អានតួអត្ថបទ
អូស្រ្តាលី-អាកាសធាតុ

មិន​កំណត់​ទិសដៅ​បោះបង់ថាមពលផូស៊ីលហើយ​ នាយករដ្ឋមន្ត្រីអូស្ត្រាលីអាច​មិនទៅ​ប្រជុំអាកាសធាតុ​COP26ទៀត

សន្និសីទ​អាកាសធាតុ​លើក​ទី ២៦ ឬ​ហៅកាត់​ថា COP26 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​តុលា នៅ​ Glasgow ជា​ឱកាស​សម្រាប់​គ្រប់​ប្រទេស​ជា​សមាជិក​ទាំង​អស់ ត្រូវ​បង្ហាញ​​ផែនការ​អព្យាក្រិត​កាបោន នៅ​ឆ្នាំ​២០៥០។ ប៉ុន្តែនាយក​រដ្ឋមន្ត្រី​​អូស្ត្រាលី​ ដែល​ទើប​បដិសេធ​មិនកំណត់​គោលដៅ​​បញ្ឈប់​ការ​ប្រើ​​​ថាមពល​ធ្យូងថ្ម ទំនង​ជា​មិន​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ជំនួបកំពូល​អាកាសធាតុ​អន្តរជាតិ​នេះទេ។ នេះ​បើ​តាម​បទសម្ភាសន៍​របស់​លោក ជាមួយ​កាសែត West Australian ចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទទី ២៧ កញ្ញា២០២១។

លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison ថ្ងៃទី ២៤ កញ្ញា​២០២១
លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison ថ្ងៃទី ២៤ កញ្ញា​២០២១ REUTERS - EVELYN HOCKSTEIN
ផ្សាយពាណិជ្ជកម្ម

ឆ្លើយ​នឹង​សំណួរ​របស់អ្នក​សារព័ត៌មាន ​លោក ស្កុត ម៉ូរីសុន Scott Morrisonបាន​អះអាង​ថា​លោកប្រហែល​មិន​ទៅ​ចូល​រួមក្នុង​សន្និសីទ​​​អាកាសធាតុទេ ដោយ​ចង់ផ្ចង់​​កម្លាំង​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ​១៩ ​តែ​លោក​មិន​ទាន់​សម្រេចនៅ​ឡើយ​។ អូស្ត្រាលី​នឹង​បញ្ជូន​តំណាង​ជាន់​ខ្ពស់​ជា​ច្រើន​ទៅជំនួស ប្រសិន​បើ​លោកនាយករដ្ឋមន្ត្រី សម្រេច​មិន​ទៅ​ ​​COP២៦​មែន។ នេះ​បើ​តាម​ការធានាអះអា​ង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី។

​ជំនួប​កំពូល​ស្តីអំពីអាកាសធាតុ​លើកនេះ​ ជា​សន្និសីទ​ដ៏​សំខាន់​ជាង​គេ​បំផុត​គិត​ចាប់​តាំង​ពី​ជំនួប​នៅ​ទីក្រុង​ប៉ារីស ឆ្នាំ​២០១៥​​មក  ព្រោះជា​ឱកាស​ដែល​​សហគមន៍អន្តរជាតិ​ត្រូវ​ផ្តល់​ផែនការ​ជាក់ស្តែងស្តីពីការ​​​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​អាកាសធាតុ​ឱ្យ​បាន​ត្រឹម​១,៥​អង្សា។ បើ​គ្មានផែនការ​ប្រកប​ដោយ​មហិច្ឆតា​ទេ​ កម្តៅ​សីតុណ្ហភាព​​នឹងឡើង​ដល់​ ​២,៧អង្សា នៅ​ដំណាច់​សតវត្សរ៍​ ជាមួយ​គ្រោះមហន្តរាយ​ធម្មជាតិកាន់​តែ​​កំណាច  ដែល​អូស្ត្រាលីបាន​ទទួលរងគ្រោះ​ ដោយ​ផ្ទាល់​ នា​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​​នេះ ដូច​ជា​ភ្លើង​ឆេះ​ភ័យ ភាព​រាំងហួតហែង ឬ​ព្យុះកំបុតត្បូង​សាហាវៗ ...

ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលីបែរ​ចង់​អវត្តមាន និងមិន​ចង់លើក​ផែនការ​​​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នផ្ទះ​កញ្ចក់​ទៅ​វិញ។

ជា​ប្រទេស​នាំចេញ​ធ្យូងថ្មលេខមួយ​​នៅលើ​ពិភពលោក និង​ប្រើ​ធ្យូងថ្មជា​ចម្បង​សម្រាប់​ទាញ​យក​​ថាមពល​អគ្គីសនី​មកប្រើប្រាស់ អូស្ត្រាលីបាន​​​បដិសេធ​​មិន​ផ្តល់​កាលបរិច្ឆេទ និងគោលដៅ​នៃ​ការ​បញ្ឈប់​​ការប្រើ​​​​ថាមពល​ផូស៊ីល​ទេ។ សម្រាប់​លោក​នាយករដ្ឋមន្ត្រី​ ផលិតកម្ម​ធ្យូងថ្ម ជាគ្រឹះ​​សេដ្ឋកិច្ច​ដ៏សំខាន់​​របស់អូស្ត្រាលី ជាទីផ្សារការងារ និងជាការ​ធានា​កំរិត​ជីវភាព​ប្រជាជន​អូស្ត្រាលី។ អូស្ត្រាលី​​មិនអាច​សន្យា​ធ្វើ​អព្យាក្រិត​កាបោន​ឡើយ បើដរាបណានៅ​មាន​ផលវិបាក​ប៉ះពាល់​ដល់​ទីផ្សារការងារ​នោះ។ នេះ​បើ​តាមកា​របញ្ជាក់​បន្ថែម​របស់​លោក​ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី។

អូស្ត្រាលី​ចង់​ឆ្លៀត​ពេល​ដែល​វត្ថុ​ធាតុដើម​​ធ្យូងថ្ម​កំពុង​ឡើង​ថ្លៃ ហើយ​ពិភពលោកកំពុង​​ត្រូវ​ការ​ខ្លាំង សម្រាប់​ប្រមូលថវិកា​ចូលហិបរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ