អានតួអត្ថបទ
ចិន-កូវីដ១៩

ចិន​សាទរ​ចំពោះ​ភាព​ជោគ​ជ័យ​ក្នុង​ការ​គ្រប់គ្រង​កូវីដ​មុន​ការ​ស៊ើប​អង្កេត​របស់​អង្គការ​សុខ​ភាព​ពិភព​លោក

ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន​បាន​អបអរ​សាទរ​ចំពោះ​ភាព​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​របស់​ពួកគេ​ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ​នៅ​ក្នុង​ប្រទេស​។​ ការ​ចេញ​មុខ​សាទរ​នេះ​ ធ្វើឡើង​នៅ​មុន​ពេល​ដែល​អង្គការ​សុខភាព​ពិភព​លោក​នឹង​ត្រូវទៅ​ដល់​ទីក្រុង​វូហាន​ប្រទេស​ចិនដើម្បី​ស្រាវជ្រាវ​ស្វែង​រក​ប្រភព​ដើម​នៃ​កូវីដនៅ​ខែ​មករា​ ដើម​ឆ្នាំ​ ២០២១​។

បុគ្គលិកពេទ្យចិនពិនិត្យមើលបុរសវ័យចំណាស់ម្នាក់ដែលពាក់ម៉ាស់និងដែលបានដួលនិងស្លាប់នៅតាមផ្លូវក្បែរមន្ទីរពេទ្យមួយក្នុងទីក្រុងវូហានកាលពីថ្ងៃទី ៣០ មករា ឆ្នាំ ២០២០។
បុគ្គលិកពេទ្យចិនពិនិត្យមើលបុរសវ័យចំណាស់ម្នាក់ដែលពាក់ម៉ាស់និងដែលបានដួលនិងស្លាប់នៅតាមផ្លូវក្បែរមន្ទីរពេទ្យមួយក្នុងទីក្រុងវូហានកាលពីថ្ងៃទី ៣០ មករា ឆ្នាំ ២០២០។ AFP
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ចិន​ធ្លាប់​ប្រឈម​មុខ​ទៅនឹង​ការ​រិះគន់​យ៉ាងខ្លាំង​ទាំងក្នុង​និងក្រៅ​ប្រទេស​ទាក់ទង​នឹង​វិធាន​ការ​ឆ្លើយតប​ដំបូង​ប្រឆាំងទល់ទៅ​នឹង​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​កណ្តាល​ទីក្រុងវូហាន​កាលពី​ខែ​ធ្នូ​ ឆ្នាំ ២០១៩​។

ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដែល​ជា​ស្ថាប័ន​កំពូល​មួយ​នៅក្នុង​ប្រទេស​បាន​និយាយ​កាល​ពីល្ងាច​ថ្ងៃ​សុក្រ ទី២៥ ធ្នូ​ម្សិលមិញ​ថា​ថ្នាក់​ដឹកនាំ​បក្ស​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ដឹកនាំ​ចិន​ឲ្យ​យក​ឈ្នះ​លើ​ហានិភ័យ​និង​បញ្ហា​ប្រឈម​ដ៏កម្រ​ដូចជា​ជំងឺ​កូវីដ​នៅឆ្នាំ​ ២០២០​។

“នៅ​វេលា​លំបាក​ គណៈកម្មាធិការ​មជ្ឈិម​បក្សបាន​សម្លឹង​ឃើញ​ជាយូរ​មក​ហើយ​…ពីការ​ទទួល​បាន​ជ័យជម្នះ​ដ៏ត្រចះ​ត្រចង់​បំផុត​នាឆ្នាំនេះ​”។ នេះ​គឺជា​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​ដោយ​បាន​ដកស្រង់​សេចក្តីថ្លែងការណ៍​មួយ​ដែល​មាន​ចេញ​ផ្សាយ​បន្ទាប់​ពី​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​របស់​ថ្នាក់ដឹកនាំ​ចិន​។

គួរកត់​សម្គាល់​ថា​ ទីក្រុងប៉េកាំង​បាន​គ្រប់គ្រងនិង​ទប់ស្កាត់​ការ​ឆ្លងរាលដាល​ជំងឺ​កូវីដ​ប្រកប​ដោយ​ជោគជ័យ​ចាប់ខែ​មេសា​មក​ ហើយ​ចិន​ក៏​ទំនង​ជា​ប្រទេស​មហា​អំណាច​ពិភព​លោក​តែ​មួយ​គត់​ដែល​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​នៅឆ្នាំ​នេះ​។

ក៏ប៉ុន្តែ​នៅគ្រាកន្លងមក​ អាជ្ញាធរ​ចិន​ត្រូវបាន​ប្រទេសជា​ច្រើន​ជាពិសេស​ប្រទេស​លោក​ខាងលិច ​ចោទប្រកាន់​ថា​បាន​បិទបាំង​អពី​ការផ្ទុះឡើង​ដំបូង​នៃ​ជំងឺ​កូវីដ​និងថាចិន​គឺជា​អ្នក​រួម​ចំណែក​ធ្វើឲ្យជំងឺនេះ​ឆ្លងរីករាតត្បាត​ខ្លាំង​ពាសពេញ​សកលលោក​។ ចំណែក​នៅក្នុង​ប្រទេសឯណោះ​វិញ ទីក្រុង​ប៉េកាំង​បាន​ព្យាយាម​រឹតត្បិត​មតិ​រិះគន់​ដោយ​ដាក់​ទោស​ក្រុម​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​ខ្លួន​យ៉ាង​ហោច​ណាស់​ក៏ ៨ នាក់​ដែរ។

ជាក់ស្តែង​ អ្នក​កាសែត​សញ្ជាតិ​ចិន​ម្នាក់​ដែល​បាន​រាយការណ៍​អំពី​ការ​ផ្ទុះឡើង​នៃជំងឺ​កូវីដ១៩​ នៅ​ទីក្រុង​វូហានគឺលោកស្រី​ចាង ហ្សាន​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ចាប់តាំងពី​ខែ​ឧសភា​។ គេ​រំពឹង​ថា​ករណី​របស់​លោក​ស្រី​នឹង​ត្រូវ​ជំនុំជម្រះ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​។

គួរជ្រាបថា​ កិច្ច​ប្រជុំ​នយោបាយ​រយៈពេល​ ២ ថ្ងៃ​របស់​ថ្នាក់ដឹកនាំចិន​ធ្វើ​ឡើង​ភ្លាមៗ​នៅ​កៀក​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​របស់​អង្គការ​សុខភាព​ពិភពលោក​ត្រូវ​ទៅ​ដល់​ទីក្រុង​វូហាន​នៃប្រទេសចិន​នៅ​ខែ​មករា​ ឆ្នាំ​២០២១​ក្រោយ​ដើម្បី​ស៊ើប​អង្កេត​ពី​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ​។

សម្រាប់​ដំណើរ​ផ្លូវការ​ទៅ​ស្រាវជ្រាវរក​​ប្រភពដើម​នៃ​កូវីដ​នៅ​ចិន ​អង្គការសុខភាព​ពិភព​បាន​គូស​បញ្ជាក់​ថា វា​មិនមែន​ជា​ការ​ជីកឫស​ជីកគល់​ស្វែងរក​តើ​ថា​ប្រទេស​ណា​ខុស​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ឡើង​នៃ​មេរោគកូវីដ​នោះទេ​។ ជាមួយគ្នានេះ​ ក្រុម​អ្នក​ជំនាញ​សង្ឈឹម​ថា​បញ្ហា​នយោបាយ​នឹង​មិន​នៅ​តាម​ជាប់​ទាក់តៀម​នឹង​បេសកកម្ម​របស់​ពួកគេឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ