អានតួអត្ថបទ
បង់ក្លាដែស-រ៉ូហ៊ីងយ៉ា

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាមទារការកាពារសន្តិសុខ ខណៈប្រមុខសិទ្ធិមនុស្ស អ.ស.ប. ធ្វើទស្សនកិច្ចនៅបង់ក្លាដែស

កាលពីថ្ងៃអង្គារនេះ ជនជាតិរ៉ូហ៊ីងយ៉ាដែលបានភៀសខ្លួន ទៅរស់នៅក្នុងជំរំនៅប្រទេសបង់ក្លាដែស បានធ្វើការអង្វរអំពាវនាវដល់ ​ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី មីស្ហែល បាស្ហឺឡេ ដើម្បីទទួលបានការការពារ ពីឃាតកម្ម ដែលបានកើតឡើងនៅក្នុងជំរំពួកគេ ក្នុងពេលថ្មីៗនេះ។ លោកស្រី បាស្ហឺឡេ ឥឡូវនេះកំពុង​បំពេញ​ទស្សនកិច្ចការងារ​រយៈពេល​បួន​ថ្ងៃ ​នៅ​ប្រទេស​បង់ក្លាដែស​ មុន​ពេលដែលអាណត្តិ​ការងាររបស់​លោកស្រីនៅ​អង្គការសហប្រជាជាតិ ​​ត្រូវ​បញ្ចប់​នៅ​ចុងខែសីហា​នេះ។

ជាតិភាគតិច រ៉ូហ៊ីងយ៉ាជិតមួយលាននាក់ បានភៀសខ្លួនចេញពីប្រទេសភូមាមកតាំងទីលំនៅ នៅជំរំជនភៀសខ្លួន នៅបង់ក្លាដែស
ជាតិភាគតិច រ៉ូហ៊ីងយ៉ាជិតមួយលាននាក់ បានភៀសខ្លួនចេញពីប្រទេសភូមាមកតាំងទីលំនៅ នៅជំរំជនភៀសខ្លួន នៅបង់ក្លាដែស AFP/File
ផ្សាយពាណិជ្ជកម្ម

លោកស្រី មីស្ហែល បាស្ហឺឡេ បានចំណាយពេលពេញមួយថ្ងៃ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងជួបជាមួយជនជាតិភាគតិច រ៉ូហ៊ីងយ៉ាជិតមួយលាននាក់ ដែលបានភៀសខ្លួនចេញពីការធ្វើទុក្ខបុកម្នេញ​ នៅក្នុងប្រទេសភូមា ហើយបានមកតាំងទីលំនៅ នៅជំរំជនភៀសខ្លួន នៅព្រំដែនប្រទេស​បង់ក្លាដែស។

សមាជិកជនជាតិភាគតិចនេះ កំពុង់រស់នៅប្រកបដោយភាពភ័យខ្លាចសារជាថ្មីម្តងទៀត ចំពោះសុវត្ថិភាពអាយុជីវិតរបស់ពួកគេ បន្ទាប់ពីប្រធានសហគមន៍រ៉ូហ៊ីងយ៉ា ពីរនាក់ត្រូវបានគេបាញ់សម្លាប់ កាលពីដើមខែសីហានេះ។

សូមបញ្ចាក់ថា អ្នករស់នៅភាគច្រើនក្នុងជំរំនេះ គឺជាជនជាតិភាគតិចឥស្លាម ដែលបានភៀសខ្លួនចេញពីប្រទេសភូមានៅក្នុងឆ្នាំ ២០១៧ ក្រោយមានការបង្ក្រាបដោយក្រុមយោធាភូមា។

យោងតាមអ្នកដឹកនាំសាសនាឥស្លាមម្នាក់ ដែលបានរាយការណ៍តាមទូរស័ព្ទ​ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ប្រជាជននៅក្នុងជំរំ បានលើកអំពីបញ្ហាឃាតកម្មនេះឡើង ក៏ដូចជាវិធីសាស្រ្តក្នុងការពង្រឹងសន្តិសុខសុវត្តិភាពនៅក្នុងជំរុំ ជាមួយលោកស្រី ឧត្តមស្នងការផងដែរ។ ក្រុមជនជាតិភាគតិចនេះ ជាពិសេសក៏បានសង្កត់ធ្ងន់ ទាមទារ អោយមានការជ្រោមជ្រែង ពីសំណាក់អង្គការសហប្រជាជាតិដើម្បីទទួលបាននូវការធានាសុខសន្តិភាព នៅទីលំនៅជាបណ្តោះអាសន្នរបស់ពួកគេនេះ។

ការពិតបញ្ហាសន្តិសុខនៅក្នុងជំរុំនេះ គឺមិនមែនជាបញ្ហាថ្មីឡើយ រឿងឃាតកម្ម ការចាប់ជំរិត និងការជួញដូរគ្រឿងញៀនត្រូវបានកើតឡើងជាប្រចាំ។​ ជាក់ស្តែងកាលពីខែកញ្ញាឆ្នាំមុននេះ មេដឹកនាំកំពូលរបស់ជនជាតិរ៉ូហ៊ីងយ៉ាដែលបាន ធើ្វបទបង្ហាញក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ត្រូវបានគេធ្វើឃាត ហើយបន្ទាប់មកសិស្ស និងគ្រូបង្រៀនជនជាតិរ៉ូហ៊ីងយ៉ា ប្រាំមួយនាក់ទៀតក៏ត្រូវបានគេសម្លាប់ នៅឯសាលាសាសនា ឥស្លាមមួយ។

ការសម្លាប់ទាំងអស់រហូតមកដល់ពេលនេះ ត្រូវបានគេសង្ស័យថាជាទង្វើរបស់ ក្រុមបះបោរប្រដាប់អាវុធ អារ៉ាកាន់ ដែរធ្លាប់ត្រូវបានការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងបទសម្លាប់គូប្រជែងនយោបាយ។

យ៉ាងណាមិញ ស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់បង់ក្លាដែស បានបញ្ជាក់ប្រាប់លោកស្រី ​ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា រដ្ឋាភិបាលបង់ក្លាដែសបានចាត់វិធានការគ្រប់ប្រភេទរួចមកហើយ ដើម្បីកែលម្អស្ថានភាពសន្តិសុខនៅក្នុងជំរំនេះ ​ហើយលោកក៏បានលើកឡើងផងដែល អំពីគំរោងរបស់រដ្ឋាភិបាល ក្នុងការបង្កើនកម្រិតនៃការសិក្សាជាបណ្តើរៗ សម្រាប់កុមារជនភៀសខ្លួនទាំងអស់ នៅក្នុងជំរំនេះ។

លោកស្រី មីស្ហែល បាស្ហឺឡេ នឹងត្រូវធ្វើសេចក្តី​ថ្លែង​ការណ៍តាម ប្រព័ន្ធផ្សព្វផ្សាយក្នុងរដ្ឋធានី Dhaka នៅថ្ងៃពុធនេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ