អានតួអត្ថបទ
ហុងកុង

ប្រធានាធិបតីអាមេរិក​ប្រកាស​ផ្តល់​កន្លែងជ្រកកោន​ដល់​ប្រជាជនហុងកុង

ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន បាន​សម្រេច កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី ៥​សីហា អនុញ្ញាត​ឲ្យ​ប្រជាជន​ហុងកុង​ជ្រកកោន​បណ្តោះអាសន្ន ក្នុង​ទឹកដី​អាមេរិក។ ប្រធានាធិបតី​អាមេរិកបាន​លើកយក​ហេតុផល រំលោភសិទ្ធិ សេរីភាព នៅទីក្រុង​ហុងកុង បង្កឡើង​ដោយ​ប្រទេស​ចិន។ ក្រសួង​ការបរទេស​ចិន តាមរយៈ ស្ថានទូត​ចិន ប្រចាំ​វ៉ាស៊ីនតោន បាន​ប្រតិកម្ម​ភ្លាម ដោយ​ចោទប្រកាន់​អាមេរិក​ថា កំពុងលូកដៃ​ចូលកិច្ចការផ្ទៃក្នុង​របស់​ចិន។

ប្រជាជន​ហុងកុង លើកទង់ជាតិអាមេរិក ដើម្បី​សុំ​ឲ្យអាមេរិកជួយអន្តរាគមន៍ នៅក្នុងអំឡុង​បាតុកម្ម​នៅឆ្នាំ ២០១៩
ប្រជាជន​ហុងកុង លើកទង់ជាតិអាមេរិក ដើម្បី​សុំ​ឲ្យអាមេរិកជួយអន្តរាគមន៍ នៅក្នុងអំឡុង​បាតុកម្ម​នៅឆ្នាំ ២០១៩ AP - Vincent Yu
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ក្រឹត្យប្រធានាធិបតី ដែលផ្សព្វផ្សាយ​ដោយ​សេតវិមាន លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន​បាន​សរសេរ​ថា ការគាំទ្រ​របស់​អាមេរិក សម្រាប់​ប្រជាជន​ហុងកុង នឹង​មិន​ចុះខ្សោយ​នោះទេ។

នៅថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​អាមេរិក ​បាន​សម្រេច​ផ្តល់​កន្លែងជ្រកកោន​បណ្តោះអាសន្ន​រយៈពេល ១ឆ្នាំកន្លះ ដល់​ប្រជាជន ហុងកុង ដែល​កំពុង​ស្ថិតនៅ​ក្នុង​ទឹកដី​អាមេរិក។ នៅក្នុង​ក្រឹត្យ ប្រធានាធិបតី លោក​ចូ បៃដិន បាន​បញ្ជា​ឲ្យ​ក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិក ផ្អាក​ការបណ្តេញចេញ ប្រជាជន​ហុងកុង ក្នុង​ហេតុផល បញ្ហា​នយោបាយ​បរទេស។

តាម​រដ្ឋបាល​អាមេរិក មាន​ប្រជាជន​ហុងកុង ជាច្រើន​ពាន់​នាក់ ដែល​នឹង​ទទួល​បាន​សិទ្ធិ​ជ្រកកោន បណ្តោះអាសន្ន និង​អាចធ្វើការ​នៅ​ទឹកដី​អាមេរិក។

បា្រកដណាស់ ការសម្រេច​របស់​ភាគី​អាមេរិក​ បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន មិន​សប្បាយចិត្ត។ នៅក្នុង​សេចក្តីប្រកាស​ឆ្លើយតប នៅថ្ងៃ​សុក្រនេះ ក្រសួងការបរទេស​ចិន បាន​ចោទប្រកាន់ អាមេរិក​ថា បាន​លូកដៃអន្តរាគមន៍ យ៉ាងហិង្សា បំផុត ក្នុង​កិច្ចការផ្ទៃក្នុង​ហុងកុង។ “ដោយប្រកាសថា ​ផ្តល់​កន្លែងជ្រកកោន ដ៏ប្រាកដប្រជាដល់​ប្រជាជន​ហុងកុង អាមេរិក​កំពុង​ព្យាយាម​និយាយ​អាក្រក់​ពី​ហុងកុង សំអុយឈ្មោះ​ចិន និង​ធ្វើសកម្មភាព ដើម្បី​បំផ្លាញ ភាពចម្រុងចម្រើន និង​ស្ថិរភាព​នៅ​ទីក្រុង​ហុងកុង។” នេះបើតាម​សេចក្តីប្រកាស របស់​ក្រសួង​ការបរទេស​ចិន។

អ្នកនាំពាក្យ​របស់​ស្ថានទូតចិន ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន វិញ ក៏​មិន​បង្អង់មាត់ វាយបក រិះគន់ចំណាត់ការ​របស់​អាមេរិក​ដែរ។ តាមអ្នកនាំពាក្យ​ចិន ចាប់តាំង​ពី​អនុវត្ត​ច្បាប់​សន្តិសុខជាតិ នៅ​មួយឆ្នាំមកនេះ គេ​បាន​ស្តារ សណ្តាប់ធ្នាប់​សង្គម និងធានា​បាន​នីតិរដ្ឋ ឡើងនៅវិញ នៅហុងកុង។

សម្រាប់​អ្នកនាំពាក្យ​របស់​សេតវិមាន លោកស្រី Jen Psaki ប្រឈម​នឹង​ការចាប់ឃុំខ្លួន ហើយនិង​ការជំនុំជម្រះ ដែលមាន​លក្ខណៈ​នយោបាយ នៅហុងកុង ព្រមទាំង​ការបំបិទ​សិទ្ធិ នយោបាយ​តាមលទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​បញ្ចេញមតិ អាមេរិក​នឹង​នៅតែ​បន្តចាត់វិធានការដើម្បីផ្តល់ជំនួយ ជានិច្ច ដល់​ប្រជាជន​ហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ