ដើម្បីទប់ទល់ឥទ្ធិពលចិន ឥណ្ឌាបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ម៉ាល់ឌីវ
ក្នុងបំណងទប់ទល់នឹងឥទ្ធិពលរបស់ចិន ដែលកាន់តែរីកធំធាត់ នៅក្នុងលំហ មហាសមុទ្រឥណ្ឌា ទីក្រុងញូវដេលី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានសន្យាបោះទុនវិនិយោគ ៥៥០លានដុល្លារ សម្រាប់សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ នៅលើប្រទេសកោះម៉ាល់ឌីវ ដែលស្ថិតនៅប៉ែកខាងត្បូង ប្រទេសឥណ្ឌា។ ក្នុងជំនួបតាមសន្និសីទ វីដេអូ រដ្ឋមន្រ្តីការបរទេសឥណ្ឌាបានសន្យាផងដែរ ទឹកប្រាក់ជំនួយ ២៥០លានដុល្លារសម្រាប់ជួយរដ្ឋាភិបាលម៉ាល់ឌីវ ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ ដែលបានសម្លាប់មនុស្ស ២១នាក់ និង ឆ្លងទៅមនុស្ស ជាង ៥ពាន់នាក់ នៅលើកូនកោះដ៏តូចមួយនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៦
ម៉ាល់ឌីវ ប្រទេសកូនកោះ ដ៏តូចមួយ នៅក្នុងមហាសមុទ្រឥណ្ឌា ដែលមានប្រជាជនមិនដល់កន្លះលាននាក់ផង (៣៤០ ០០០នាក់) បានក្លាយជាគោលដៅ ចាប់អារម្មណ៍របស់ញូវដេលី នៅពេល ទីក្រុងប៉េកាំង បោះទុន វិនិយោគ រាប់លានដុល្លារ សម្រាប់ ម៉ាល់ឌីវ ដែលស្ថិតនៅក្នុងតំបន់ឆ្លងកាត់ ផ្លូវវិនិយោគសេដ្ឋកិច្ចរបស់ចិន "ផ្លូវ មួយ ខ្សែក្រវ៉ាត់មួយ”។
នៅក្នុងអាណត្តិប្រធានាធិបតី មុន ម៉ាល់ឌីវបានទទួលប្រាក់កម្ចី រាប់ពាន់លានដុល្លារ ពីចិន និងបានផ្តល់កិច្ចសន្យា សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ភាគច្រើន ទៅឲ្យក្រុមហ៊ុនចិន។ នៅចំពោះមុខប្រាក់កម្ចី ដ៏ច្រើនសន្ធឹកសន្ធាប់ដែលនឹងអាចធ្វើឲ្យម៉ាល់ឌីវ ធា្លក់ខ្លួន ជំពាក់បំណុលចិន ដកខ្លួនមិនរួច រដ្ឋាភិបាលឥណ្ឌា ដែលជាប្រទេសជិតខាងរបស់ម៉ាល់ឌីវ និងប្រទេសលោកខាងលិច ចាប់ព្រួយបារម្ភ ថា ម៉ាល់ឌីវនឹងអាចធ្លាក់ក្នុងក្រញ៉ាំសង្រ្គប់របស់ចិន ដែលកំពុងពង្រីកដែនឥទ្ធិពលរបស់ខ្លួន នៅ មហាសមុទ្រឥណ្ឌា។
នៅពេល ម៉ាល់ឌីវផ្លាស់ប្តូរប្រធានាធិបតីថ្មី នៅឆ្នាំ ២០១៨ និងក្រោយ ដែលអតីតប្រធានាធិបតីម៉ាល់ឌីវ លោកអាប់ឌូឡា យ៉ាមីន Abdulla Yameen ត្រូវជាប់ពន្ធនាគារក្នុងបទប្រព្រឹត្តអំពើពុករលួយ ស៊ុំគ្រលំជាមួយក្រុមហ៊ុនចិន ឥណ្ឌា បានឆក់ឱកាស ចូលទៅដាក់ជើង នៅម៉ាល់ឌីវ ប្រទេសកោះដ៏តូច ប៉ុន្តែ ដែលមានកូនកោះផ្កាថ្ម ដល់ទៅជាង ១ពាន់ នៅក្នុងមហាសមុទ្រឥណ្ឌា។
ចាប់តាំងពីឆ្នាំ ២០១៨ នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីម៉ាល់ឌីវថ្មី គឺលោក អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី Ibrahim Mohamed Solih ឥណ្ឌាបានបោះទុនវិនិយោគ ប្រាក់២ពាន់លានដុល្លារ នៅម៉ាល់ឌីវ។ នៅក្នុងទឹកប្រាក់វិនិយោគ ៥០០លានដុល្លារដែល រដ្ឋមន្រ្តីការបរទេសឥណ្ឌាបានប្រកាស សន្យាផ្តល់ទៅឲ្យភាគីម៉ាល់ឌីវ កាលពីថ្ងៃ ព្រហស្បតិ៍ ១០០លានជាប្រាក់ជំនួយ ចំណែកជាង ៤០០លានដុល្លារផ្សេងទៀត ក្រោមរូបភាពប្រាក់កម្ចី ពីឥណ្ឌា។
ទឹកប្រាក់វិនិយោគ ៥៥០លានដុល្លារ នឹងត្រូវគេយកទៅប្រើសម្រាប់សាងសង់ ស្ពានថ្ម តភ្ជាប់ពីទីក្រុងម៉ាល់ ទៅ កោះបីផ្សេងទៀត របស់ម៉ាល់ឌីវ។ ភាគី ឥណ្ឌា និងម៉ាល់ឌីវមិនបានបញ្ជាក់ពី ថ្ងៃកំណត់ដែលត្រូវសង់ ស្ពាននោះទេ។ ប៉ុន្តែ សម្រាប់រដ្ឋមន្រ្តីការបរទេសម៉ាល់ឌីវ ស្ពានដែលឥណ្ឌាវិនិយោគ លើកនេះ នឹងមានប្រវែងវែងជាងស្ពាន មិត្តភាព ចិន ម៉ាល់ឌីវ ដែលសាងសង់ឡើងនៅក្នុងអាណត្តិប្រធានាធិបតីមុន ជាមួយ ប្រាក់កម្ចីពីប្រទេសចិន។
ក្រៅពីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ម៉ាល់ឌីវ ឥណ្ឌាសន្យាផ្តល់ផងដែរ ទឹកប្រាក់ ២៥០លានដុល្លារ សម្រាប់ម៉ាល់ឌីវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ។ ជំងឺកូវីដដែលបានសម្លាប់មនុស្ស២១នាក់ និងបានបំផ្លាញវិស័យទេសចរណ៍ ដែលជាច្រកដង្ហើមរស់តែមួយ របស់ម៉ាល់ឌីវ ប្រទេសកូនកោះទេសចរណ៍ ដ៏ស្រស់ស្អាតមួយនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ