អានតួអត្ថបទ
ចិន-វេទិកាសេដ្ឋកិច្ចពិភពលោក

លោកស៊ី​​ថា​​ការ​​ប្រឈម​​មុខ​​ដាក់​​គ្នា​​រវាង​​មហា​​អំណាច​​នាំ​​មក​​នូវ​​ផល​​វិបាក​​ធ្ងន់ធ្ងរ

ថ្លែង​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​តាម​អនឡាញ​ ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល​។ បន្ថែម​លើ​នេះ​ មេ​ដឹក​នាំ​ចិន​ក៏​បាន​ព្រមាន​ផង​ដែរ​ប្រឆាំង​នឹង​ការ​ប្រឈម​មុខគ្នា​រវាង​ប្រទេស​មហា​អំណាច​ធំៗ​ដែល​លោក​ថា​នឹង​នាំ​មក​នូវ​ផល​វិបាក​ធ្ងន់ធ្ងរ​ខ្លាំង​។

ប្រធានាធិបតីចិនលោកស៊ី ជីនពីង ក្នុងពេលថ្លែងទៅកាន់មេដឹកនាំពិភពលោកនៅឯវេទិកាសេដ្ឋកិច្ចក្នុងទីក្រុងដាវ៉ូសនាថ្ងៃចន្ទ ទី១៧ មករា ឆ្នាំ២០២២។
ប្រធានាធិបតីចិនលោកស៊ី ជីនពីង ក្នុងពេលថ្លែងទៅកាន់មេដឹកនាំពិភពលោកនៅឯវេទិកាសេដ្ឋកិច្ចក្នុងទីក្រុងដាវ៉ូសនាថ្ងៃចន្ទ ទី១៧ មករា ឆ្នាំ២០២២។ Fabrice COFFRINI AFP
ផ្សាយពាណិជ្ជកម្ម

ដោយសារ​តែការរាត្បាតនៃ​ជំងឺ​កូវីដ​​នៅមិនទាន់បង្ហាញសញ្ញាធូរស្រាលនៅឡើយ កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ត្រូវ​ប្រព្រឹត្ត​ធ្វើ​តាម​អនឡាញ​ជា​លើកទី​២​នាឆ្នាំ​ ២០២២​នេះ​។ សុន្ទរកថា​របស់​ប្រធានាធិបតី​ចិន​ក្នុង​វេទិកា​សេដ្ឋកិច្ច​នា​ថ្ងៃ​ចន្ទ ទី១៧​ មករា​ម្សិលមិញ​ដូចគ្នា​ភាគ​ច្រើន​ទៅ​នឹង​អ្វី​ដែល​លោក​បាន​ថ្លែង​កាល​ពី​ឆ្នាំ​ទៅ​មិញ​ដែរ​។

ក្រៅ​តែ​ពី​បាន​តាំង​ខ្លួនថា​ជា​អ្នក​ការពារ​គោលការណ៍​ពហុភាគីនិយម​ លោកស៊ី​ ជីងពីន​បាន​ថ្លែង​ជំរុញឲ្យ​ប្រទេស​នានា​ធ្វើការ​សហការគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល​ និង​ជៀស​វាង​ការ​បង្កើត​បក្ខពួក​ ការ​គំរាមកំហែង​បំភិតបំភ័យ​អ្នកដទៃ​ដែល​ធ្វើ​ឲ្យពិភព​លោក​ទាំងមូល​ជួប​គ្រោះ​ថ្នាក់​។ ទាក់ទិន​វិបត្តិកូវីដវិញ​ លោក​ប្រធានាធិបតីចិន​ធ្លាប់​បាន​និយាយ​ហើយដែរថា​ទំនុកចិត្តនិង​កិច្ចសហ​ប្រតិបត្តិការ​តំណាង​ឲ្យ​មធ្យោបាយ​ដ៏​ត្រឹម​ត្រូវ​តែ​មួយ​គត់​ដើម្បី​កម្ចាត់​ជំងឺ​កូវីដ១៩​។

ដោយ​មិន​និយាយ​ចោទប្រកាន់​ប្រទេស​ណាមួយ​ មេដឹកនាំចិន​ក៏បាន​ព្រមាន​ប្រឆាំង​ផង​ដែរ​នឹង​ការ​និយម​ជ្រុល​ផ្នែក​មនោគមវិជ្ជា​ និង​នយោបាយ​នៃ​បញ្ហា​សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​ ព្រម​ទាំង​បច្ចេកវិទ្យា​។ លោកស៊ីបាន​បន្ថែមថា​ប្រវត្តិសាស្ត្រ​បាន​បង្ហាញឲ្យគេឃើញ​ច្បាស់ម្តង​ហើយ​ម្តង​ទៀតថា​ការ​ប្រឈម​មុខ​ដាក់​គ្នា​មិន​អាច​ដោះស្រាយ​បញ្ហា​បានទេ​ តែ​វា​នាំ​មក​តែ​ផល​វិបាក​ធ្ងន់​ធ្ងរ​ប៉ុណ្ណោះ​។

ជាការ​គួរឲ្យកត់​សម្គាល់​ការ​អត្ថាធិប្បាយ​របស់​មេដឹកនាំចិន​ ធ្វើឡើង​ខណៈ​ដែល​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន ​មាន​ភាពតាន​តឹង​ខ្លាំងនឹងគ្នា​ជុំវិញ​បញ្ហាជា​ច្រើន​ដូចជា​អធិបតេយ្យភាពរបស់​តៃវ៉ាន់​ កម្មសិទ្ធិបញ្ញា​ ពាណិជ្ជកម្ម​ និង​បញ្ហាសិទ្ធិមនុស្ស​ជាដើម​។

ចិន​បាន​ចោទ​ប្រកាន់​អាមេរិក​ថា​បាន​លេង​នយោបាយ​បង្ខិតបង្ខំ​ និង​គំរាម​កំហែង​ផ្នែក​សេដ្ឋកិច្ច​។ ដោយឡែក​ ចិន​ខ្លួន​ឯង​ផ្ទាល់​វិញ​ក៏​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ថា​បាន​ធ្វើបាប​គំរាម​សម្លុត​លើប្រទេសតូចៗ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​កំពុង​មាន​ជម្លោះ​ទាមទារ​ទឹក​ដី​ជាមួយចិន​នៅឯ​សមុទ្រចិនខាងត្បូង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ