អានតួអត្ថបទ
ភូមា-នយោបាយ

ភូមា៖កងទ័ពបន្តបើកយុទ្ធនាការចាប់ខ្លួន ខណៈដែលចលនាមហាជនកំពុងបន្តមានសន្ទុះខ្លាំង

នៅ​ក្នុង​ប្រទេស​ភូមា ៤ថ្ងៃ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី​អ៊ុង សានស៊ូជី ចលនា​មហាជន​មក​ពី​គ្រប់ស្រទាប់​វណ្ណៈ​ប្រឆាំង​នឹង​របបសឹក​បាន និង​កំពុង​ក៏​កំពុង​មាន​យ៉ាង​ផុសផុល​នា​ថ្ងៃ​សុក្រ ទី៥ កុម្ភៈ។ ទន្ទឹម​គ្នា​នេះ កងទ័ព​ក៏​កំពុង​បន្ត​បើក​យុទ្ធនាការ​ចាប់​ខ្លួន​ក្រុម​អ្នកនយោបាយ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ និង​ក្រុម​សកម្មជន​អ្នក​ប្រជាធិបតេយ្យ​ផ្សេង​ទៀត។ លោក​វីន ថេន​ដែល​ជា​ឥស្សរជន​ជើងចាស់​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យត្រូវ​បាន​កងទ័ព​ចាប់​ខ្លួន​នៅ​ផ្ទះ​កូនស្រី​របស់​គាត់​នា​ព្រលឹមស្រាងៗ​ព្រឹក​ថ្ងៃ​សុក្រ ទី៥ កុម្ភៈ​នេះ។

ក្រុម​សិស្ស និស្សិត​ភូមា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របបសឹក​ភូមា
ក្រុម​សិស្ស និស្សិត​ភូមា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របបសឹក​ភូមា AP - Manish Swarup
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​ភូមា​មក​ពី​គ្រប់​មជ្ឈដ្ឋាន​មាន​តាំង​ពី​ប្រជាជន​សាមញ្ញ គ្រូបង្រៀន សិស្ស និស្សិត ក្រុម​មេធាវី ក្រុម​គ្រូពេទ្យ និង​មន្រ្តីរដ្ឋការ​បាន​បន្ត​នាំ​គ្នា​ប្រឆាំង​នឹង​ក្រុម​ឧត្តមសេនីយ​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​កាល​ពី ៤ថ្ងៃ​មុន។ នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ក្រុម​បាតុករ​ជា​គ្រូបង្រៀន និង​សិស្ស និស្សិត​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ដោយ​បាន​លើក​ម្រាមដៃ​ចំនួន ៣ ជា​សញ្ញា​នៃ​ការ​តស៊ូ​ដែល​ចម្លង​គំរូ​តាម​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ហុងកុង និង​នៅ​ប្រទេស​ថៃ។ ទន្ទឹម​គ្នា​នេះ ពួក​គេ​ក៏​បាន​ស្រែក​ច្រៀង​នូវ​ចម្រៀង​ពេញនិយម​មួយ​កាល​ពី​សម័យ​បះបោរ​ប្រឆាំង​នឹង​របបសឹក​ក្នុង​ឆ្នាំ ១៩៩៨ និង​ដែល​កាល​ណោះ​ត្រូវ​បាន​របបសឹក​វាយបង្រ្កាប​យ៉ាង​ចាស់ដៃ។

« ដរាប​ណា​ពួក​ឧត្តមសេនីយ​បន្ត​កាន់​អំណាច យើង​នឹង​មិន​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ទេ។ បើ​ទាំង​អស់​គ្នា​ធ្វើ​ដូច​នេះ ប្រព័ន្ធ​ដឹកនាំ​របស់​កងទ័ព​នឹង​មិន​អាច​នៅ​យូរ​បាន​ឡើយ » នេះ​ជា​ការ​ថ្លែង​របស់​គ្រូបង្រៀន​ម្នាក់។ ចំណែក​ប្រជាជន​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​បាន​នាំ​គ្នា​បន្ត​ចុច​ស៊ីផ្លេឡាន និង​ដំ​លើ​គូទឆ្នាំង​ដើម្បី​បណ្តេញ​ព្រាយបីសាច​ដែល​ជា​ពួក​កងទ័ព។ ខណៈ​ដែល​ចលនា​មហាជន​កំពុង​បន្ត​មាន​កាន់​តែ​ខ្លាំង កងទ័ព​ក៏​កំពុង​បន្ត​ប្រតិបត្តិការ​ចាប់​ខ្លួន​ក្រុម​អ្នកនយោបាយ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ និង​ក្រុម​សកម្មជន​អ្នក​ប្រជាធិបតេយ្យ​ផ្សេង​ទៀត។ អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ដែល​មាន​ទីស្នាក់ការ​ក្នុង​ក្រុង​រ៉ង់ហ្គូន​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ជិត ១៥០នាក់​ត្រូវ​បាន​កងទ័ព​ចាប់​ខ្លួន។

ជាក់ស្តែង​នៅ​ព្រលឹម​ស្រាងៗ​ព្រឹក​ថ្ងៃ​សុក្រ ទី៥ កុម្ភៈ កងទ័ព​បាន​ចាប់​ខ្លួន​លោក​វីន ថេន​នៅ​ផ្ទះ​កូនស្រី​របស់​គាត់។ មាន​អាយុ ៧៩ឆ្នាំ លោក​វីន ថេន​ជា​ឥស្សរជន​នយោបាយ​ជើងចាស់​ម្នាក់​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ និង​ធា្លប់​បាន​ជាប់​គុក​ជាង ២០ឆ្នាំ​នៅ​ក្នុង​របបសឹក​ពី​ឆ្នាំ ១៩៨៩​ដល់​ឆ្នាំ ២០១០។ ព្រឹត្តិការណ៍​រដ្ឋប្រហារ​នៅ​ភូមា​កំពុង​ត្រូវ​បាន​បស្ចិមលោក​បន្ត​ថ្កោលទោស។ តែ​នៅ​ក្នុង​កិច្ចប្រជុំបន្ទាន់​របស់​ក្រុមប្រឹក្សាសន្តិសុខ សេចក្តីថ្លែងការណ៍​រួម​បាន​ត្រឹម​សម្តែង​ក្តីបារម្ភ និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ដែល​បាន​ចាប់​ខ្លួន ពោល​មិន​បាន​ថ្កោលទោស​លើ​រដ្ឋប្រហារ​នោះ​ទេ។ នេះ​ក៏​ដោយសារ​តែ​មាន​ការ​រារាំង ជំទាស់​ពី​ប្រទេស​រុស្ស៊ី និង​ចិន ពិសេស​ចិន​ដែល​ជា​អ្នក​គាំទ្រ និង​ការពារ​ភូមា​ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់​នៅ​អង្គការ​សហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ