អានតួអត្ថបទ
ជប៉ុន-សេដ្ឋកិច្ច

ជប៉ុន សភា​អនុម័ត​កញ្ចប់​ថវិកា​បន្ថែម​ប្រឈម​នឹង​កូវីដ

សភា​ជប៉ុន​បាន​អនុម័ត​នៅថ្ងៃចន្ទទី ២០​ធ្នូ​២០២១​នេះ កញ្ចប់​ថវិកាជាតិ​​បន្ថែម​ ​​​ប្រចាំ​ឆ្នាំ​២០២១-២២ ក្នុង​កំរិត​ឯតទគ្គកម្ម។ តាមគម្រោង​ ថវិកា​មួយ​ភាគ​ធំ​ត្រូវ​យក​ទៅ​ចំណាយ​ក្នុង​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ជាតិ ក្រោយ​វិបត្តិ​កូវីដ១៩ ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន​ បាន​លើក​ឡើង​កាលពី​ខែមុន។

នាយករដ្ឋមន្ត្រី​ជប៉ុន និង​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ ក្នុង​សម័យ​ប្រជុំ​សភា​វិសាមញ្ញ
នាយករដ្ឋមន្ត្រី​ជប៉ុន និង​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ ក្នុង​សម័យ​ប្រជុំ​សភា​វិសាមញ្ញ © 路透社图片
ផ្សាយពាណិជ្ជកម្ម

កញ្ចប់​ថវិកា​ជាតិបន្ថែម​​ ​ទំហំ​​​ជិត ៣៦​ម៉ឺន​ពាន់​លាន​យ៉េន ឬ​ត្រូវ​ជា​ជាង​២៨២​ពាន់​លាន​អឺរ៉ូ ទើប​ត្រូវ​បាន​​សភាជប៉ុន ​អនុម័ត​ នៅ​ថ្ងៃ​ចន្ទ​ទី ២០​ធ្នូ ស្រប​តាម​ការ​ព្រមព្រៀង​​​របស់​រដ្ឋាភិបាល​ជប៉ុន​កាលពី​ខែ​មុន និង​បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​របស់​សភា​ជាន់​ទាប កាលពី​ថ្ងៃពុធទី​១៥​ធ្នូ២០២១។

តាម​គម្រោង​ ថវិកា​មួយ​ភាគ​ធំ នឹង​យក​ទៅបំប៉ន​​គម្រោង​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ជាតិដែល​ស្នើ​ឡើង​ដោយ​​​លោក​នាយករដ្ឋមន្ត្រី​ ហ្វូមីអូ គីស្ហ៊ីដា នៅ​ពេល​បាន​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ជប៉ុនភ្លាម។ នេះ​ជា​​​​​ផែនការផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ជាតិ​ជប៉ុន​ទី​បី តាំង​ពីផ្ទុះ​កូវីដ​១៩​មក និង​មាន​ទំហំ​ធំ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​កំណត់​ត្រាជប៉ុន​ទេ (៥៦ ០០០ពាន់​លាន​យ៉េន)។ ដោយសារ​កញ្ចប់​ថវិកា​បន្ថែម​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន​អាច​សម្រេច​វិធានការ​ដ៏​សំខាន់​មួយ​នៃ​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ គឺ​ការ​ចែក​កាដូ​ជា​ទឹក​ប្រាក់​ចំនួន ៧៨៤​អឺរ៉ូ​ដល់​គ្រប់​យុវជនយុវនារី​​ជប៉ុន​អាយុ​១៨​ឆ្នាំ​។

ថវិកា​មួយ​ផ្នែក​​ទៀត តម្លៃ​ជាង​១៤៥ពាន់​លាន​អឺរ៉ូ នឹងយក​ទៅ​ចំណាយ​លើ​​វិធានការ​ទប់​ស្កាត់​ការ​រាតត្បាត​របស់​កូវីដ​១៩ និង​សម្រាប់​ទ្រទ្រង់​ប្រព័ន្ធ​សុខាភិបាល​ជប៉ុន ដោយ​រាប់​ទាំង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ទីរ​ពេទ្យ​ផង។

ពន្លឿន​កម្មវិធី​ចាក់​ថ្នាំបង្ការ​ ដើម្បី​ឱ្យ​ពលរដ្ឋ​ជប៉ុន​ជិត​៧៨%​អាច​ទទួល​វ៉ាក់សាំង​បាន​ពីរ​ដូស និង​ការ​បញ្ជា​ទិញ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ ក៏​បាន​ទទួល​ចំណែក​ប្រមាណ​ជិត ១៥០០០លាន​ដុល្លារ ពី​​គម្រោង​ថវិកា​បន្ថែម​ដែល​សភា​បាន​អនុម័ត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដែរ។​

ជា​ចុងក្រោយ​ កញ្ចប់​ថវិកា​បន្ថែម​ ក៏​មាន​ទុក​មួយ​ភាគ​​សម្រាប់​យក​ទៅ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ក្នុង​ស្រុក​ ​​​ តា​មរយៈ​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់ បញ្ចុះ​តម្លៃ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ។ ដោយ​ហេតុ​តែ​វិបត្តិ​កូវីដ​១៩ វិស័យ​ទេសចរណ៍​ជប៉ុន ត្រូវ​ផ្អាក​ស្ទើរ​ទាំង​ស្រុង តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០២០​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ