អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

លោក ចូ បៃដិន ថា “មិនស្តាយក្រោយ” រឿងដកទ័ពចេញពីអាហ្វហ្កានីស្ថានទេ

ពួក​តាលីបង់​វាយលុក​ដណ្តើម​កាន់​កាប់បាន​ទីរួម​ខេត្ត​ ពីរ​ថ្មីទៀត នៅ​ថ្ងៃអង្គារទី ១០សីហា ម្សិលមិញ។ ជា​សរុប​ មាន​ទី​រួមខេត្ត​ចំនួន​៩ បាន​ធ្លាក់​ចូល​ក្នុងកណ្តាប់​ដៃ​តាលីបង់ ដែល​កំពុង​បន្តចូលទៅ​កាន់កាប់​ទី​តាំង​ជា​ច្រើនផ្សេង​ទៀត។ ក្តី​ព្រួយ​បារម្ភ​កំពុង​រីករាលដាល ដល់​រដ្ឋ​ធានី​កាប៊ូល និង​ទូទាំង​ផ្ទៃ​ប្រទេស។ ប៉ុន្តែ​សម្រាប់​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន លោក​ “គ្មានការ​ស្តាយក្រោយ”​ ចំពោះ​សេចក្តី​សម្រេចចិត្តដកកងទ័ពអាមេរិក​ទាំង​ស្រុង​ចេញ​ពី អាហ្វហ្កានីស្ថានទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​អំពាវនាវ​ឱ្យ​ ទាហាន​រដ្ឋាភិបាល​​ តស៊ូ​ប្រយុទ្ធ​នឹង​ពួក​តាលីបង់។

តាលីបង់​ដោត​ទង់​ជ័យ​នៅ​ក្រុង  Kunduz ខេត្ត​ភាគ​ខាង​ជើង​ ដែល​ទើប​ដណ្តើម​បាន​
តាលីបង់​ដោត​ទង់​ជ័យ​នៅ​ក្រុង Kunduz ខេត្ត​ភាគ​ខាង​ជើង​ ដែល​ទើប​ដណ្តើម​បាន​ - AFP
ផ្សាយពាណិជ្ជកម្ម

២០​ឆ្នាំក្រោយ​អន្តរាគមន៍យោធា ​កងទ័ព​បរទេស​ ត្រូវដក​ចេញ​អស់​សព្វគ្រប់​​ពីអាហ្វហ្កានីស្ថាននៅត្រឹម​ថ្ងៃ​ទី ៣១​សីហា ២០២១។ “ខ្ញុំមិន​ស្តាយ​ក្រោយ​ ចំពោះ​សេចក្តី​សម្រេចចិត្ត​ចាក​ចេញអាហ្វហ្កានីស្ថានទេ!” នេះ​ជា​ប្រសាសន៍​របស់​លោកចូ បៃដិន កាលពី​ល្ងាច​ថ្ងៃអង្គារ​ទី ១០សីហា ដោយ​បាន​សង្កត់ធ្ងន់​ថា អាហ្វហ្កានីស្ថាន​ត្រូវ​មាន​ឆន្ទៈ​ប្រយុទ្ធ​តតាំងនឹងពួក​តាលីបង់ ត្រូវតែ​ប្រយុទ្ធ​ដើម្បីខ្លួន​ឯង និង​ដើម្បី​ជាតិ។

សហរដ្ឋ​អាមេរិក ហាក់ចាប់​បញ្ចេញ​អារម្មណ៍​​មួរម៉ៅ​កាន់​តែខ្លាំងឡើង​ៗ នៅ​ចំពោះ​មុខ​ភាពទន់​ខ្សោយ​របស់ទាហាន​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន​ ដែល​អាមេរិក​បាន​បង្ហាត់ បង្វឹក ផ្តល់​ហិរញ្ញវត្ថុ និង​បំពាក់​អាវុធ​យុទ្ធភ័ណ្ឌ​ឱ្យ​តាំងពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ កង​កម្លាំងយោធា​របស់​ក្រុង​កាប៊ូល មានកម្លាំង​​ច្រើន​និង​ខ្លាំងជាង​ទ័ព​របស់ពួក​តាលីបង់ ឆ្ងាយណាស់ មិន​គួរ​ណា​ត្រូវ​ចាញ់​ខ្លាំង​ដូច្នេះ​ទេ។ គំនិត​ដែល​ថា​មិន​អាច​បញ្ឈប់​​ពួកតាលីបង់​បាន ​ខុស​ពី​ការពិត​ជាក់​ស្តែង​លើ​សមរភូមិ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក លោក Ned Price។

តាំង​ពី​ខែ​ឧសភា ពេល​​​បរទេស​ចាប់​ផ្តើមប្រតិបត្តិការ​ដក​ទ័ព​ចេញ​មក តាលីបង់​បាន​បើកយុទ្ធនាការ​វាយ​លុកយ៉ាង​ខ្លាំង និងទើប​សម្រេចដណ្តើម​កាន់កាប់ទីតាំង​ជាច្រើន​​នារយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ គិត​ត្រឹមថ្ងៃ​ពុធ​ទី ១១សីហា តាលីបង់​ដណ្តើម​បាន​ទី​រួម​ខេត្ត​៩ក្នុង​ចំណោម​ខេត្ត​សរុប​៣៤​របស់​អាហ្វហ្កានីស្ថាន  ហើយ ពីរ​ភាគ​បី (៦លើ​៩)​ នៃខេត្ត​នៅ​តំបន់​ភាគ​ខាងជើង​​បាន​ធ្លាក់ក្នុង​កណ្តាប់​ដៃពួកគេ។ តាំង​ពី​ថ្ងៃ​សុក្រ​មក តាលីបង់ បាន​​វាយលុកលើទី​​ក្រុង​ធំនៅភាគខាងជើង​ប្រទេស​ ដែលមាន​​ទម្លាប់​​ប្រឆាំងខ្លាំង​បំផុត​ តាំងពី​ក្នុង​អំឡុង​ពេលពួក​តាលីបង់​កំពុង​កាន់​អំណាច​ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដោយ​បាន​ចូលដល់​សង្កាត់ជាប់​ទី​រួម​ខេត្ត​ផង នៅ​ថ្ងៃអង្គារ​ទី ១០សីហា​ម្សិលមិញ។

ក្នុង​ពេល​​​ពួក​តាលីបង់សម្រុកលើ​គ្រប់​សមរភូមិ​ នៅ​ភាគ​​ខាង​ជើង​ផងនិង​ភាគខាង​ត្បូង​ផង ដូហា​បាន​ទទួលបើក​ជំនួប​ប្រជុំ​អន្តរជាតិ​ ដោយ​មាន​តំណាង​មក​ពី​កាតា សហរដ្ឋ​អាមេរិក ចិន អង់គ្លេស ប៉ាគីស្ថាន អង្គការ​សហប្រជាជាតិ សហភាពអឺរ៉ុប​ចូល​រួម​។ ដំណើរ​ចរចា​​រក​សន្តិភាពពួក​តាលីបង់​និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ ស្រប​តាម​កិច្ចព្រមព្រៀង​រវាង​អាមេរិក​និង​តាលីបង់​ កាលពី​ខែ​កុម្ភៈ​២០២០ ត្រូវ​ជាប់​គាំង​ទាំងស្រុង។ ទោះ​ក្តី​សង្ឃឹម​មាន​តិច​តួច​ក្តី​​ ក៏​អន្តរការីអាមេរិក​ ត្រូវ​ជំរុញ​ពួក​តាលីបង់​ជា​ថ្មី​ឱ្យ​បញ្ឈប់​សកម្មភាព​យោធា និង​ចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​នយោបាយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ