អានតួអត្ថបទ
ជប៉ុន-ការពារជាតិ

បរិយាកាស​តំបន់​តានតឹងខ្លាំង ​ជប៉ុនដំឡើង​កញ្ចប់​​ថវិកា​ការពារ​ជាតិ ដល់​កំពូល

ក្រសួងការពារជាតិ​ជប៉ុន បានប្រកាស​នៅ​ថ្ងៃ​សុក្រ​ទី ២៦​វិច្ឆិកា ២០២១​នេះ លើក​គម្រោង​ថវិកា​ការពារ​ជាតិ ដោយ​ដំឡើងកញ្ចប់​ថវិកា​បន្ថែម យ៉ាង​ច្រើន​បំផុត​មិនធ្លាប់​មាន ពោល​គឺ​ដល់​ប្រមាណ ៦ពាន់​លាន​អឺរ៉ូ សម្រាប់ពីពេល​នេះ​ដល់​ថ្ងៃ​ទី​៣១​មីនា២០២២។ ជប៉ុន​ត្រូវ​ការ​បំប៉ោង​​ថវិកា​ការពារ​ជាតិ ដើម្បី​ពន្លឿន​ការ​ទិញ​គ្រឿង​សម្ភារៈ​បរិក្ខារ​យោធា​  ព្រោះ​ភាពតាន​តឹង​ជាមួយ​ចិន និង​ហានិភ័យ​បង្ក​ឡើង​ដោយ​កូរ៉េខាង​ជើង បាន​ធ្វើ​ឱ្យ​ស្ថានភាព​​ភូមិសាស្ត្រ​នយោបាយ សន្តិសុខ​តំបន់ ធ្លាក់​ដុនដាប កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ និង​​អាក្រក់​ខ្លាំង ហើយ​ក្នុង​សភាព​លឿន​រហ័ស​ជ្រុលទៀត។

នាវា​ចិន​ ក្នុង​សមុទ្ទ​ចិន​ខាង​កើត ជិត​តំបន់​ជាប់​ជម្លោះ​ជាមួយ​ជប៉ុន
នាវា​ចិន​ ក្នុង​សមុទ្ទ​ចិន​ខាង​កើត ជិត​តំបន់​ជាប់​ជម្លោះ​ជាមួយ​ជប៉ុន © U.S. Coast Guard via AP
ផ្សាយពាណិជ្ជកម្ម

ជប៉ុន​ត្រូវ​ការបន្ថែម​ថវិកា​ សម្រាប់​យកទៅ​ទិញ​មីស៊ីលបាញ់​​ស្ទាក់ និង​មីស៊ីល​ការពារ​ផ្ទៃអាកាស​ ទិញ​យន្តហោះ​ល្បាត ឧទ្ធម្ភាគចក្រ ឬនាវា​មុជទឹក​បំពាក់មីស៊ីល។ ចំណាយផ្នែកខ្លះ ជា​​គម្រោង​សម្រាប់​ឆ្នាំ​ក្រោយ​ ២០២២-២៣ទេ ប៉ុន្តែ​បើ​តាម​ក្រសួង​ការពារ​ជាតិ​ បរិបទ​តំបន់​បាន​ជំរុញ​ឱ្យ​ជប៉ុន​ត្រូវ​តែ​ពន្លឿន​ការ​បំពាក់​គ្រឿង​បរិកា្ខរ​ឱ្យ​កងទ័ព​ជប៉ុន។

នៅក្នុង​សៀវភៅ​ស​ ស្តី​ពីផែនការ​ការពារ​ជាតិប្រចាំ​ឆ្នាំ​ ចេញ​ផ្សាយលើក​ចុងក្រោយ​កាលពី​ខែ​កក្កដា ២០២១ ជប៉ុន​បាន​គូសបញ្ជាក់​ថា​ភាព​តាន​​តឹង​រវាង​ចិន​និង​អាមេរិកជុំ​វិញ​បញ្ហា​កោះ​​តៃវ៉ាន់ ជា​ការ​គំរាមកំហែង ​សន្តិសុខ​តំបន់​យ៉ាង​ខ្លាំង និង​កាន់តែខ្លាំង​ឡើង​ៗ និង​ធ្វើ​ឱ្យ​ជប៉ុន​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ ព្រោះ​ចិន និង​សហរដ្ឋ​អាមេរិក សុទ្ធ​តែ​ជា​ដៃគូពាណិជ្ជកម្ម​ដ៏​ដំបងរបស់​ជប៉ុន។ ហើយ​តូក្យូ​ខ្លួន​ឯង​ផ្ទាល់​ ក៏​តែង​ប៉ះទង្គិច​​ជា​រឿយៗ​ ជាមួយ​ចិនដែល​បង្ហាញ​វត្តមាន​កាន់​តែញឹកញយឡើងៗ​ក្នុ​ង​តំបន់ប្រជុំកោះ​​ជាប់​ជម្លោះ សេនកាគុ ហៅជា​ភាសា​ជប៉ុន ឬ​កោះ​ទាវយូ ហៅតាម​ភាសាចិន។ ការ​គំរាមកំហែងដ៏​ធ្ងន់ធ្ងរ​មួយ​ទៀត​សម្រាប់​ជប៉ុន ​គឺ​កូរ៉េខាង​ជើង និង​កម្មវិធី​នុយក្លេអ៊ែរកូរ៉េខាងជើង។ ​មួយ​រយៈ​ចុងក្រោយ ព្យុងយ៉ាង​បាន​ចាប់ផ្តើម​អភិវឌ្ឍ​ និង​សាកល្បង​មីស៊ីលបាលីស្ទិក​កាន់​តែ​ច្រើន។

ហេតុ​ដូច្នេះហើយ​បាន​ជា នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​ លោក ហ្វូមីអូ គីស៊ីដា ដែល​ទើប​ក្លាយ​ជា​ប្រមុខ​ដឹកនាំរដ្ឋាភិបាល កាលពី​ខែ​តុលា២០២១ ​បាន​ចាត់​ទុកការបង្កើន​ថវិកា​ការការពារជាតិ​ជាអាទិភាព​​មួយ​ប្រទេស។ ប្រសិន​បើ​គម្រោង​បន្ថែមថវិកា​បាន​ទទួលការអនុម័តពីសភា ​កញ្ចប់​ថវិកាការពារ​ជាតិ​ជប៉ុន​ប្រចាំ​ឆ្នាំ​ (គិត​ពី​ថ្ងៃទី ១មេសា២០២១-៣១មីនា២០២២) នឹង​ឡើង​ដល់​កំរិត​កំពូល​ ពោល​គឺមានកំណើន​ដល់​ទៅ ១៥%​ក្នុង​រយៈពេលមួយ​ឆ្នាំ។ បើ​តាម​រដ្ឋធម្មនុញ្ញ​សន្តិនិយម ក្រោយ​សម័យសង្គ្រាម​លោក ​ជប៉ុនមិនអាចមាន​អាវុធ​នុយក្លេអ៊ែរ​ទេ ហើយកញ្ចប់​​ថវិកា​ការពារ​ជាតិ​ក៏​មិនត្រូវមាន​កំណើន​​ឡើង​លើស​ពី​១%​នៃផលិតផលសរុប​ក្នុង​ដែរ។ ប៉ុន្តែ​គណបក្ស​អភិរក្សនិយម​សេរីប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​លោក ហ្វូមីអូ គីស៊ីដា គ្រោង​នឹង​ស្នើ​សុំ​ធ្វើ​វិសោធនកម្មច្បាប់​រដ្ឋធម្មនុញ្ញ​ ដំឡើង​កញ្ចប់​ថវិកា​ការពារ​ជាតិ​ឱ្យ​ឡើងលើ​ស២%​នៃ​ផលិតផលសរុប​ នា​ថ្ងៃ​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ