អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-កងទ័ពអាមេរិក

អាមេរិកដកទ័ព​ចេញពីមូលដ្ឋានដ៏ធំជាងគេ​នៅអាហ្វហ្កានីស្ថាន

អាមេរិក​បានបង្ហាញ​​សញ្ញា​ដកទ័ពចេញទាំងស្រុង​ចេញពីអាហ្វហ្កានីស្ថាន តាម​រយៈ​ការដកទ័ព​ចេញពី​មូលដ្ឋាន​យោធា​ Bagram ដែលជាមូលដ្ឋានដ៏ធំជាងគេ​របស់​កងទ័ពបរទេស ក្នុងទឹកដី​អាហ្វហ្កានីស្ថាន។ តាម​មន្រ្តីយោធាជាន់ខ្ពស់​អាមេរិក ដែល​ដកស្រង់សំដី​ដោយ​ទីភ្នាក់ងារព័ត៌មាន​Reuters កងទ័ពអាមេរិក​បាន​ចាកចេញពី​មូលដ្ឋាន​Bagram កាលពីថ្ងៃ​សុក្រ​ទី ២ កក្កដា។ ក្រុមតាលីបង់​ដែលកំពុង​ប្រយុទ្ធ​ធ្វើ​សង្រ្គាមជាមួយ​កងទ័ព​​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ស្វាគម​ត្រេកអរ​ការដកទ័ព​អាមេរិក​ចេញពីមូលដ្ឋានទ័ព Bagram។

U.S. Army soldiers and contractors load High Mobility Multi-purposed Wheeled Vehicles, HUMVs, to be sent for transport as U.S. forces prepare for withdrawl, in Kandahar, Afghanistan, July 13, 2020. Picture taken July 13, 2020. U.S. Army/Sgt. Jeffery J. Harris/Handout via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY.
U.S. Army soldiers and contractors load High Mobility Multi-purposed Wheeled Vehicles, HUMVs, to be sent for transport as U.S. forces prepare for withdrawl, in Kandahar, Afghanistan, July 13, 2020. Picture taken July 13, 2020. U.S. Army/Sgt. Jeffery J. Harris/Handout via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. via REUTERS - US ARMY
ផ្សាយពាណិជ្ជកម្ម

ស្ថិតនៅចម្ងាយ ៥០គីឡូម៉ែត្រ ពី​ទីក្រុង​កាប៊ូល មូលដ្ឋាន​កងទ័ព Bagram ជា​ទីតាំង​យុទ្ធសាស្រ្ត​ និង​ជា​កន្លែង​ផ្គត់ផ្គង់​សព្វាវុធដ៏​សំខាន់​​របស់​​កងទ័ព​បរទេស សម្រាប់​ធ្វើ​សង្រ្គាមប្រយុទ្ធប្រឆាំង​នឹង​ពួកតាលីបង់ ២០ឆ្នាំមកនេះ។ គឺ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស Bagram​នេះ​ហើយ ដែលកងទ័ព​​​របស់​អាមេរិក​និង​អូតង់តែង​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​វាយប្រហារ​ពួកតាលីបង់។

ប៉ុន្តែ នៅ​ថ្ងៃ​សុក្រ មូលដ្ឋានទ័ព​ Bagram ដែល​ធ្លាប់​ជាកូនក្រុង​រៀបចំតាមបែបប្រទេស​លោកខាងលិច ព្រោះមាន​ហាង​Burger ឬ​អាងហែលទឹកសម្រាប់​កងទ័ពបរទេស បាន​ស្ងាត់​បាត់​កងទ័ពអាមេរិក។ នៅពេល​មន្រ្តីជាន់ខ្ពស់​អាមេរិក​អះអាងថា កងទ័ពអាមេរិក​បានចាកចេញពី​មូលដ្ឋានទ័ពអាកាស​ Bagram ​កាលពីថ្ងៃ​សុក្រ អ្នកទទួល​ខុសត្រូវ​ខាងផ្នែក​សន្តិសុខ​​អាមេរិក​ដែល​សុំ​មិន​បញ្ចេញឈ្មោះ បាននិយាយ​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​Reuters ថា កងទ័ពអាមេរិក និងកងកម្លាំងអូតង់ត្រូវ​បាន​ដកចេញអស់​ ទាំងស្រុង​ពី​មូលដ្ឋាន Bagram។

នៅក្នុង​សារទ្វីត កាលពីថ្ងៃ​សុក្រ អ្នកនាំពាក្យ​របស់​ក្រសួង​ការពារ​ជាតិអាហ្វហ្កានីស្ថាន​បានបញ្ជាក់ថា ព្រលានយន្តហោះយោធា Bagram ​ត្រូវ​បាន​ប្រគល់​ជាផ្លូវការទៅ​ឲ្យ​ក្រសួងការពារ​ជាតិ​អាហ្វហ្កានីស្ថាន។ បន្ទាប់ពី​កងទ័ពអាមេរិក និង​សម្ព័ន្ធមិត្ត​ដកខ្លួន​ចេញអស់​ពី​មូលដ្ឋាន​Bagram កងទ័ព​អាហ្វហ្កានីស្ថាន​ជាអ្នកការពារ និង​ប្រើ​មូលដ្ឋានទ័ព​ Bagram ​ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម។ សមត្ថភាព​របស់​កងទ័ពអាហ្វហ្កានីស្ថាន​ដើម្បី​គ្រប់គ្រង​មូលដ្ឋាន​ Bagram ​ជា​ចំណុចគន្លឹះសំខាន់ដើម្បីធានា​សន្តិសុខ​ឲ្យ​តំបន់​ជុំវិញរដ្ឋធានីកាប៊ូល និង​ដើម្បី​ដាក់សម្ពាធ​លើពួកតាលីបង់។

នៅថ្ងៃ​សុក្រ អ្នកនាំពាក្យរបស់​ក្រុមឧទ្ទាមតាលីបង់​បាន​បង្ហាញការត្រេកអរ ដោយ​សង្ឃឹមថា ការដកទ័ពអាមេរិក​ជា​ដំណាក់កាល​វិជ្ជមាន ដើម្បី​ជួយ​ឲ្យប្រជាជន​អាហ្វហ្កានីស្ថាន​អាចឈាន​ចាប់យកបាន​ស្ថិរភាព និងសន្តិភាព។

អាមេរិក​បាន​ចាប់ផ្តើម​ដកកងទ័ព​របស់ខ្លួន តាំង​ពីខែ​ឧសភា ទៅតាម​កិច្ចព្រមព្រៀង​ជាមួយ​ពួកតាលីបង់ ដែលបាន​សន្យាថា នឹង​មិនអនុញ្ញាត​ឲ្យ​ពួកភេរវនិយម​ប្រើប្រាស់ទឹកដីអាហ្វហ្កានីស្ថានដើម្បី​វាយប្រហារអាមេរិក។ ពួកតាលីបង់​ត្រូវសន្យាផងដែរថា​ នឹង​​ចរចាសន្តិភាព​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។

នៅចំពោះមុខ​ ​ការដកទ័ពអាមេរិក​ពីអាហ្វហ្កានីស្ថាន ម៉ូស្គូ តាមរយៈ​រដ្ឋមន្រ្តីការបរទេស​បាន​សំដែង​ក្តីបារម្ភ ពីគ្រោះថ្នាក់​របស់ក្រុមជីហាតរដ្ឋអ៊ីស្លាម ដែលកំពុង​ពង្រីក​ដែនឥទ្ធិពលរបស់ខ្លួន​នៅភាគខាងជើង​អាហ្វហ្កានីស្ថាន។ ក្រៅពី​ក្រុមជីហាត កងទ័ព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​កំពុង​រងការវាយប្រហារ​ផងដែរ​ពី​ក្រុមតាលីបង់​ដែលបាន​បង្កើនការប្រយុទ្ធ​ដណ្តើម​យក​ស្រុក​ និងប៉ុស្តត្រួតពិនិត្យពី​កងទ័ព​រដ្ឋាភិបាល​​នៅភាគខាងជើង​ប្រទេស។

ទាត់ចោល​យោបល់​របស់​មេបញ្ជាការអាមេរិក​ដែល​ទាមទារ​ឲ្យ រក្សា​ទ័ពអាមេរិក ​រហូតដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាពរវាង​ពួកតាលីបង់ និង​កងទ័ពអាហ្វហ្កានីស្ថាន ​ប្រធានាធិបតី​អាមេរិក លោកចូ បៃដិន​នៅតែអះអាង​​ថា កងទ័ពអាមេរិកត្រូវ​ត្រលប់ទៅផ្ទះវិញ ពីពេលនេះ រហូតដល់​ខែ កញ្ញា។ ប៉ុន្តែ តាមការចុះផ្សាយ​របស់​កាសែត​អាមេរិក ក្រសួងការពារ​ជាតិ​អាមេរិក​ត្រូវ​បន្ត​ទុក កងទ័ពអាមេរិក​ប្រមាណ ៦០០​នាក់ សម្រាប់​បន្ត​រក្សា​ការពារ​សន្តិសុខ​ឲ្យ​ស្ថានទូត​អាមេរិក នៅទីក្រុង​កាប៊ូល។ នៅក្នុង​សេចក្តីថ្លែងការណ៍ នៅ​សប្តាហ៍នេះ ស្ថានទូតអាមេរិក នៅអាហ្វហ្កានីស្ថានបាន​ប្រកាសថា អាមេរិក​បាន​ប្តេជ្ញា​ជួយ​ប្រជាជនអាហ្វហ្កានីស្ថាន និង​បន្តផ្តល់ជំនួយផ្នែកសន្តិសុខ ដល់អាហ្វហ្កានីស្ថាន ក្នុង​ទំហំទឹកប្រាក់៣ពាន់លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ