អានតួអត្ថបទ
ម៉ាឡេស៊ី - ឥណទានកាបូន

ហេតុអ្វីការវិនិយោគ​លើ​​ឥណទានកាបូន​នៅម៉ាឡេស៊ី​បង្ក​ឲ្យមាន​សង្រ្គាមប៉ាកា?

នៅម៉ាឡេស៊ី ការចុះកិច្ចព្រមព្រៀង​ផ្តល់​សម្បទាន​ព្រៃឈើ​ដល់​ក្រុមហ៊ុន​បរទេស សម្រាប់​ឥណទាន​កាបូន​បាន​បង្ក​ឲ្យ​ភាពភ្ញាក់ផ្អើល​ក្នុង​ចំណោម​ប្រជាជនក្នុងស្រុក និង​អង្គការ​ការពារ​បរិស្ថាន។ នៅពាក់កណ្តាល​ខែ វិច្ឆិកា​កន្លងទៅ អាជ្ញាធរម៉ាឡេស៊ី ដែល​គ្រប់គ្រង​កោះ​ប័រណេអូ បាន​ចុះកិច្ចសន្យាអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​ធ្វើសម្បទាន លើដីព្រៃ ជាង​២លាន​ហិចតា របស់​កោះប័រណេអូ សម្រាប់​រយៈពេល ២០០ឆ្នាំ។

តំបន់ព្រៃ​​Sarawakលើ​កោះប័រណេអូ ប្រទេស​ម៉ាឡេស៊ី
តំបន់ព្រៃ​​Sarawakលើ​កោះប័រណេអូ ប្រទេស​ម៉ាឡេស៊ី ASSOCIATED PRESS - Vincent Thian
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​បរទេស​ដែលបាន​ទទួល​សិទ្ធិ​ធ្វើ​សម្បទាន​លើ​ដីព្រៃ​២លាន​ហិចតា​នៅ​លើ​កោះប័រណេអូ សម្រាប់​រយៈពេល ២០០ឆ្នាំ គឺ​ក្រុមហ៊ុន​សិង្ហបុរី និង​ក្រុមហ៊ុន​ប្រឹក្សា​ជំនួញ​អូស្ត្រាលី។ ទៅតាម​កិច្ចព្រមព្រៀង ដែល​អាជ្ញាធរ​គ្រប់គ្រង​កោះប័រណេអូ ត្រូវ​ចុះហត្ថលេខា នាពេល​ខាងមុខ ក្រុមហ៊ុន​សិង្ហបុរី និង​ក្រុមហ៊ុនអូស្ត្រាលី រួម​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ក្នុងស្រុក​ម៉ាឡេស៊ី​នឹង​ប្រើប្រាស់​ព្រៃ​សម្បទាន ២លាន​ហិចតា ដែល​ស្មើ​នឹង​ទំហំប្រទេស​ស្លូវ៉េនី មួយ សម្រាប់វិនិយោគ​លើ​គម្រោង​ឥណទាន​កាបូន។ ជាមួយ​បរិមាណ​ឧស្ម័នកាបូនិក​​ដែល​ព្រៃឈើនៅលើ​កោះប័រណេអូ ស្រូបយកបាន ក្រុមហ៊ុនឯកជន​ខាងលើ​អាច​ធ្វើ​ពាណិជ្ជកម្មកាបូន ពោល​គឺ​អាច​លក់​ជា​ឥណទានកាបូន ទៅកាន់ទីផ្សារ​កាបូន។

ដើម្បី​មាន​សមត្ថភាព​ស្រូបយក​ឧស្ម័នកាបូនិក​​ពីក្នុង​បរិយាកាស គម្រោងសម្បទាន​របស់ក្រុមហ៊ុន​សិង្ហបុរី និង​ក្រុមហ៊ុន​អូស្ត្រាលី​មាន​ទិសដៅ​សំខាន់​រក្សា អភិរក្ស​គម្របព្រៃ នៅលើ​កោះប័រណេអូ។ ដូច្នេះ វាជារឿងល្អមួយសម្រាប់​ការចូលរួម​ថែរក្សា​ព្រៃឈើ។ ប៉ុន្តែ ហេតុអ្វីបានជា​ប្រជាជន​ក្នុងស្រុក និង​អង្គការ​ការពារ​បរិស្ថាន​ដូចជា​អង្គការ​WWF ជាដើម បរិហារ​រិះគន់​ទៅវិញ? តើ​តម្រូវការ និង​ភាពពេញនិយម​នៃទីផ្សារ​កាបូន កំពុង​ជំរុញ ឲ្យ​មានការធ្វើ​​អាណានិគមនិយម​​កាបូន?

ក្រុមហ៊ុន​សិង្ហបុរីផ្ទាល់​បាន​ចេញមុខ​ការពារ​គម្រោងការវិនិយោគ​របស់ខ្លួន​ថា មាន​គោលដៅ ការពារព្រៃឈើ និង​ផ្តល់​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ដល់អាជ្ញាធរ​មូលដ្ឋាន។ ប៉ុន្តែ សកម្មជន និង​អង្គការ​ការពារ​បរិស្ថាន បារម្ភថា គម្រោងការវិនិយោគ​របស់​ក្រុមហ៊ុន​បរទេស​ខាងលើ គ្មាន​តម្លាភាព។ ថ្វីត្បិតថា ក្រុមហ៊ុន​បរទេស​មាន​ចេតនាល្អ គឺ​ដើម្បី​ការពារ​អភិរក្ស​គម្របព្រៃ សម្រាប់​អាច​ស្រូបយក​ឧស្ម័នកាបូន ប៉ុន្តែ​មិនមែន​កាប់បំផ្លាញ​ព្រៃឈើ មែន ប៉ុន្តែគេ​បាន​ចោទសំណួរថា ហេតុអ្វី គេ​ចាំបាច់​ផ្តល់គម្រោង​ឥណទាន​កាបូន​ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស​ធ្វើអ្វី? អាជ្ញាធរ​ម៉ាឡេស៊ីផ្ទាល់​ក៏អាច​មាន​សមត្ថភាព វិនិយោគ​លើ​គម្រោងឥណទាន​កាបូន ដោយមិនចាំបាច់​ត្រូវការ​វត្តមាន​របស់​ក្រុមហ៊ុន​ឯកជន​នោះទេ។

ម្យ៉ាង ការផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុនឯកជន​ចូលទៅ​កាន់កាប់ គ្រប់គ្រង ដីព្រៃ នៅលើ​កោះប័រណេអូ នឹង​ប៉ះពាល់ ដល់​សិទ្ធិ​រស់នៅជាមូលដ្ឋាន​របស់ក្រុមជនជាតិដើម ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃស្រាប់។ សម្រាប់អង្គការ​ការពារ​បរិស្ថាន ជនជាតិ​ដើម ម្ចាស់ស្រុក ជា​អ្នកដែល​ការពារ​អភិរក្ស​ព្រៃឈើ បាន​ល្អជាង ក្រុមហ៊ុន​បរទេសទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ