អានតួអត្ថបទ
ជប៉ុន

ជប៉ុនបង្កើនថវិកាការពារជាតិដើម្បីប្រឈមទប់នឹងមហិច្ឆតារបស់ចិន និងការគំរាមកំហែងរបស់កូរ៉េខាងជើង

នៅ​ថ្ងៃ​អង្គារ ទី៣១ សីហា ក្រសួង​ការពារជាតិ​ជប៉ុន​បាន​បង្ហាញ​កញ្ចប់​ថវិកា​ការពារជាតិ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ ២០២២ ដែល​មាន​ទឹកប្រាក់ ៥០ ០០០លានដុល្លារ។ កញ្ចប់​ថវិកា​នេះ​នឹង​ត្រូវ​ក្រសួង​ការពារជាតិ​ស្នើ​ទៅ​សភា​ឲ្យ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ បើ​ធៀប​នឹង​ថវិកា​ក្នុង​ឆ្នាំ ២០២១ នេះ គឺ​មាន​ការ​កើន​ឡើង​បន្តិច​បន្តួច។ ការ​បង្កើន​ថវិកា​ការពារជាតិ​របស់​ជប៉ុន​ពេល​នេះ​ធ្វើ​ឡើង ខណៈ​ដែល​ប្រទេស​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង និង​មហិច្ឆតា​តំបន់​កាន់​តែ​រីក​ធំ​ឡើង​របស់​ប្រទេស​ចិន។

ជប៉ុនបង្កើនថវិកាការពារជាតិដើម្បីប្រឈមទប់នឹងមហិច្ឆិតារបស់ចិន និងការគំរាមកំហែងរបស់កូរ៉េខាងជើង
ជប៉ុនបង្កើនថវិកាការពារជាតិដើម្បីប្រឈមទប់នឹងមហិច្ឆិតារបស់ចិន និងការគំរាមកំហែងរបស់កូរ៉េខាងជើង AP - Emily Wang
ផ្សាយពាណិជ្ជកម្ម

ក៏​ដូច​ជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែរ ជប៉ុន​តែង​បាន​ដំឡើង​តិច ឬ​ច្រើន​នូវ​ថវិកា​ការពារជាតិ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។ នៅ​ក្នុង​ទឹកប្រាក់​ចំនួន ៥០ ០០០លានដុល្លារ​សម្រាប់​ថវិកា​ឆ្នាំ ២០២២ ត្រូវ​បាន​ក្រសួង​ការពារជាតិ​បញ្ជាក់​ថា មាន​គម្រោង​សាងសង់​នាវា​យោធា​ចំនួន ៥គ្រឿង នាវា​មុជទឹក​ចំនួន ១គ្រឿង និង​គ្រោង​ទិញ​យន្តហោះចម្បាំង F-៣៥ ចំនួន ១២គ្រឿង។ ទន្ទឹម​គ្នា​នេះ ក្រសួង​ការពារជាតិ​ក៏​បាន​បញ្ជាក់​ពី​ការ​ចង់​បង្កើន​សមត្ថភាព​ការពារ​របស់​ជប៉ុន​នៅ​ក្នុង​លំហ​អាកាស និង​ក្នុង​ផ្នែក​សន្តិសុខ​អ៊ីនធ័រនែត។ តាម​ក្រសួង​ការពារជាតិ​ដដែល ហេតុផល​នៃ​ការ​ដំឡើង​ថវិកា​ការពារជាតិ​ក៏​ដោយសារ​តែ​បរិបទ​នៃ​សន្តិសុខ​នៅ​ជុំវិញ​ប្រទេស​ជប៉ុន​កំពុង​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅៗ​មិន​ធ្លាប់​មានពី​ពេល​មុន។

ដោយឡែក លោក​ហ៊ីដឺស្ហ៊ី តាកឺសាកា អ្នក​ជំនាញ​ជប៉ុន​ខាង​វិស័យ​ការពារ​បាន​បញ្ជាក់​នៅ​ក្នុង​បទសម្ភាសន៍​ឲ្យ AFP ថា ការ​រៀបចំ និង​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​ជប៉ុន​ពេល​នេះ​មាន​គោលដៅ​ឆ្លើយ​តប​នឹង​កំណើន​គំរាមកំហែង​របស់​ចិន និង​កូរ៉េខាងជើង។ លោក​តាកឺសាកា​បាន​បន្ថែម​ថា ចិន​បាន​បង្កើន​ថវិកា​ការពារជាតិ​លឿន​ជាង​អ្វី​ដែល​គេ​បាន​គិត​ទៅ​ទៀត។ តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ​ស្តីពី​សន្តិភាព​ក្រុង​ស្តុកខុល​ហៅ​កាត់ Sipri ការ​ចំណាយ​លើ​វិស័យ​យោធា​របស់​ចិន​ក្នុង​ឆ្នាំ ២០២០ មាន​ដល់​ទៅ ២៥២ ០០០លានដុល្លារ និង​ថា ឆ្នាំ ២០២០ ជា​ឆ្នាំ​ទី២៦ ដែល​ចិន​បាន​ដំឡើង​ថវិកា​យោធា​ជាប់ៗ​គ្នា។

តើ​ជប៉ុន​នឹង​បន្ត​មាន​ថវិកា​ការពារជាតិ​ខ្ពស់ ឬ​យ៉ាង​ណា?។ « ដរាប​ណា​រដ្ឋាភិបាល​ជប៉ុន​បន្ត​កាន់កាប់​ដោយ​ក្រុម​អ្នក​អភិរក្សនិយម ដរាប​នោះ​ថវិកា​ការពារជាតិ​ជប៉ុន​នឹង​បន្ត​ស្ថិត​ខ្ពស់ » នេះ​បើ​តាម​លោក​ហ៊ីដឺស្ហ៊ី តាកឺសាកា។ តែ​អ្នក​ជំនាញ​ជប៉ុន​រូប​នេះ​ដដែល​មិន​ភ្លេច​បញ្ជាក់​ទេ​ថា ការ​ដែល​ជប៉ុន​មាន​ខ្ទង់ចំណាយ​ច្រើន​ក្នុង​វិស័យ​ការពារជាតិ​ក៏​ជា​លទ្ធផល​នៃ​ការ​ដាក់​គំនាប​ពី​អាមេរិក​ដើម្បី​ឲ្យ​ជប៉ុន​ដើរ​តួនាទី​កាន់​តែ​សំខាន់​នៅ​ក្នុង​សន្តិសុខ​តំបន់ ខណៈ​ដែល​ភាព​តានតឹង​កំពុង​មាន​ខ្លាំង​រវាង​អាមេរិក និង​ចិន។ ជប៉ុន​យល់​ឃើញ​ថា ភាព​តានតឹង​រវាង​ចិន និង​អាមេរិក​ទាក់ទង​នឹង​កោះ​តៃវ៉ាន់​ជា​ការ​គំរាមកំហែងកាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ស្ថិរភាព​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ