អានតួអត្ថបទ
ភូមា

ភូមា៖ អាមេរិក​ដាក់​ទណ្ឌកម្ម​​ក្រុម​យោធា ខណៈ​​បាតុកម្ម​​​ប្រជាជន​ភូមា​​​ផុសផុល​កាន់តែ​ធំ

ស្ថានការណ៍នយោបាយ​នៅភូមា បន្តក្តីគគុក ដោយ​នៅថ្ងៃព្រហស្បតិ៍ ប្រជាជនភូមាច្រើនម៉ឺននាក់ បានធ្វើបាតុកម្ម បើទោះបី​ជាមានការ​ប្រើកម្លាំង បង្រ្កាបពីសំណាក់អាជ្ញាធរយ៉ាងណាក៏ដោយ។ រដ្ឋាភិបាល​អាេមរិក របស់​លោកចូ បៃដិន បានប្រកាសថា បានចាត់វិធានការទណ្ឌកម្ម ដោយ​បានបញ្ចុះ​លទ្ធភាព​ប្រើប្រាស់ប្រាក់ របស់​ក្រុមយោធាភូមា មកនៅត្រឹមតែ១ពាន់លានដុល្លារប៉ុណ្ណោះ។

ព្រះសង្ឃចូលរួមបាតុកម្ម ជាមួយ​ប្រជាជនភូមា នៅក្រុងម៉ាន់ដាឡេ ថ្ងៃទី​១០ ធ្នូ ២០២១
ព្រះសង្ឃចូលរួមបាតុកម្ម ជាមួយ​ប្រជាជនភូមា នៅក្រុងម៉ាន់ដាឡេ ថ្ងៃទី​១០ ធ្នូ ២០២១ AP - STR
ផ្សាយពាណិជ្ជកម្ម

កាលពីពីរថ្ងៃមុន សមត្ថកិច្ចភូមាបានចាប់ផ្តើមប្រើកម្លាំង ដើម្បីបំបែកហ្វូងបាតុករ ដោយការបាញ់គ្រាប់កាំភ្លើងជ័រ និងបាញ់ទឹកជាដើម។ បាតុករ២នាក់បានរងរបួសជាទំងន់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត។ តែយ៉ាងណាក៏ដោយ ប្រជាជនភូមា ជាច្រើនម៉ឺននាក់ បានចុះផ្លូវធ្វើបាតុកម្ម កាន់តែច្រើននៅថ្ងៃព្រហស្បតិ៍ទី​១១កុម្ភៈនេះ។ បុគ្គលិកស្ថាប័នរដ្ឋ បុគ្គលិកឯកជន សឹងទូទាំងប្រទេស បានរួមគ្នាធ្វើកូដកម្ម មិនចូលធ្វើការ ដើម្បីចូលរួមក្នុងសកម្មភាព​បាតុកម្មទូទាំងប្រទេស។

ក្រៅពីជនជាតិភូមា នៅមានជនជាតិដើមភាគតិច ដូចជាជនជាតិការ៉េន ជនជាតិរ៉ាឃីន និង​កាឈីនជាដើម បានចូលរួម​ធ្វើបាតុកម្មជាច្រើនម៉ឺននាក់ ក្នុងសម្លៀកបំពាក់ប្រពៃណី ដើម្បី​ប្រឆាំងនឹងអំណាចផ្តាច់ការរបស់​ក្រុមកងទ័ពជាតិភូមា ហើយទាមទារ ឲ្យ​ដោះលែង​លោកស្រីអ៊ុងសាន ស៊ូជី និងអ្នកទោសនយោបាយ​ទាំងអស់។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ សមត្ថកិច្ចភូមា បានចុះចាប់ខ្លួន មនុស្សជាច្រើននាក់ ដើម្បីសំដៅ​បង្អាក់សន្ទុះចលនាបាតុកម្ម។ ក្នុងចំណោមអ្នកដែលត្រូវគេចាប់ខ្លួន នៅយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍នេះ គឺមានលោក អនុប្រធានសភារដ្ឋសភាភូមា ព្រមទាំង​សកម្មជន​នយោបាយ​ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ច្រើននាក់ទៀត។ បើគិតពីថ្ងៃទី​១កុម្ភៈ គឺមានមនុស្សជាង​២០០នាក់ ដែលត្រូវគេចាប់ខ្លួន។

កាលពីថ្ងៃពុធ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបញ្ជាក់ប្រាប់ថា រដ្ឋបាលលោក បានចេញ​វិធានការទណ្ឌកម្មហិរញ្ញវត្ថុ ទៅលើ​ក្រុមមេទ័ពភូមា ដោយ​បាន​កាត់បន្ថយលទ្ធភាពប្រើប្រាស់ប្រាក់​របស់ក្រុមនេះ តែត្រឹមចំនួន​១ពាន់លានដុល្លារ។ លោកចូ​ បៃដិន បានបន្ថែមថា លោកកំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមទៀត ដែលនឹងប្រកាសនៅសប្តាហ៍ក្រោយ ដើម្បី​ដាក់សំពាធឲ្យ​កងទ័ពភូមា ដោះលែងលោកស្រីអ៊ុងសាន ស៊ូជី។ ដូចគ្នាដែរ លោក ចូហ្សែព បូរែល ប្រមុខការទូតសហភាពអឺរ៉ុប បានប្រាប់ថាសហភាពអឺរ៉ុប កំពុងពិចារណារកទណ្ឌកម្ម ឲ្យ​មានប្រសិទ្ធភាព ដែលអាចជាទណ្ឌកម្មហិរញ្ញវត្ថុដោយ​ផ្ទាល់ទៅលើ​ក្រុមមេទ័ពភូមា និង​ទណ្ឌកម្ម​ទៅលើអ្នករកស៊ីធំៗភូមា ដែលសហការជាមួយ​ក្រុមយោធា។

នៅថ្ងៃសុក្រ ទី​១២ កុម្ភៈ ក្រុមប្រឹក្សាសិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំពិសេសមួយ​ ស្តីពី​បញ្ហាភូមានេះ។ គេកំពុងតាមដានមើល​ យ៉ាងយកចិត្តទុកដាក់បំផុត ស្តីពី​គោលជំហរ របស់​ចិន និងរុស្ស៊ី នៅក្នុងសំណុំរឿងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ