អានតួអត្ថបទ
ចិន-ផ្សារកាបូន

ចិន​ប្រកាស​បើក​ទីផ្សារ​កាបូន​ជាផ្លូវការដើម្បី​​ចូលរួមកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់

មហាអំណាច​ចិន​ដែល​ចង់បាន​អព្យាក្រឹត​កាបូន នៅ ឆ្នាំ ២០៦០ បាន​ចាប់ផ្តើម​បើក​ទីផ្សារ​កាបូន​របស់ខ្លួន ជាផ្លូវការ នៅ​ថ្ងៃចន្ទ ទី ១​កុម្ភៈ ឆ្នាំ ២០២១។ ទីផ្សារ​កាបូន​របស់​ចិន​នឹង សំខាន់​ធំ​ជាងគេ​នៅលើ​ផែនដី គឺ​ធំជាង​ទីផ្សារ​កាបូន​ដែល​សហភាពអឺរ៉ុប​បាន​បង្កើតឡើង​នៅ ឆ្នាំ ២០០៥។ ទីផ្សារ​កាបូន​មាន​ទិសដៅ​ចំបង កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ តាមរយៈ​ប្រព័ន្ធ​ទិញដូរ កូតា និង​សិទ្ធិ​បញ្ចេញ​ឧស្ម័ន​កាបូនិក ទៅក្នុង​បរិយាកាស។ 

រូបថត​នៅ ឆ្នាំ ២០១៥ បង្ហាញ បុគ្គលិក​របស់​ការិយាល័យ​ដោះដូរ​បរិស្ថាន​ចិន នៅទីក្រុង​ប៉េកាំង កំពុង​តាមដាន​មើល​តារាង​ជំនួញ​ដោះដូរ​ឧស្ម័នកាបូនិក។
រូបថត​នៅ ឆ្នាំ ២០១៥ បង្ហាញ បុគ្គលិក​របស់​ការិយាល័យ​ដោះដូរ​បរិស្ថាន​ចិន នៅទីក្រុង​ប៉េកាំង កំពុង​តាមដាន​មើល​តារាង​ជំនួញ​ដោះដូរ​ឧស្ម័នកាបូនិក។ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

ចិន​ដែល​បញ្ចេញ​ឧស្ម័នកាបូនិក​ទៅក្នុង​បរិយាកាស​ច្រើនជាងគេ ក្នុង​ពិភពលោក ធ្លាប់​បាន​ដាក់​គោលដៅ នៅ​ឆ្នាំ ២០១៥ ថា នឹង​បង្កើត​ទីផ្សារកាបូន នៅ ឆ្នាំ ២០១៧ ដើម្បី កាត់បន្ថយ​ឧស្ម័ន ពុល តាមរយៈ ការចាប់បង្ខំ​រោងចក្រ ក្រុមហ៊ុន​ចិន ឲ្យ​បង់ប្រាក់ សម្រាប់​បរិមាណ ឧស្ម័ន​កាបូនិក ដែល​ខ្លួន​បញ្ចេញ​លើស​កូតា។

ប៉ុន្តែ ទើប​នៅថ្ងៃ​ទី ១​កុម្ភៈ ឆ្នាំ ២០២១ (ជិត​៤ឆ្នាំក្រោយ) ដែល​ប្រទេស​ចិន​បានសម្រេច​បើក​ជាផ្លូវការ​ទីផ្សារ​កាបូន ដែល​ធំជាងគេ នៅក្នុង​ពិភពលោក។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី ប្រព័ន្ធ​ដោះដូរ​កូតា ឧស្ម័នកាបូនិក ដែល​ជា​ប្រភព​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់ បាន​ចូល​ជា​ធរមាន​នៅ ប្រទេស​ចិន ចាប់ពី ថ្ងៃ​ទី ១​កុម្ភៈ។ ប្រព័ន្ធនេះ​នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ខេត្ត​អាច​កំណត់​កូតា បញ្ចេញឧស្ម័ន​កាបូនិក សម្រាប់ រោងចក្រ អគ្គិសនី។ វា​អនុញ្ញាត​ផងដែរ​ឲ្យ​ក្រុមហ៊ុនផលិត​ថាមពល​អគ្គិសនី អាច​ដោះដូររវាងគ្នា នូវ​សិទ្ធិ​បញ្ចេញ​ឧស្ម័នពុល។

ច្បាប់​ថ្មី នឹង​គ្របដណ្តប់​លើ​រោងចក្រ​អគ្គិសនី ចំនួនជាង​២០០០​ដែល​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ប្រមាណ ២៦ ០០០​តោន ក្នុង​មួយឆ្នាំៗ។ តាម​អង្គការ ដៃគូ​អន្តរជាតិ​ដើម្បី​សកម្មភាព​ស្តីពីកាបូន ទៅ​ថ្ងៃ​អនាគត ទីផ្សារ​កាបូន​របស់​ចិន នឹង​គ្របដណ្តប់​ទៅលើ​មួយភាគបី នៃ​ឧស្ម័នផ្ទះកញ្ចក់ ដែល​ប្រទេសចិន​បញ្ចេញចោល ក្នុង​មួយឆ្នាំៗ។

សព្វថ្ងៃនេះ ប្រទេស​ចិន នៅតែ​នាំមុខគេ​ខាង​បញ្ចេញ​ឧស្ម័នកាបូនិក ដែល​ជា​ឧស្ម័ន​ផ្ទះកញ្ចក់ ធ្វើ​ឲ្យ​ផែនដី​ឡើង​កំដៅ។ នៅ​ឆ្នាំ ២០១៩ ចិន​បញ្ចេញ​ឧស្ម័ន​កាបូនិក ជិត ១៤ពាន់​លាន​តោន ដែល​ស្មើនឹង ២៩ភាគរយ​នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​សរុប ក្នុង​ពិភពលោក។

នៅ ខែ​កញ្ញា ឆ្នាំ ២០២០ ប្រធានាធិបតី ចិន លោក​ស៊ី ជីនពីង បាន​បង្កើត​ភាពភ្ញាក់ផ្អើល​ជាទូទៅ​មួយ ដោយ​បាន​ប្រកាស ដាក់​ផែនការថា ចិន នឹង​អាច​មាន​អព្យាក្រឹត​កាបូន នៅ​ឆ្នាំ ២០៦០។

អព្យាក្រឹត​កាបូន​គឺ​ជា​យន្តការ កាត់បន្ថយ​​ការបញ្ចេញ​ឧស្ម័ន​ឲ្យ​មក​នៅ​កម្រិត​ទាប​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន ហើយ​ក្នុង​ពេល​ជាមួយ​គ្នា បង្កើន​សមត្ថភាព​ក្នុង​ការស្រូប​យក​ឧស្ម័ន​កាបូនិក ពីបរិយាកាស នៅ​ក្នុង​បរិមាណ​ស្មើ​នឹង​ឧស្ម័ន ដែល​យើង​មិន​អាច​កាត់បន្ថយ​បាន។ ការទូទាត់​ចុងក្រោយ គឺ​ការបញ្ចេញ​ឧស្ម័ន​ទៅក្នុង​បរិយាកាស​នឹង​ត្រូវ​ធ្លាក់​មក​នៅ​ត្រឹម​កម្រិត​សូន្យ។

សម្រាប់ Lauri Myllyvirta អ្នកវិភាគ​របស់​មជ្ឈមណ្ឌល ស្រាវជ្រាវ​ស្តីពី​ថាមពល និង​ខ្យល់បរិសុទ្ធ ប្រទេស​ចិន​អាច សម្រេច​គោលដៅ របស់​ខ្លួន ដើម្បី​មាន​អព្យាក្រឹត​កាបូន និង​ត្រលប់​ទៅប្រើ​ថាមពល​ស្អាតស្អំ ថាមពល​កកើតឡើង​វិញ។ ប៉ុន្តែ ទីផ្សារ​កាបូន​របស់​ចិន បច្ចុប្បន្ននេះ  មិនអាច​ជួយ​ឲ្យ​ចិន​អាច​សម្រេច​មហិច្ឆតា​នេះ បាន​នៅឡើយទេ។

ដើម្បី ផលិត​អគ្គិសនី រោងចក្រ​ចិន​ពឹងផ្អែក​លើ​ទៅថាមពល​បាន​មក​ពីការដុតធ្យូងថ្ម ដល់​ទៅ ៦០ភាគរយ។ តាមអ្នកជំនាញ​របស់​អង្គការ​Green Peace បើទោះបី​ជា​សន្យា​ចូលរួម​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ប៉ុន្តែ រោងចក្រ​អគ្គិសនី ដើរដោយ​ថាមពល​ធ្យូងថ្ម កំពុង​កើន ដុះរីក​ដូចផ្សិត។ ក្រុមហ៊ុន រោងចក្រ​ផលិត​អគ្គិសនី ដែលបាន​មក​ពី ថាមពល​ធ្យូងថ្ម កំពុង​ចរចា ដាក់សម្ពាធ​ ធ្វើ​យ៉ាងណា​ឲ្យ​ឥណទាន​កាបូន​មាន​តម្លៃ​ថោក ដើម្បី​កុំ​ឲ្យពួកគេ​ត្រូវចំណាយ​លុយច្រើន ​បង់ថ្លៃ​សម្រាប់​បរិមាណ កាបូន​ដែល គេ​បញ្ចេញ​ហួស​ចំនួន កូតា ដែល​កំណត់​ដោយ​អាជ្ញាធរ​ចិន។

ចំណែក អាជីវកម្ម​ផលិត​ធ្យូងថ្ម កំពុងហក់ឡើង វិញ ក្នុង​កម្រិត​មួយ​ខ្ពស់ ដូច​ចន្លោះ​ឆ្នាំ ២០១២ និង​ឆ្នាំ ២០១៤ ជារយៈពេល ដែលការបញ្ចេញ​ឧស្ម័នកាបូនិក​របស់​ចិន បាន​កើនឡើង​ដល់​កម្រិត​មួយដ៏ខ្ពស់ ខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ