អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-ចិន

ហុងកុង​ ចាប់​ខ្លួន​សកម្មប្រជា​ធិបតេយ្យ​​ថ្មី​​ទៀត ក្រោយ​ការ​បន្ថែម​ទណ្ឌកម្ម​របស់​អាមេរិក

សកម្មជនប្រជាធិបតេយ្យ​ហុងកុង​ចំនួន ៨នាក់ ត្រូវ​ប៉ូលិស​ចាប់ខ្លួន នៅថ្ងៃ​អង្គារ​ទី​៨ ធ្នូ ២០២០ ស្របទៅតាម​ច្បាប់​ស្តីពី​សន្តិសុខជាតិ ដែល​អនុម័ត​ដោយ​សភា​ចិន កាល​ពីខែមិថុនា​កន្លងទៅ។ ទន្ទឹម​គ្នា​នេះ សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ប្រឆាំង​នឹង​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​សភា​ចិន ដែល​មាន​បន្ទុក​តាក់តែង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង។

សភា​ប្រជាជន​ចិន​ ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​ថ្ងៃ​ទី ២៨ ឧសភា ២០២០
សភា​ប្រជាជន​ចិន​ ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​ថ្ងៃ​ទី ២៨ ឧសភា ២០២០ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​សកម្មជន​ទាំង ៨នាក់ ដែល​ត្រូវ​ចាប់ខ្លួន​​ មាន ៣នាក់ គឺ​ជា​អតីត​សមាជិក​សភា និង​ជា​អតីត​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ហុងកុង។​​ ​យោងតាម​​ប៉ូលិស​ហុងកុង ពួកគេ​ត្រូវ​ចាប់ខ្លួន ដោយ​ជាប់ចោទ​ពីបទ​ញុះញង់ រៀបចំ ឬ​ចូលរួម ក្នុង​បាតុកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត កាល​ពីថ្ងៃ​ទី១កក្កដា​កន្លងទៅ។

ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​អាមេរិក​ ដាក់​ទណ្ឌកម្ម​​ថ្មី​បន្ថែម​ទៀត​ប្រឆាំង​នឹង​ប៉េកាំង។ ជា​ទណ្ឌកម្មដាក់​ប្រឆាំង​លើ​អ្នក​ទទួល​ខុស​ត្រូវ​នៅ ក្នុង​សភា​ចិន​ ​ដែ​លមាន​បន្ទុក​តាក់តែង​ច្បាប់​ស្តី​ពីសន្តិសុខ​ជាតិ​ហុងកុង​ ចំនួន​១៤​រូប មាន​ជា​អាទិ៍​ អនុប្រធាន​គណៈកម្មការ​អចិន្ត្រៃយ៍​សភា​និងសមាជិក ។ អំណើះ​តទៅ អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​សភា​ចិន​នេះព្រមទាំង​ក្រុមគ្រួសារ​​ មិន​អាច​ធ្វើ​ដំណើរ​ទៅ​​ជាន់​ទឹក​ដី​អាមេរិកបាន​​ទៀត​ទេ និង​ពុំ​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក​បាន​ទៀត​ដែរ។ ចំណែក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ដែល​មាន​​នៅ​អាមេរិក​នឹង​ត្រូវ​បង្កក​។

សូម​បញ្ជាក់​ថា​​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ចិន​នេះ ​ជាការ​​ពង្រឹង​ជំហរ​ដាច់​ខាត​របស់​អាមេរិក​ផង និង​ជា​សេចក្តី​សម្រេច​ចិត្ត​ដែល​បាន​ការ​ព្រមព្រៀង​គ្នា​រវាង​ក្រុមការងារ​ក្នុង​រដ្ឋបាលផុត​អាណត្តិ​​លោក ដូណាល់ ត្រាំ និង​អនាគត​រដ្ឋបាល​ថ្មី​របស់​លោក​ ចូ បៃដិន​ ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ