត្ថបទ
សិង្ហបុរី-អ្នកស្រលាញ់ភេទដូចគ្នា

សិង្ហបុរី គ្រោង​លុប​ចោល​ច្បាប់​ហាមឃាត់​ការ​ស្រលាញ់​ភេទ​ដូច​គ្នា

លោក លី សៀនឡុង នាយករដ្ឋមន្ត្រី​សិង្ហបុរី បាន​ប្រកាស​នៅថ្ងៃ​អាទិត្យ​ទី ២១​សីហា ២០២២ ថា​ រដ្ឋាភិបាល​គ្រោង​នឹង​រំលាយ​ចោល​ច្បាប់​ ដ៏​ចាស់​គំរិល ដែល​ហាមឃាត់​និង​ដាក់​ទោស​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា នៅក្នុង​ពេល​ដ៏​ឆាប់ៗ​ខាង​មុខ​នេះ។ ផ្ទុយ​ពី​ឥណ្ឌា​និង​តៃវ៉ាន់ សិង្ហបុរី​ធ្លាប់​សាកល្បង​លុប​ច្បាប់នេះ​ជា​ច្រើន​លើក​ហើយ​តែ​មិន​បាន​សម្រេច។

អាពាហ៍ពិពាហ៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា នៅ​តៃវ៉ាន់
អាពាហ៍ពិពាហ៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា នៅ​តៃវ៉ាន់ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

“រដ្ឋាភិបាល​សិង្ហបុរី នឹង​រំលាយ​ច្បាប់​ ហើយ​នឹង​មិន​យក​ទោស​អ្នក​ដែល​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​រវាង​បុរសនិង​បុរស​ដូចគ្នា​ទេ”។ វា​ជា​ការ​ល្អដែល​គួរ​ធ្វើ និង​ដែល​ប្រជាពលរដ្ឋ​សិង្ហបុរី​ភាគ​ច្រើន​ព្រម​ទទួល​យក​បាន​ហើយ។ នេះ​ជាប្រសាសន៍​របស់​លោកនាយករដ្ឋមន្ត្រី​នៅក្នុង​សុន្ទរកថា​នយោបាយ​ នាថ្ងៃ​អាទិត្យ​ទី ២១​សីហា​​ ដោយ​បញ្ជាក់​ថា រំលាយ​ច្បាប់​ គឺ​ជា​ការ​​​វិវឌ្ឍដែល​ស្រប​​ទៅ​នឹង​​សង្គម និង​ការ​គិត​របស់​មនុស្ស។ អ្នក​​ស្រលាញ់​ភេទ​ដូចគ្នា​ចូល​ក្នុង​សង្គម​ប្រសើរ​ជាង​មុនច្រើន។

បើ​តាម​លោក​នាយករដ្ឋមន្ត្រី ស្ថានការណ៍​បាន​ប្តូរ​ផ្លាស់ច្រើន បើ​ប្រៀប​ទៅ​ឆ្នាំ​២០០៧ ដែល​អាជ្ញាធរ​សិង្ហបុរី បាន​សម្រេច​ចិត្ត​រក្សា​ទុក​ច្បាប់​ហាមឃាត់​ការ​ស្រលាញ់​ភេទ​ដូចគ្នាសិន និង​មិន​ទាន់អាច​អនុវត្ត​បាន​។

ដឹង​ថាប្រជាជន​សិង្ហបុរី​ភាគ​ច្រើន​ខ្លាចការ​លុប​ច្បាប់​ទៅ​អាច​ធ្វើ​ឱ្យ​មាន​ការ​ប្តូរផ្លាស់​សង្គម​សិង្ហបុរី ​លោក​នាយករដ្ឋមន្ត្រី​បាន​សន្យា​ថា ទោះ​បី​ជា​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​​អនុគ្រោះ​ដល់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​មែន ប៉ុន្តែ​លោក​​នឹង​បន្ត​ការពារ​ច្បាប់​អាពាហ៍ពិពាហ៍​ តាម​និយមន័យ​ដើម គឺ​ធ្វើ​ឡើង រវាង​ស្ត្រីម្នាក់​ និង​បុរសម្នាក់។

សូម​បញ្ជាក់​ថា​ សិង្ហបុរី​មាន​ច្បាប់​ហាមឃាត់​សកម្មភាព​ស្រលាញ់​ភេទ​ដូច​គ្នា មាត្រា​៣៧៧A នៃក្រមព្រហ្មទណ្ឌ ជាមរតក​បន្សល់​ទុក​តាំង​ពី​សម័យ​ក្រោម​អាណានិគមនិយម​អង់គ្លេស​មក ដោយ​គ្រោង​ដាក់​ទោស​ធ្ងន់​បំផុត​ ដល់​ទៅ ២ឆ្នាំ​លើបុរស​ណា​ដែល​រួម​រក្សជាមួយ​បុរសភេទ​ដូច​គ្នា។ ច្បាប់​មាន​ចែងជា​លាយ​លក្ខណ៍​អក្សរមែន តែ​​ពុំ​មាន​​​ការ​អនុវត្តជាក់​ស្តែង​ទេ។ ប៉ុន្តែ​ក្រុម​អ្នក​ការពារ​សិទ្ធមនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​ មាន​អារម្មណ៍​ថា​ប៉ះពាល់​ដល់​សេរីភាព​របស់​ពួកគេ និង​មិន​សក្តិសម​សម្រាប់​ប្រទេស​ដែល​មាន​វប្បធម៌​ជឿន​លឿន​និ​ង​រស់​រវើក​ដូច​សិង្ហបុរី​នេះទេ។

សេចក្តី​ប្រកាស​របស់​លោក លី សៀនឡុង ជា​ការ​បោះជំហាន​ថ្មី​ដំបូង លើ​វិថី​ដ៏​វែង​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​សមភាព​ពេញលេញ​របស់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។ សម្ព័ន្ធសាសនា​វិហារ​ប្រូតេស្តង់​នៅសិង្ហបុរី បាន​ព្រមាន​​ប្រឆាំង​នឹងការ​លុប​ច្បាប់នេះ​​រួច​ហើយ​កាលពី​ថ្ងៃ​សុក្រ។ សិង្ហបុរី​ធ្លាប់​បាន​ប៉ុនប៉ង​លុប​ច្បាប់​នេះ​ កាលពី​ឆ្នាំ​២០១៤ តែ​ត្រូវ​បា​នតុលាការ​ច្រាន​ចោល។ ឥណ្ឌា​ដែល​មាន​មរតក​ច្បាប់​សល់​ពី​អាណានិគមនិយម​អង់គ្លេសដូច​សិង្ហបុរី​​ដែរ បាន​លុប​ច្បាប់​នេះ​ចោល​កាលពី​ឆ្នាំ​២០១៨។ នៅអាស៊ី តៃវ៉ាន់​​ទទួល​ស្គាល់ និងអនុញ្ញាតឱ្យ​​អ្នក​ស្រលាញ់​ភេទ​គ្នា​រៀប​អាពាហ៍ពិពាហ៍ដោយស្រប​ច្បាប់ មុនគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ