អានតួអត្ថបទ
បង់ក្លាដែស-រ៉ូហ៊ីងយ៉ា-សិទ្ធិមនុស្ស

លោកស្រី​​ឧត្តម​ស្នងការ​​សិទ្ធិមនុស្ស​ ទៅ​​បង់ក្លាដែស ដើម្បី​ពិនិត្យ​​ស្ថានភាព​ជំរំ​ជនភៀសខ្លួន​​រ៉ូហ៊ីងយ៉ា

លោកស្រី មីឈែល បាឆឺឡេ ឧត្តមស្នងការទទួលបន្ទុក​កិច្ចការសិទ្ធិមនុស្ស នៃអង្គការ​សហប្រជាជាតិ បានទៅ​ដល់​ប្រទេសបង់ក្លាដែស នៅថ្ងៃអាទិត្យទី១៤សីហា​។ នៅក្នុងដំណើរ​ធ្វើទស្សនកិច្ច​៤​ថ្ងៃនេះ លោកស្រីនឹងធ្វើដំណើរ ទៅពិនិត្យ​ស្ថានភាព​នៅ​ឯ​ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលស្ថិតនៅ​​ភាគ​ខាង​កើត​បង់ក្លាដែស​ មិនឆ្ងាយ​ប៉ុន្មានពីព្រំដែនភូមា។

កុមាររ៉ូហ៊ីងយ៉ា កំពុងដើរឆ្លងទឺកជំនន់ដែលជន់លិចក្នុងជំរំ Kutupalong ថ្ងៃទី ២៨កក្កដា ២០២១
កុមាររ៉ូហ៊ីងយ៉ា កំពុងដើរឆ្លងទឺកជំនន់ដែលជន់លិចក្នុងជំរំ Kutupalong ថ្ងៃទី ២៨កក្កដា ២០២១ AP - Shafiqur Rahman
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោចណាស់ មានជនជាតិរ៉ូហ៊ីងយ៉ា ចំនួន​ជិត១លាននាក់ ដែលបានរត់គេចពីការកាប់​សម្លាប់​នៅភូមា​កាលពីឆ្នាំ​២០១៧ ហើយបច្ចុប្បន្ន រស់​នៅ​ក្នុង​​លក្ខខណ្ឌ​យ៉ាង​លំបាកលំបិន​​បំផុត នៅ​ក្នុង​ជំរំ​ភាគខាងកើតប្រទេស​បង់ក្លាដែស។​​ កាលពីខែកក្កដាកន្លងទៅ ស្ថាប័នយុត្តិធម៌កំពូល នៃអង្គការសហប្រជាជាតិ បានទទួលស្គាល់ថា គឺប្រទេសភូមាដែលជាអ្នកទទួលខុសត្រូវ ចំពោះអំពើប្រល័យពូជសាសន៍ ធ្វើទៅលើ​ប្រជាជនរ៉ូហ៊ីងយ៉ា។

គួរបញ្ជាក់ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានបដិសេធ មិនព្រមត្រលប់ទៅភូមាវិញទេ ល្គឹកណាមិនមានការធានាជាក់ច្បាស់ណាមួយ ថារបបសិកភូមា នឹងមិនកាប់សម្លាប់ពួកគេសាជាថ្មី។ តែយ៉ាងណាបញ្ហារ៉ាំរ៉ៃ នៃជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅលើទឹកដី​បង់ក្លាដែសនេះ កំពុងតែធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រទេសនេះ អន្ទះសារចង់ឲ្យ​វាចប់ឆាប់ៗ។

ទៅដល់រដ្ឋធានីដាកា និងជួបជាមួយ​លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស នៅថ្ងៃអាទិត្យ លោកស្រី​មីឈែល បាឆឺឡេ ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នឹងធ្វើដំណើរទៅជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅថ្ងៃចន្ទ។

គួរបញ្ជាក់ថា រដ្ឋាភិបាលបង់ក្លាដែស ដឹកនាំដោយលោកស្រី  Sheikh Hasina ក៏បានរងការរិះគន់ពីសហគមអន្តរជាតិ ព្រមទាំង​អង្គការសិទ្ធិមនុស្សនានាដែរ ថាមិនគោរពសិទ្ធិមនុស្ស។ ​អង្គការ​សិទ្ធិមនុស្ស​ចំនួន៩ ដែលក្នុងនោះមាន​ Human Rights Watch បានរួមគ្នាអំពាវនាវ ឲ្យលោកស្រីមីឈែល បាឆឺឡេ ត្រូវតែ​ថ្លែងការណ៍ជាសាធារណៈ ប្រាប់ទៅ រដ្ឋាភិបាល​បង់ក្លាដែស ថាត្រូវតែបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពរំលោភបំពាននានា ដូចជា​ការប្រហារជីវិតមនុស្ស​ក្រៅប្រព័ន្ធច្បាប់ ការធ្វើទារុណកម្ម ព្រមទាំង​ការបាត់ខ្លួនដោយ​បង្ខំជាដើម។​

យោងតាម​ក្រុមសកម្មជននយោបាយ​បង់ក្លាដែស អាជ្ញាធរសន្តិសុខនៃរដ្ឋាភិបាល​របស់​លោកស្រី Sheikh Hasina បានសម្លាប់មនុស្សជាច្រើនពាន់នាក់ នៅក្នុងករណីបាញ់រះជាច្រើន​ដង ចំណែកសកម្មជននយោបាយ​ប្រឆាំងជាច្រើនរយនាក់ទៀត បាន​បាត់ខ្លួន​។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលបងក្លាដែស បានបដិសេធការចោទប្រកាន់ នឹងបាន​លើកឡើងថា លោកស្រី​ឧត្តមស្នងការសិទ្ធិមនុស្ស នឹងបានមកឃើញនឹងភ្នែកជាក់ស្តែង ថាបង់ក្លាដែសបានអភិវឌ្ឍន៍​រីកចម្រើនកម្រិតណា និង​បាន​ឈានខ្ពស់ខ្លាំងក្នុង​ការគោរពសិទ្ធិមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ