អានតួអត្ថបទ
បង់ក្លាដែស-អ.ស.ប.

អ.ស.ប.៖ក្រោយគ្រោះទឹកជំនន់ មានកុមារបង់ក្លាដែសចំនួន ៣,៥លាននាក់កំពុងខ្វះទឹកស្អាតប្រើប្រាស់

មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​កុមារ​ហៅកាត់​យូនីសេហ្វ​បាន​ប្រកាស​ក្នុង​ថ្ងៃ​សុក្រ ទី២៤ មិថុនា​ថា មាន​កុមារ​បង់ក្លាដែស​ចំនួន ៣លាន ៥សែន​នាក់​កំពុង​ខ្វះ​ទឹកស្អាត​ប្រើប្រាស់។ កង្វះ​ទឹកស្អាតប្រើប្រាស់​បាន​កើត​មាន​ឡើង​នៅ​ក្រោយ​គ្រោះទឹកជំនន់​កាល​ពី​ពេល​ថ្មីៗ​នេះ។ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទឹកស្អាតប្រើប្រាស់​សម្រាប់​កុមារ​បង់ក្លាដែស​ទាំង ៣លាន ៥សែន​នាក់ អង្គការ​យូនីសេហ្វ​ត្រូវ​ការ​កញ្ចប់​ថវិកា​បន្ទាន់​ចំនួន ២លាន ៥សែន​ដុល្លារ។

អ.ស.ប.ថា មានកុមារបង់ក្លាដែសចំនួន ៣,៥លាននាក់កំពុងខ្វះទឹកស្អាតប្រើប្រាស់នៅ​ក្រោយគ្រោះ​ទឹកជំនន់។
អ.ស.ប.ថា មានកុមារបង់ក្លាដែសចំនួន ៣,៥លាននាក់កំពុងខ្វះទឹកស្អាតប្រើប្រាស់នៅ​ក្រោយគ្រោះ​ទឹកជំនន់។ AP - Mahmud Hossain Opu
ផ្សាយពាណិជ្ជកម្ម

លោក​ស្ហឹលដុន យែត (Sheldon Yett) អ្នកតំណាង​អង្គការ​យូនីសេហ្វ​នៅ​បង់ក្លាដែស​បាន​ថ្លែង​តាម​វីដេអូ​ទៅ​កាន់​ក្រុមអ្នកកាសែត​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស​ថា មាន​កុមារ​បង់ក្លាដែស​ចំនួន ៣លាន ៥សែន​នាក់​ត្រូវ​ការ​ជា​បន្ទាន់​នូវ​ទឹកស្អាត​ប្រើប្រាស់។ តាម​លោក​ស្ហឹលដុន យែត កង្វះ​ទឹកស្អាត​ប្រើប្រាស់​នេះ​បាន​កើត​មាន​នៅ​តំបន់​ប៉ែក​ឦសាន​ដែល​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​កាល​ពី​សប្តាហ៍​កន្លង​ទៅ ក្នុង​នោះ មាន ១២តំបន់​ធំៗ​បាន​លិច​ទឹក​ទាំងស្រុង កំពុង​ខ្វះ​ទឹកស្អាតប្រើប្រាស់ និង​កំពុង​ខ្វះ​ស្បៀង។ « កុមារ​ត្រូវ​ការ​ជំនួយ​ឥឡូវ​នេះ » នេះ​ជា​ការ​អំពាវនាវ​របស់​លោក​ស្ហឹលដុន យែត​ដោយ​បន្ថែម​ថា ជំងឺ​កើត​មាន​ភ្លាមៗ​នៅ​ពេល​ដែល​មនុស្ស​បង្ខំ​ចិត្ត​បរិភោគ​ទឹកកខ្វក់។

អ្នកតំណាង​អង្គការ​យូនីសេហ្វ​នៅ​បង់ក្លាដែស​រូប​នេះ​ដដែល​បាន​បញ្ជាក់​ថា មាន​ទីតាំង​ទឹកស្អាត​ជាង ៤០ ០០០កន្លែង និង​បង្គន់​ជិត ៥០ ០០០បង្គន់​ត្រូវ​បាន​បំផ្លាញ​ដោយ​ទឹកជំនន់។ តាម​លោក​ស្ហឹលដុន យែត ករណី​រាករូស និង​ជំងឺ​បណ្តាល​ឲ្យ​ស្លាប់​ផ្សេង​ទៀត​កំពុង​បន្ត​កើត​មាន​គួរ​ឲ្យ​បារម្ភ។ ក្រៅ​ពី​បំផ្លាញ​ទីតាំង​ទឹកស្អាត និង​បង្គន់​អនាម័យ គ្រោះទឹកជំនន់​ក៏​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​មន្ទីរពេទ្យ​អស់ ៩០% និង​បាន​ពន្លិច​សាលារៀន រួម​ទាំង​មណ្ឌលសិក្សា​ជាង ៥ ០០០កន្លែង​នៅ​តំបន់​ជុំវិញ​ទីក្រុង Sylhet ស្ថិត​ប៉ែក​ឦសាន។ នៅ​ពេល​នេះ អង្គការ​យូនីសេហ្វ​បាន​ចែកចាយ​ថ្នាំបន្សុត​ទឹក​ចំនួន ១,៧៥លានគ្រាប់ ប៊ីដុងទឹក​ចំនួន ៩ ០០០ប៊ីដុង និង​ឧបករណ៍​អនាម័យ​រាប់ពាន់​សម្រាប់ស្ត្រី និង​ក្មេងស្រី​ជំទង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ