អានតួអត្ថបទ
ចិន-វ៉ាក់សាំងកូវីដ១៩

ចិន​ទំនង​ជា​យក​វ៉ាក់សាំង​កូវីដ​ជា​អាវុធ​ដើម្បី​ស្តារ​មុខ​មាត់​និង​ទាញ​ផល​ចំណេញ​ផ្នែក​ការ​ទូត

ខណៈ​បណ្តា​ប្រទេស​អ្នកមាន​ជាច្រើន​កំពុង​ព្យាយាម​ទិញ​ថ្នាំ​វ៉ាក់សាំង​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ ឲ្យ​បាន​ឆាប់​ ប្រទេស​ចិន​ឯណោះ​វិញ​កំពុង​ដាក់​ចេញ​នូវ​ផែនការ​ផ្តល់​ថ្នាំ​បង្ការ​កូវីដ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ក្រុម​ប្រទេស​ក្រីក្រក្នុង​លោក​។ យុទ្ធសាស្ត្រ​របស់​ចិន​នេះ​ ត្រូវ​អ្នក​ជំនាញ​លើក​ឡើង​ថា​ធ្វើ​ឡើង​ដើម្បីទាញ​យក​មក​វិញ​នូវ​ផល​ចំណេញ​ខាង​ផ្នែក​ការទូត​រយៈពេលវែង​។

បើតាមអ្នកជំនាញ អាទិភាពរបស់ចិនទាក់ទងនឹងវ៉ាក់សាំងប្រឆាំង​កូវីដមិនមែនសំដៅខ្លាំងលើផលចំណេញផ្នែកលុយកាក់នោះទេ តែជាចំណេញផ្នែកការទូតរយៈពេលវែង។
បើតាមអ្នកជំនាញ អាទិភាពរបស់ចិនទាក់ទងនឹងវ៉ាក់សាំងប្រឆាំង​កូវីដមិនមែនសំដៅខ្លាំងលើផលចំណេញផ្នែកលុយកាក់នោះទេ តែជាចំណេញផ្នែកការទូតរយៈពេលវែង។ REUTERS - THOMAS PETER
ផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្រ្ត​ក្នុងការ​ផ្តល់​វ៉ាក់សាំង​ដោយឥតគិតថ្លៃ​ដល់​ប្រទេស​ក្រីក្រ​នេះ​ អាច​នឹង​ហុច​ផល​ចំណេញ​ជាច្រើន​ដល់​ក្រុងប៉េកាំង​។ ​ទី១​ វា​អាច​បង្វែរ​កំហឹង​និង​ការ​រិះគន់​លើ​ចំណាត់​គ្រប់​គ្រង​កូវីដ​ដំបូង​របស់​ចិន​។ ទី២​ លើកស្ទួយ​មុខមាត់​មន្ទីរ​ពិសោធន៍​ចិន​ ចំណែកផល​ប្រយោជន៍​ទី​៣​ គឺ​ជួយក្រុង​ប៉េកាំង​ក្នុងការ​ពង្រឹង​និង​ពង្រីក​ឥទ្ធិពល​កាន់តែខ្លាំង​ជាងមុន​នៅក្នុង​ទ្វីប​អាស៊ី​និង​ទ្វីបផ្សេងទៀត​។

លោកហ័ង​ យាន​ចុង​ (Huang Yanzhong) សមាជិក​ជាន់ខ្ពស់​ផ្នែក​សុខភាព​ពិភពលោក​នៃ​ក្រុម​ប្រឹក្សា​ទំនាក់ទំនង​បរទេស​ (CFR) បាន​ប្រាប់ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP ថា​វា​គ្មាន​អ្វីគួរ​ឲ្យ​សង្ស័យ​នោះ​ទេ​ដែលថា​ចិនកំពុង​យក​វ៉ាក់សាំង​ប្រឆាំង​កូវីដ​របស់​ខ្លួន​ជា​អាវុធ​ការទូត​ ដើម្បី​ជួល​ជុលស្តារ​មុខមាត់​ ពង្រឹង​​និងបង្កើន​ឥទ្ធិពល​នៅក្នុងពិភពលោក​។

ក្នុង​គ្រាដំបូង​ដែល​ជំងឺ​កូវីដ​ផ្ទុះឡើង​ជា​សកល​ ខណៈ​បណ្តា​ប្រទេស​លោកខាង​លិចធំៗ​ជាច្រើន​នៅជាប់​ដៃ​ប្រយុទ្ធ​ទល់​នឹង​ជំងឺកូវីដ​ ចិនបាន​ប្រញាប់​ប្រញាល់​ដឹក​ម៉ាស់​និង​បរិក្ខារពេទ្យ​ទៅលក់ឲ្យ​អឺរ៉ុប​ដូចជា​អ៊ីតាលី​ជាដើម​ក្នុង​តម្លៃ​ទាប​ និង​បាន​បញ្ជូនផងដែរ​ក្រុម​គ្រូពេទ្យ​ចិន​ទៅ​ជួយ​អឺរ៉ុប​ និងអាហ្វ្រិក​។

ចំណែក​បច្ចុប្បន្ន​នេះ​ នៅពេល​ដែល​មន្ទីរពិសោធន៍​ឱសថ​ធំៗ​របស់​លោក​ខាង​លិច​ចាប់ផ្តើម​លក់​វ៉ាក់សាំង​របស់​ខ្លួន​ក្នុង​តម្លៃ​មួយ​ដ៏​ថ្លៃ​ ចិន​បែរបាន​ប្រកាស​លក់​វ៉ាក់សាំង​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​លោកក្នុងតម្លៃធូរថ្លៃ​ បើទោះបី​ជា​ប្រទេសខ្លះ​មាន​ទំនាក់​ទំនង​មិន​សូវ​ជា​ល្អូកល្អិន​នឹង​ចិន​ក៏ដោយ។ ក្រៅពីនេះ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏បាន​ប្រកាស​សន្យាផងដែរ​ផ្តល់​វ៉ាក់សាំង​ដោយ​ឥត​គិត​ថ្លៃ​ដល់​បណ្តា​ប្រទេស​ក្រីក្រ​ ​។

អ្នក​ការទូតចិន​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​ និង​ហ្វីលីពីន ដែល​សុទ្ធ​តែ​ជាប្រទេស​មាន​ជម្លោះ​ដណ្តើមទីប្រជុំកោះ​ជាមួយចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ បន្ថែមលើនេះ​ កាលពី​ខែ​សីហា​ ឆ្នាំ២០២០​ លោក​នាយករដ្ឋ​មន្រ្តី​ចិនលី ខឺឈាំង​ ក៏បាន​ប្រកាស​ថា​វ៉ាក់សាំង​ចិន​នឹង​ត្រូវ​ផ្តល់​ជា​អាទិភាព​ដល់​បណ្តា​ប្រទេស​អនុតំបន់​ទន្លេមេគង្គ​រួម​មាន​កម្ពុជា​ ថៃ​ ឡាវ​ វៀតណាម​ និង​ភូមា​។ ជាទី​ដែល​ទទួល​រង​​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​ដោយសារ​តែ​ទំនប់​របស់​ចិន​ដែល​បាន​សាងសង់​នៅខ្សែទឹក​ខាងលើ​។

ជារួមមក​បើតាម​ក្រុមអ្នក​ជំនាញ​ អាទិភាព​របស់​ចិន​ទាក់ទង​នឹង​វ៉ាក់សាំង​ប្រឆាំងកូវីដ​មិនមែន​សំដៅ​ខ្លាំង​លើ​ផល​ចំណេញ​ផ្នែក​លុយ​កាក់​នោះទេ​ តែ​ជា​ផលចំណេញ​ផ្នែក​ការ​ទូត​រយៈពេល​វែង​ដោយ​ផ្តោត​លើ​ការស្តារ​មុខមាត់​ ​លើក​កិត្យានុភាព ពង្រឹង​ និង​ពង្រីក​ឥទ្ធិពល​របស់​ចិន​ឲ្យ​កាន់​តែខ្លាំង​នៅលើ​ឆាក​អន្តរជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ