អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-តាលីបង់

ចលនា​ប្រឆាំង​តាលីបង់​ចាប់លេច​រូបរាង នៅភាគឦសានអាហ្វហ្កានីស្ថាន

៥ថ្ងៃ​ក្រោយ ក្រុមតាលីបង់​ដណ្តើម​អំណាច គ្រប់គ្រង​អាហ្វហ្កានីស្ថាន ចលនា​ប្រឆាំង​ក្រុមតាលីបង់​បានចាប់កើតមាន បណ្តើរៗ នៅ​ក្នុង​ប្រទេស។ នៅថ្ងៃព្រហស្បតិ៍ ទន្ទឹមគ្នា នឹង​ការរៀបចំ​បាតុកម្មរបស់​ប្រជាជន​អាហ្វហ្កានីស្ថាន​ដើម្បី​បុណ្យ​ខួប​ឯករាជ្យជាតិ​អាហ្វហ្កានីស្ថាន ចលនា​ប្រឆាំង​គ្រប់ទម្រង់រូបភាព​របស់​ក្រុមតាលីបង់ បាន​កើតមាន​ផងដែរ នៅ​តាម​ខេត្ត តំបន់​មួយចំនួន នៅភាគខាងកើត​ជាប់​ព្រំដែន ប៉ាគីស្ថាន។ អតីត​អនុប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក​អាំរូឡា សាឡេះ ដែល​ប្រកាស​តាំង​ខ្លួន​ជា​មេដឹកនាំ​រដ្ឋាភិបាល​ អាហ្វហ្កានីស្ថាន ស្របច្បាប់ នៅក្រោយ​ការរត់ភៀសខ្លួន​របស់លោក​ប្រធានាធិបតី អាស្រាហ្វ ហ្កានី បាន​អំពាវនាវ​ឲ្យ​ប្រជាជន ដែលស្អប់​ក្រុមតាលីបង់​ឲ្យ​ចូលរួម​ក្នុង​ចលនា​ឧទ្ទាមទ័ពព្រៃ ដើម្បី​ប្រឆាំង​របបដឹកនាំ​តាលីបង់។

លោក​អាម៉ាដ ម៉ាស៊ូ កូនប្រុស​របស់​វីរបុរស​អាហ្វហ្កានីស្ថានប្រឆាំង​សហភាពសូវៀត និង​ក្រុមតាលីបង់ គឺ​លោក Ahmad Shah Massoud និយាយ​ទៅកាន់​អ្នកគាំទ្រ​ខេត្ត​ផាន់ឈៀរ អាហ្វហ្កានីស្ថាន​នៅខែ កញ្ញា ឆ្នាំ ២០១៩
លោក​អាម៉ាដ ម៉ាស៊ូ កូនប្រុស​របស់​វីរបុរស​អាហ្វហ្កានីស្ថានប្រឆាំង​សហភាពសូវៀត និង​ក្រុមតាលីបង់ គឺ​លោក Ahmad Shah Massoud និយាយ​ទៅកាន់​អ្នកគាំទ្រ​ខេត្ត​ផាន់ឈៀរ អាហ្វហ្កានីស្ថាន​នៅខែ កញ្ញា ឆ្នាំ ២០១៩ REUTERS - MOHAMMAD ISMAIL
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ឱកាសបុណ្យឯករាជ្យ ជាតិ កាលពីថ្ងៃ​ព្រហស្បតិ៍ ប្រជាជន​អាហ្វហ្កានីស្ថាន​បាន​ចុះថ្នល់​ធ្វើបាតុកម្ម នៅ​តាម​ទីក្រុង​ជាច្រើនក្នុង​ប្រទេស។ បាតុករ​ជាច្រើន​លើក​គ្រវី ទង់ជាតិ អាហ្វហ្កានីស្ថាន ចំណែក សាក្សី​នៅកន្លែងកើតហេតុម្នាក់ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​Reuters ថា នៅទីក្រុង Assadabad មនុស្ស​ជាច្រើននាក់​បាន​ស្លាប់ នៅពេល​ទាហាន​តាលីបង់​បាញ់រះ​ទៅលើ​ក្រុមបាតុករ។ នៅ​ទីក្រុង Jalalabad ក្បែរព្រំដែន​ប៉ាគីស្ថាន កើតមាន​ផងដែរ បាតុកម្ម ប៉ុន្តែ ជា​បាតុកម្ម​ប្រឆាំងក្រុមតាលីបង់ ព្រោះ​រូបភាព​វីដេអូ​មួយចំនួន​បាន​បង្ហាញ បាតុករ ចាប់ហែក​ទង់ជាតិ​តាលីបង់។

ក្រុមតាលីបង់​មិនបាន​គ្រប់គ្រង​ទឹកដី​ទាំងអស់​របស់​អាហ្វហ្កានីស្ថាននោះទេ។ ព័ត៌មាន​ចេញពី​ជ្រលងភ្នំ ផាន់ឈៀរ Panchir ដែលស្ថិតនៅ​ភាគ​ឦសាន អាហ្វហ្កានីស្ថាន បាន​ឲ្យ​ដឹងថា អតីតអនុប្រធានាធិបតី អាហ្វហ្កានីស្ថាន និង​កូនប្រុស​របស់​អតីតមេបញ្ជាការទ័ព​ម៉ាស៊ូ Massoud កំពុង​ប្រមូលកម្លាំងទ័ព​ដើម្បី​ប្រឆាំង​តទល់​នឹង​ក្រុមតាលីបង់។ នេះជា​ប្រសាសន៍​របស់រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី ស៊ែរហ្គេយ ឡាវរ៉ូវ នៅក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញ។

ខណៈ​ដែល​ក្រុមតាលីបង់​កំពុង​ជួបពិភាក្សា​ជាមួយ​អតីត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក​ហាមីដ ការហ្សៃ ក្នុង​ដំណើរការរៀបចំ​បង្កើតរដ្ឋាភិបាល​ចម្រុះថ្មី ប្រមុខការបរទេស​រុស្ស៊ី បាន​អំពាវនាវ​ឲ្យ​ក្រុមតាលីបង់ បង្កើត ការពិភាក្សា​ថ្នាក់ជាតិ ដើម្បី​បង្កើតរដ្ឋាភិបាល​មួយ​ដែល​តំណាង​ឲ្យ​អាហ្វហ្កានីស្ថាន។

អតីតប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក ​អាំរូឡា សាឡេះ​ដែល​បដិសេធ​មិន​ចុះញ៉ម​នឹង​ក្រុមតាលីបង់ បាន​ដក​ខ្លួន​ថយ​ទៅនៅ​ជ្រលងភ្នំ ផាន់ឈៀរ Panchir គ្រប់គ្រង​ដោយ​កូនប្រុស​របស់​ លោក​អាម៉េដ ស្ហា ម៉ាស៊ូ Ahmed Shah Massoud អតីត​មេបញ្ជាការទ័ព អាហ្វហ្កានីស្ថាន ដ៏ល្បី​ឈ្មោះខាង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមតាលីបង់។ លោកម៉ាស៊ូ ជា​វីរបុរសអាហ្វហ្កានីស្ថាន ដែលល្បីល្បាញ​ខាង​តស៊ូប្រឆាំង​ការឈ្លានពាន​របស់​សូវៀត ប៉ុន្តែ លោកត្រូវ​ក្រុមតាលីបង់​លួចធ្វើឃាត​សម្លាប់ នៅប៉ុន្មាន​ថ្ងៃ​មុន​ដែល​ក្រុមអាល់កៃដា វាយប្រហារ​ភេរវកម្ម​ទៅលើ​អគារភ្លោះ នៅទីក្រុង​ញូវយ៉ក ឆ្នាំ ២០០១។

នៅ​ថ្ងៃ​ចន្ទ រូបភាពវីដេអូ បង្ហោះផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហាញ អតីតអនុប្រធានាធិបតីអាហ្វហ្កានីស្ថាន និង​កូនប្រុស​របស់​អតីតមេបញ្ជាការទ័ព​ប្រឆាំង ក្រុមតាលីបង់ ដាក់​ដុំថ្ម នៅ​កន្លែង​មួយ នៃ​ជ្រលងភ្នំ ដើម្បី​សំគាល់​ការចាប់ផ្តើម​នៃ​ចលនា​តស៊ូ​ប្រឆាំង​របប​តាលីបង់។

នៅក្នុង​អត្ថបទ​ចុះផ្សាយ​ដោយ​កាសែត​អាមេរិកាំង Washington Post កាលពីថ្ងៃ​ពុធ លោក​អាម៉ាដ ម៉ាស៊ូ Ahmad Massoud បានស្វែងរក​ការគាំទ្រ​ផ្នែក​សព្វាវុធ ពី​សហរដ្ឋអាមេរិក ដើម្បី ជួយ​ឲ្យ​ចលនា​តស៊ូអាហ្វហ្កានីស្ថានអាច​តស៊ូ​ប្រឆាំង​នឹង​ក្រុមតាលីបង់ ដែល​បាន​ចូលកាន់អំណាច​នៅ​អាហ្វហ្កានីស្ថាន កាលពីថ្ងៃអាទិត្យ។ តាម​លោកអាម៉ាដ ម៉ាស៊ូ អាមេរិក​នៅតែអាច​ជា​ឃ្លាំងអាវុធ សម្រាប់​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ការគាំទ្រ ចលនា​យុទ្ធជន​ប្រយុទ្ធ នៅ​ជ្រលងភ្នំ​ផាន់ឈៀរ ដែល​កំពុង​ប្រមូលផ្តុំ​ដោយ​អតីត​ទាហាន និង​កងកុម្ម៉ង់ដូរ​ពិសេស​របស់អាហ្វហ្កានីស្ថាន ដែលខកចិត្ត នឹង​ឃើញ​មេបញ្ជាការ​ទ័ព​របស់ខ្លួន កំសាក ទម្លាក់​អាវុធ​ចុះចាញ់ នៅ​មុនការប្រយុទ្ធ​ជាមួយ ពួកតាលីបង់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ