អានតួអត្ថបទ
ចិន-អាកាសធាតុ

ចិននឹងពង្រឹងយុទ្ធនាការដាំដើមឈើដោយសង្ឃឹមបង្កើនអត្រាផ្ទៃដីព្រៃឈើសរុបចំនួន ២៤,១% នៅឆ្នាំ ២០២៥

នៅ​ក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​បាន​ប្តេជ្ញាចិត្ត​បង្កើន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ការពារ​ជម្រក​ធម្មជាតិ។ តាម​រយៈ​យុទ្ធនាការ​មួយ​នេះ ចិន​នឹង​បង្កើន​ការ​ដាំ​ដើមឈើ​ថ្មី​ឲ្យ​បាន​ទំហំ​ដី ៣៦ ០០០គីឡូម៉ែត្រការ៉េ​ក្នុង​មួយ​ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០២៥។ ៣៦ ០០០គីឡូម៉ែត្រការ៉េ​គឺ​ស្មើ​នឹង​ទំហំ​ផ្ទៃក្រឡាដី​របស់​ប្រទេស​បែលហ្សិក។ កម្មវត្ថុ​របស់​ចិន គឺ​សំដៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបោន​ឲ្យ​ដល់​កម្រិត​សូន្យ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៦០។

ចិននឹងពង្រឹងយុទ្ធនាការដាំដើមឈើដោយសង្ឃឹមបង្កើនអត្រាផ្ទៃដីព្រៃឈើសរុបចំនួន ២៤,១% នៅឆ្នាំ ២០២៥
ចិននឹងពង្រឹងយុទ្ធនាការដាំដើមឈើដោយសង្ឃឹមបង្កើនអត្រាផ្ទៃដីព្រៃឈើសរុបចំនួន ២៤,១% នៅឆ្នាំ ២០២៥ AFP - GREG BAKER
ផ្សាយពាណិជ្ជកម្ម

លោក​លី ជុនលាង អនុប្រធាន​រដ្ឋបាល​ព្រៃឈើ និង​វាលស្មៅ​ចិន​បាន​ថ្លែង​ក្នុង​ថ្ងៃ​សុក្រ ទី២០ សីហា​ថា ការ​ដាំ​ដើមឈើ​ជា​បេះដូង​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ចិន​តាំង​ពី​ច្រើន​ទសវត្ស និង​ជា​យុទ្ធសាស្រ្ត​ស្នូល​ក្នុង​គោលដៅ​កាត់​បន្ថយ​ឧស្ម័ន​កាបោន​ឲ្យ​ដល់​កម្រិត​សូន្យ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៦០។ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ និង​វាលស្មៅ​ចិន​រូប​នេះ​ដដែល​បាន​ធានា​ថា ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣៥ គុណភាព និង​ស្ថិរភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃឈើជាតិ ស្មៅ តំបន់​សំណើម និង​វាលខ្សាច់​នឹង​មាន​ភាព​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់សម្គាល់។

បើ​ផ្អែក​តាម​ផែនការ ៥ឆ្នាំ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្តីពី​ព្រៃឈើ និង​ស្មៅ​ចេញ​ផ្សាយ​ក្នុង​សប្តាហ៍​នេះ ចិន​សង្ឃឹម​បង្កើន​អត្រា​ផ្ទៃដី​ព្រៃឈើ​សរុប​ចំនួន ២៤,១% ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២៥។ ផែនការ​ដដែល​បាន​ទាញ​សញ្ញាអាសន្ន​ពី​កង្វះ​ប្រភព​ព្រៃឈើ និង​វាលស្មៅ​នៅ​ក្នុង​ប្រទេស ពិសេស​នៅ​តំបន់​ខាង​ជើង និង​ខាង​លិច។ នៅ​ក្នុង​ការ​ពង្រឹង​យុទ្ធនាការ​ដាំ​ដើមឈើ​នេះ ចិន​នឹង​ផ្អែក​មួយ​ភាគ​លើ​ការ​ដាំដើម​ឈើ​ឡើង​វិញ​តាម​បែប​ធម្មជាតិ​ដោយ​ប្រើ​ប្រភេទ​ដើមឈើ​ខុសៗ​គ្នា​ទៅ​តាម​អាកាសធាតុ​នៅ​ក្នុង​តំបន់​នីមួយៗ។

លោក​ឆេន ជៀវេន អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​តាក់តែង​ផែនការ ៥ឆ្នាំ​ស្តីពី​ព្រៃឈើ និង​ស្មៅ​បាន​បញ្ជាក់​ថា​នៅ​រង្វង់ ៥ឆ្នាំ​ខាង​មុខ ប្រទេស​នឹង​ពង្រីក​បណ្តាញ​ឧទ្យានជាតិ បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី និង​បង្កើន​យុទ្ធនាការ​បង្រ្កាប​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់។ ដោយឡែក ក្រុម​សិក្សា​ទីផ្សារ​ឈ្មោះ Comparethemarket.com បាន​គូស​បញ្ជាក់​ក្នុង​ថ្ងៃ​សុក្រ ទី២០ សីហា​ថា ក្រុង​ប៉េកាំង​តែ​មួយ​គួរ​តែ​ដាំ​ដើមឈើ​ឲ្យ​បាន​ជាង ១៥លាន​ដើម​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ទូទាត់​នឹង​ការ​បញ្ចេញ​ឧស្ម័នពុល​ប្រចាំ​ឆ្នាំ។ ចំណែក​ក្រុង​សិង្ហបុរី និង​ហុងកុង​គួរ​ដាំ​ឲ្យ​បាន​ជាង ៩លានដើម​ជា​រៀងរាល់​ឆ្នាំ ហើយ​ក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​គួរ​ដាំ​ប្រមាណ​ជា​ជាង ៤លានដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ