អានតួអត្ថបទ
ភូមា

ក្រោយ​រដ្ឋប្រហារ ចលនា​ប្រជាជន​​តវ៉ា​ប្រឆាំងនឹងរបប​សឹក​ចាប់​កើតឡើង

ពីរ​ថ្ងៃ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល ដែល​សហគមន៍​អន្តរជាតិ​បាន​ធ្វើ​ការ​ថ្កោល​ទោស​ជា​ទូទៅមក ការ​ទាមទារ​ឱ្យ​ប្រជាជន​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​របប​សឹក ចាប់កើត​មានកាន់​តែ​ច្រើន​ឡើងៗ។​ នៅ​ថ្ងៃពុធ​ទី ៣​កុម្ភៈ២០២១ ក្រុម​គ្រូពេទ្យ បុគ្គលិក​សុខាភិបាល បាន​នាំមុខ​ងើប​តវ៉ាមុនគេ។ ហើយ​ទន្ទឹម​គ្នា​​នេះ​ សហរដ្ឋអាមេរិក ​បានធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ក្រុមយោធា​ភូមាពី​បទ​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពីលោកស្រី អ៊ុងសានស៊ូជី និង​បាន​សន្យា​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ប្រឆាំង​នឹង​ក្រុម​ឧត្តមសេនីយ៍​ទាំង​អស់​នោះ។

ប្រជាពលរដ្ឋ​នៅ​Rangoun នាំ​គ្នា​គោះចាន គោះ​ឆ្នាំ​ សម្តែង​ការ​ប្រឆាំងនឹង​របប​សឹក យប់​ថ្ងៃទី ២កុម្ភៈ ២០២១
ប្រជាពលរដ្ឋ​នៅ​Rangoun នាំ​គ្នា​គោះចាន គោះ​ឆ្នាំ​ សម្តែង​ការ​ប្រឆាំងនឹង​របប​សឹក យប់​ថ្ងៃទី ២កុម្ភៈ ២០២១ AFP - STR
ផ្សាយពាណិជ្ជកម្ម

ចលនា​​បះបោរ​តវ៉ា​ប្រឆាំង​នឹង​របប​សឹក​ចាប់​លេច​ជា​សញ្ញា​បណ្តើរៗ។ ក្រុមគ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល​ បាន​នាំ​គ្នា​ចង​បូ​ក្រហម​ និង​ប្រកាស​មិន​ធ្វើ​ការ​ទេ លើក​លែង​តែ​ដើម្បី​សង្គ្រោះ​អ្នក​ជំងឺ​ករណី​បន្ទាន់។ អ្នក​ទទួល​ខុស​ត្រូវ​មន្ទីរ​ពេទ្យ Magway ​ ដែល​មាន​គ្រែអាច​ទទួល​អ្នក​ជំងឺ​បាន១០០​នាក់ បានប្រកាស​ថា​ពួកគេ​គោរព​តែ​បញ្ជា​របស់​រដ្ឋាភិបាល​ប្រសូត​​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​សេរី​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។

​ក្រុម​ “ចលនាតវ៉ាប្រជាជន​” ក៏​ទើប​ត្រូវ​បាន​បង្កើត​ឡើង​តាម​ប្រព័ន្ធ​សង្គម ហ្វេសប៊ុក ដោយប្រមូលបាន​​អ្នក​ចូល​រួម​ប្រមាណ​ ១៥​ម៉ឺន​នាក់​ហើយ។ នៅ​​រ៉ង់ហ្គូន​ទីក្រុងសេដ្ឋកិច្ច​របស់​ប្រទេស ក្នុង​សង្កាត់​ពាណិជ្ជកម្ម ក្រុម​អ្នក​ជំនួញ អ្នក​លក់​ដូរ​ និង​ប្រជាជន​សាមញ្ញ នាំ​គ្នា​គោះចាន​គោះ​ឆ្នាំង បញ្ចេញ​សំឡេង​ប្រឆាំង​ នៅ​ល្ងាច​ថ្ងៃ​អង្គារមិ្សលមិញ ជា​មួយ​នឹង​សម្រែក​ថា “ជយោម៉ែស៊ូ (អ៊ុងសានស៊ូជី)!

ដឹង​ថា​មាន​ការ​រៀប​ចំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ លោកស្រី​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ ដែលទំនង​​កំពុង​ជាប់​ឃុំក្នុង​គេហដ្ឋាន​ជា​ថ្មី បាន​សរសេរ​លិខិត​​ទុក​ជា​មុន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ កុំ​ព្រមទទួល​យកព្រឹត្តិការណ៍រដ្ឋប្រហារ​នេះ។ ប៉ុន្តែ​ ភាព​ភ័យ​ខ្លាច​នៅ​មាន​ដក់ជាប់​​ក្នុង​អារម្មណ៍​ពលរដ្ឋ​ដែល​ដឹង​ថា​ពួកយោធា​ផ្តាច់ការមិនរអារ​នឹង​​ប្រើ​វិធី​បង្កា្រប​យ៉ាង​ហិង្សា​​ទេ ទើប​ចលនា​តវ៉ា​ប្រឆាំង​ពិបាកលេច​ចេញ​ជា​រូប​រាង​ខ្លាំង។

អាជ្ញាធរ​សឹក​បាន​ព្រមាន​រួច​ជា​ស្រេច​ហើយ នូវ​រាល់​ពាក្យ​សំដីឬ​សារ​ណា​ដែល​ញុះ​ញង់​ឱ្យ​មាន​ការ​ងើប​តវ៉ា​ហិង្សា និង​បង្កអស្ថិរភាព​សង្គម។ បើ​តាម​ឧត្តមសេនីយ៍​ មីន អ៊ុងឡាំង ដែល​បច្ចុប្បន្ន​ជា​អ្នកក្តោប​អំណាច​ប្រទេស​ស្ទើរ​ទាំង​ស្រុង រដ្ឋប្រហារ​នេះ​ជា​ទង្វើ​ចាំបាច់​ដើម្បីស្ថិរភាព​ជាតិ។

រដ្ឋប្រហារ​ថ្ងៃទី ១​កុម្ភៈ​បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ពី​គ្រប់​ទិសទី។ បន្ទាប់​ពី​បាន​ចោទ​ក្រុមយោធា​ថា​អ្នក​រៀប​ចំ​ធ្វើ​រដ្ឋប្រហារ​ដើម្បី​តែ​ទម្លាក់​លោកស្រី អ៊ុងសាន ស៊ូជី រដ្ឋបាល​អាមេរិក​របស់​លោក ចូ ដៃដិន បាន​ដំឡើង​សំឡេងដាក់​ភូមា ដោយ​ព្រមាន​ដាក់ទណ្ឌកម្ម​​ជា​ថ្មី​ បិទ​ខ្ទប់​តាម​ផ្លូវ​ច្បាប់​មិន​ឱ្យ​មាន​ជំនួយ​អាមេរិក​ផ្ទាល់​ទៅ​ជួយ​រដ្ឋ​ភូមា​ទៀត​ទេ។ តែ​នេះ​ជាទណ្ឌកម្ម​ជា​​និម្មិតរូប​ប៉ុណ្ណោះ ព្រោះ​ក្រុមយោធា​ភូមា​ជាប់​ទណ្ឌកម្មអាមេរិក​តាំង​ពី​មាន​ផ្ទុះ​វិបត្តិ​រ៉ូហ៊ីងយ៉ា ឆ្នាំ​២០១៧មកស្រាប់​ទៅ​ហើយ។

ចំណែក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​បាន​ជួប​ប្រជុំ​គ្នា​បន្ទាន់​នៅ​យប់មិញ ដោយ​បិទទ្វារវិញ មិន​អាចព្រមព្រៀង​គ្នា​​ចេញសេចក្តី​សម្រេច​ចិត្តរួម​​បាន​ទេ។ ក្រុមប្រឹក្សា​កំពុង​បន្តការចរចាទៀត ដើម្បី​កុំ​ឱ្យ​ចិនជា​សម្ព័ន្ធមិត្ត​ភូមា​ប្រើ​សិទ្ធិប្រឆាំង​វេតូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ