អានតួអត្ថបទ
ទណ្ឌកម្ម​អាមេរិក​លើកងទ័ពភូមា

អាមេរិក​លម្អិត​ទណ្ឌកម្ម​សេដ្ឋកិច្ច ដែលសំដៅ​តែ​មេដឹកនាំ​យោធា​ភូមា

នៅភូមា បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​យោធា​ភូមា បាន​ឈាន​ចូល​ដល់​ថ្ងៃទី ៧ និង​កាន់តែ​រីកធំឡើង បើទោះ​មាន​ការបង្រ្កាប និង​ចាប់ខ្លួន បាតុករ ជាច្រើន​រយនាក់។ ក្រៅតែ​ពី​​បាតុកម្ម​ដង្ហែរក្បួន នៅតាមទីក្រុង​ធំៗ នៅ​ភូមា នៅថ្ងៃ​សុក្រ នេះ មន្រ្តីរដ្ឋការ ប៉ូលិស បុគ្គលិក​ពេទ្យ​បានធ្វើ​កូដកម្ម មិន​ព្រម​ធ្វើការ ដើម្បី ទាមទារ​ឲ្យ​របបសឹកភូមា ដោះលែង​លោកស្រី​អ៊ុងសាន ស៊ូជី។ ប្រមុខដឹកនាំ​យោធា លោក​មីន អ៊ុងឡាំង​បាន​គំរាមពីផលវិបាក បើសិន​គេ​មិនព្រម​ត្រលប់​ចូលធ្វើការ។ កងទ័ព​ភូមា​បានបង្កើន​ការចាប់ខ្លួន​មន្រ្តីប្រឆាំង ដោយ​មិន​ខ្លាច​រអា នឹង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក។ អាមេរិក​ដែល​បាន​លម្អិត​ទណ្ឌកម្ម​របស់ខ្លួន ទៅលើ​មេដឹកនាំ​យោធា​ភូមា។

មេដឹកនាំ​របបសឹកភូមា​ជាផ្ទាំងស៊ីបពិសេស នៅក្នុង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​លោកប្រធានាធិបតី​ចូ បៃដិន​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធទី ១០​កុម្ភៈ ២០២១
មេដឹកនាំ​របបសឹកភូមា​ជាផ្ទាំងស៊ីបពិសេស នៅក្នុង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​លោកប្រធានាធិបតី​ចូ បៃដិន​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធទី ១០​កុម្ភៈ ២០២១ REUTERS - JORGE SILVA
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃ​ក្រោយ លោកប្រធានាធិបតី ចូ​បៃដិន ចេញក្រឹត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើអ្នកទទួលខុសត្រូវ ធ្វើ​រដ្ឋប្រហារ​យោធា​នៅ ភូមា រដ្ឋមន្រ្តី ក្រសួង​អាមេរិកាំង សំខាន់ៗ​ចំនួន​៣ បាន​ចេញមុខ​មក​លម្អិត ទណ្ឌកម្ម​សេដ្ឋកិច្ច ដែលលោក​ចូ បៃដិន សំដៅ ជាពិសេស មេដឹកនាំ​យោធា ភូមា លោក មីន អ៊ុងឡាំង។

នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តី ហិរញ្ញវត្ថុ​អាមេរិក លោកស្រី Janet Yellen បាន​និយាយ​ព្រមាន​ថា អាមេរិក​ត្រៀម​ចាត់វិធានការ​បន្ថែម បើសិន​កងទ័ព​ភូមា មិន​ព្រម ដោះលែង​លោកស្រី​អ៊ុងសាន ស៊ូជី និង​ត្រលប់​មក​ស្តារ​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ។ ក្នុង​ករណី​កងទ័ព​ភូមា​ប្រើ​អំពើហិង្សា ដើម្បី បង្រ្កាប​ទៅលើបាតុកម្ម​សន្តិភាព នោះ កងទ័ព​ត្រូវដឹង​ថា ទណ្ឌកម្ម របស់​អាមេរិក​នឹង​មានច្រើន​តទៅទៀត។

ទៅតាម​ក្រឹត​ប្រធានាធិបតី​ដែល​បើកផ្លូវ​ឲ្យ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​អ្នកដែល​រៀបចំ​ឲ្យមាន​រដ្ឋប្រហារ​នៅភូមា មេដឹកនាំ​យោធា មីន អ៊ុងឡាំង ​អនុប្រធាន​របស់​លោក ឈ្មោះ សូ វីន ហើយ​និង​ក្រុមហ៊ុន ​ត្បូង ​ចំនួន ៣ ត្រូវជាប់​ក្នុង​សំណាញ់​ទណ្ឌកម្ម​របស់អាមេរិក។ នៅពេល លោកមីន អ៊ុងឡាំង និង​អនុប្រធាន​របស់លោក ធ្លាប់​ស្ថិត​ក្នុងបញ្ជី​ទណ្ឌកម្ម របស់​អាមេរិក ដោយសារ​សំណុំរឿង ធ្វើទុក្ខបុកម្នេញ​លើជនជាតិ​រ៉ូហ៊ីងយ៉ា នេះ​ជា​លើកទី​១​ដែល​ក្រុមហ៊ុន​ឯកជន ធ្វើជំនួញ​លើ​ត្បូងភូមា ត្រូវ​ជាប់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក ក្នុង​ហេតុផលថា ក្រុមហ៊ុន​ដើរតួ​សំខាន់ នៅក្នុង​ប្រព័ន្ធដឹកនាំ​យោធា ភូមា។ ជារួម មាន​មន្រ្តី យោធា​ភូមា ១០​រូប ដែល​ក្នុងនោះ មាន លោក​មីន អ៊ុងឡាំង និង​រដ្ឋមន្រ្តី ការពារ​ជាតិ រដ្ឋមន្រ្តី​ដឹកជញ្ជូន​ផង សុទ្ធ​តែ​ជាប់ក្នុង​បញ្ជីទណ្ឌកម្ម​របស់​រដ្ឋបាលអាមេរិក។

នៅថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការបរទេស​អាមេរិក បាន​ប្រកាស​ផងដែរថា ក្រសួង​នឹង​បង្វែរ​ប្រាក់ជំនួយ​ជាង ៤២​លាន​ដុល្លារ ដែល​ត្រូវ​ផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ភូមា ដើម្បី យកជួយ​អង្គការ​សង្គមស៊ីវិល ឬ​ក្រុមហ៊ុន​ឯកជន​ភូមា។ ចំណែក​រដ្ឋមន្រ្តី ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បានបញ្ជាក់ថា ក្រសួង​នឹង​ចាត់វិធានការ​បន្ទាន់ ដើម្បី​រឹតបន្តឹង​ការនាំចេញ​ទំនិញ​ទាំងឡាយ ណា ដែល​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​កងទ័ព​ភូមា។

នៅក្រោយ​ការប្រកាស​របស់​លោក​ចូ បៃដិន ដើម្បី​ដាក់ទណ្ឌកម្ម​លើកងទ័ពភូមា រដ្ឋាភិបាល​អាមេរិកាំង​បាន​អះអាងដែរថា ខ្លួន​បាន​ចាត់វិធានការ​រួចហើយដើម្បី កុំ​ឲ្យ​កងទ័ព​ភូមា​អាច​ ចូលប្រើប្រាស់​ទឹកប្រាក់ជាង ១ពាន់លាន​ដុល្លារ ដែល​ជា​មូលនិធិ​ជាតិ​របស់​រដ្ឋភូមា ដែល​មានរក្សា​ទុក នៅទឹកដី អាមេរិក។

ឧត្តមស្នងការ​សិទ្ធិមនុស្ស ដែល​មានទីតាំង​នៅ​ទីក្រុង​ហ្សឺណែវ បានអំពាវនាវ​ឲ្យ គេផ្តោត ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ តែទៅលើ​មេដឹកនាំ​យោធា ប៉ុន្តែ មិនមែន​រដ្ឋាភិបាល ភូមា ជាទូទៅ ជៀសវាង​កុំ​ឲ្យប្រជាជន​ភូមា​រងគ្រោះ​បន្ថែមទៀត៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ