អានតួអត្ថបទ

ហុងកុង៖ សកម្មជន​ប្រឆាំង​និរទេសខ្លួន​នៅបរទេស នៅតែ​ត្រូវ​ប្រឈម​នឹង​ដីកា​ចាប់ខ្លួន​

ក្រោយ​មាន​ការ​លើកពេល​បោះឆ្នោតនៅហុងកុង, ប៉ូលិស​ហុងកុង ​បា​នទទួល​បញ្ជា​តាម​ចាប់​ខ្លួន​​ក្រុមអ្នក​​ប្រឆាំង ទាំងក្នុង​និងក្រៅក្រុង​ហុងកុង។ តាំងពី​ច្បាប់​សន្តិសុខជាតិ​ហុងកុង​ចូល​ជាធរមានមក គឺមាន​បេក្ខជន​តំណាងរាស្ត្រ​ ដែល​គាំទ្រ​ប្រជាធិបតេយ្យ ជាច្រើន​នេះ ត្រូវ​ដកហូត​សិទ្ធិ​មិនឱ្យ​ឈរឈ្មោះបោះឆ្នោត ហើយ​ក៏​មាន​និស្សិត​ជាច្រើន​នាក់ ត្រូវចាប់ខ្លួន ដែល​អ្ន​កខ្លះ​គ្រាន់តែ​សរសេរ​សារ​បញ្ចេញ​មតិ បង្ហោះ​តាមបណ្តាញសង្គម តែរដ្ឋអំណាច​ចាប់ខ្លួន​ពួកគេ ដោយសំអាងលើ​បទល្មើស​«ញុះញង់​ឱ្យ​ធ្វើ​អប្បគមន៍»។​

Hong Kong police are seeking to arrest Nathan Law (C) and five other democracy activists now living in exile, China's state television reported
Hong Kong police are seeking to arrest Nathan Law (C) and five other democracy activists now living in exile, China's state television reported AFP/File
ផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំមួយ​រូប​នៃ​​​ចលនា​ក្រុម​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​ លោក Samuel Chu ​ជាពលរដ្ឋ​ហុងកុង​មាន​សញ្ជាតិ​អាមេរិក​ ត្រូវ​មាន​ឈ្មោះ​ក្នុង​ដីកា​តាម​ចាប់ខ្លួន។ ពី​វ៉ាស៊ីនតោន​ លោកលើកឡើង​ថា ប្រសិន​បើ​ពលរដ្ឋ​ហុងកុង​មាន​​សញ្ជាតិអាមេរិកដូចរូប​លោកទៅហើយ នៅតែ​ត្រូវ​តាម​ចាប់ខ្លួន​ដោយ​នគរបាល​ហុងកុង​ទៀត នោះ​អា​ច​នឹង​មាន​ពលរដ្ឋ​នៃ​ប្រទេស​ផ្សេងទៀត​ មិនថា​ពលរដ្ឋ​ហុងកុង​មាន​សញ្ញាតិបរទេសនោះទេ ឱ្យតែ​និយាយ​ស្តីការពារប្រយោជន៍​ហុងកុង គឺអាច​នឹងត្រូវ​រងគ្រោះដែរ ជា​​មិន​ខាន។​

លោក Samuel Chu ជា​ផ្ទាំង​ស៊ីប​មួយ ដែលជាប់​ឈ្មោះបញ្ជីខ្មៅ​​ ត្រូវ​តាម​រក​ចាប់ខ្លួន​ពី​សំណាក់​ប៉ូលិស​ហុងកុង​ ប៉ុន្តែ​​ក៏​មិនមែន​តែ​ជាមុខសញ្ញាតែមួយ​នោះទេ គឺនៅ​មាន​ច្រើន​នាក់ទៀត​។​ បើ​តាម​កាសែត​រដ្ឋ​ចិន យ៉ាងហោច​ក្បាលម៉ាស៊ីន​ធំៗ​ ៥-៦នាក់​ទៀត ដែល​សុទ្ធតែ​មាន​សញ្ញាតិ​​បរទេស​ ដែល​ជា​មុខ​សញ្ញាត្រូវ​តាម​ចាប់ខ្លួន។ ក្នុង​នោះ មាន​ Nathan Law មាន​សញ្ញាតិ​អង់គ្លេស​ ​ដែលបាន​រត់​គេចខ្លួន​ទៅអង់គ្លេស ដូចគ្នា​ដែរ Simon Cheng អតីតតំណាងរាស្ត្រ​ហុងកុង បាន​ទទួល​សិទ្ធជ្រកកោននយោបាយ​នៅ​ចក្រភព​អង់គ្លេស​។​

ច្បាប់​សន្តិសុខជាតិ​នៅហុងកុង ដែល​គេសង្ស័យថាសរសេរដោយក្រុង​​ប៉េកាំង​ មាន​គោលដៅ​ប្រឆាំង​នឹង​អំពើ​វិទ្ធង្សនា បះបោរ អប្បគមន៍​បំបែករដ្ឋ​ អំពើ​ភេរវកម្ម និងការ​ឃុបឃិតជាមួយកម្លាំងបរទេស ហើយ​ដែល​អាច​នឹងដាក់ទណ្ឌកម្មរហូតឱ្យ​ជាប់ពន្ធនាគារអស់មួយជីវិត​។ បើ​តាម​ក្រុម​ការពារសិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ហុងកុង គឺ​ច្បាប់​ថ្មីដែល​អនុម័ត​​ប្រមាណ​ជា​មួយ​ខែ​នេះ​ ​ជា​អាវុធ​សម្រាប់​បំបាត់​សំឡេងក្រុម​ប្រឆាំង។​

ប្រទេស​អាល្លឺម៉ង់ តាមរយៈ​រដ្ឋមន្ត្រីការបរទេស បាន​ប្រកាស​ដាច់​ណាត់​ហើយថា ព្យួរ​កិច្ចព្រមព្រៀម​ធ្វើបត្យាប័ន​ គឺ​មិន​បញ្ចូន​ពលរដ្ឋ​ហុងកុង​ ទៅឱ្យរដ្ឋអំណាចិន​ ឬប៉ូលិស​ហុងកុង នោះឡើយ។ ជំហរ​នេះ ធ្វើ​ឱ្យ​រដ្ឋធានីប៉េកាំង​ ខ្ញាល់​ខឹង​សង្ក្រឺតធ្មេញដាក់​ក្រុង​ប៊ែរឡាំង ហើយឯកអគ្គរដ្ឋ​ទូត​ចិន​នៅ​អាល្លឺម៉ង់ ថា​អាល្លឺម៉ង់​កំពុង​រំលោភ​ច្បាប់​អន្តរជាតិ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ