អានតួអត្ថបទ
ថៃ-ច្បាប់ជេរប្រមាថព្រះមហាក្សត្រ

លោក ថាណាថន អតីត​បេក្ខជននាយករដ្ឋមន្រ្តីថៃ រងចោទប្រកាន់​ពីបទ ជេរប្រមាថ​ព្រះមហាក្សត្រ

តុលាការ​ថៃ បានសម្រេច នៅថ្ងៃ អង្គារ​ទី​៣០មីនា ចោទប្រកាន់ អតីតប្រធានបក្ស​ប្រឆាំងថៃ អណាឃត់ម៉ៃ លោក​ថាណាថន​ពី​បទ​ជេរប្រមាថ​ព្រះមហាក្សត្រ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា។ កំហុស​របស់​លោកថាណាថន គឺ បាន​បង្ហោះផ្សាយផ្ទាល់វីដេអូ នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែលនៅក្នុងនោះ លោក​បាន​រិះគន់​យុទ្ធសាស្ត្រា​ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ​របស់​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក​ប្រាយុទ្ធ ចាន់អូចា។

បន្ទាប់ពីត្រូវ​ហាម​ លែង​ឲ្យមាន​សិទ្ធិធ្វើនយោបាយ​ មហាសេដ្ឋី​ថៃ លោក​ថាណាថន ជួងរុងរួងគីត ​បាន​ទៅបង្ហាញខ្លួននៅប៉ុស្តប៉ូលិស ថៃ កាលពីថ្ងៃ​ចន្ទទី​២៩​មីនា បន្ទាប់ពីលោកត្រូវ​ប៉ូលិស​ចោទប្រកាន់ពីបទជេរប្រមាថព្រះមហាក្សត្រ
បន្ទាប់ពីត្រូវ​ហាម​ លែង​ឲ្យមាន​សិទ្ធិធ្វើនយោបាយ​ មហាសេដ្ឋី​ថៃ លោក​ថាណាថន ជួងរុងរួងគីត ​បាន​ទៅបង្ហាញខ្លួននៅប៉ុស្តប៉ូលិស ថៃ កាលពីថ្ងៃ​ចន្ទទី​២៩​មីនា បន្ទាប់ពីលោកត្រូវ​ប៉ូលិស​ចោទប្រកាន់ពីបទជេរប្រមាថព្រះមហាក្សត្រ REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

មហាសេដ្ឋី និង​ជាអតីត​ប្រធាន​បក្សប្រឆាំង ដ៏មាន​ប្រជាប្រិយភាព​នៅប្រទេស​ថៃ លោក​ថាណាថន ជួងរុងរួងគីត ត្រូវ​បាន​តុលាការក្រុង​បាងកក ចោទប្រកាន់ ក្រោមច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ និង​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ បន្ទាប់ពី លោក​បង្ហោះផ្សាយ​ផ្ទាល់វីដេអូ តាម​បណ្តាញ​សង្គម ហ្វេសប៊ុក ដែលនៅក្នុងនោះ លោក​ថាណាថន​បាននិយាយ​រិះគន់​យុទ្ធសាស្រ្ត​ចាក់វ៉ាក់សាំង របស់​រដ្ឋាភិបាល​ថៃ។ សម្រាប់លោក​ថាណាថន យុទ្ធសាស្រ្ត​ចាក់វ៉ាក់សាំង របស់​រដ្ឋាភិបាលដែល​រំពឹងផ្អែក​ខ្លាំងពេក​តែ​ទៅលើ​ក្រុមហ៊ុន​Siam BioScience តែមួយ គឺ​ជា​ហានិភ័យខ្ពស់។

លោក​ថាណាថន រងចោទប្រកាន់ ក្នុង​បទជេរប្រមាថ ព្រះមហាក្សត្រ ក៏ដោយសារ តែ នៅក្នុង​វីដេអូ លោក​បាន​និយាយ​ដល់​ក្រុមហ៊ុន Siam BioScience ដែល​ គ្រប់គ្រង​ដោយ​Crown property bureau ការិយាល័យ​ហិរញ្ញវត្ថុ​របស់​រាជវាំង។

នៅ​ក្រៅ​តុលាការក្រុង​បាងកក កាលពីថ្ងៃអង្គារ លោក​ថាណាថន​បាន​និយាយ​ថា បើ​មើល​វីដេអូ​ហ្វេសប៊ុក​របស់​លោក​ឡើង គ្មានចំណុច​ណាមួយ ដែល​បង្ហាញថា លោក​និយាយ​រំលោភច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ​នោះទេ។

លោក​ថាណាថន​អះអាងដែរ​ថា អ្វី​ដែល​លោកបាន​ធ្វើ គឺដើម្បី​ផលប្រយោជន៍​របស់​ប្រទេស និង​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សព្វថ្ងៃ​ពិនិត្យ​មើលសាឡើងវិញ យុទ្ធសាស្រ្ត​ចាក់វ៉ាក់សាំង​របស់ខ្លួនឡើងវិញ​តែប៉ុណ្ណោះ។ ដូច្នេះ លោក​គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​នៅក្នុង​រឿងក្តីក្តាំ​លើកនេះទេ។

មួយវិញទៀត បទចោទប្រកាន់​កាលពី​ថ្ងៃ​អង្គារ​មិន​បាន​ធ្វើ​ឲ្យ​លោក​ថាណាថន ដកថយ លែង​រិះគន់​រដ្ឋាភិបាល​នោះទេ។ លោក​ថាណាថន បាន​សំដែង​ការបារម្ភ​ដែល​ឃើញ យុទ្ធនាការ​ចាក់វ៉ាក់សាំង​របស់​រដ្ឋាភិបាល យឺត ពោល​គឺ​បាន​ត្រឹមតែ​១សែន ៥ម៉ឺននាក់ ប៉ុណ្ណោះ​ក្នុង​រយៈពេល​១ខែ​មកនេះ។ តាម​លោក​ថាណាថន ថៃ​កំពុង​មាន​វ៉ាក់សាំង ១លាន ដូស ប៉ុន្តែ សព្វថ្ងៃនេះ ថៃ​ចាក់វ៉ាក់សាំង បាន​តែ ៥ពាន់​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ ដែលធ្វើ​ឲ្យ​ថៃ​ត្រូវការ ពេល​២០០​ថ្ងៃ ដើម្បី បង្ហើយ វ៉ាក់សាំង ១លានដូស។

លោកនាយករដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា ធ្លាប់​បាន​ចេញមុខ ការពារ​នយោបាយ ចាក់វ៉ាក់សាំង របស់​រដ្ឋាភិបាល​ថៃ ដែលនៅក្នុងនោះ រដ្ឋាភិបាល បាន​កុម្ម៉ង់ទិញ វ៉ាក់សាំង របស់​ក្រុមហ៊ុន​អង់គ្លេសស៊ុយអែត AstraZeneca ៦១លានដូស ចំណែក ក្រុមហ៊ុន​Siam BioScience ជា​អ្នកបាន​ទទួល​សិទ្ធិ​ផលិត​វ៉ាក់សាំង AstraZeneca ចំនួន ២០០​លាន​ដូស សម្រាប់​ការប្រើប្រាស់ នៅប្រទេស​ថៃ និង​ប្រទេស​ជិតខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ