អានតួអត្ថបទ
ហុងកុង

ចិន​គាំទ្រ​ការ​លើកពេល​បោះឆ្នោត​នៅ​ហុងកុង ចលនាប្រជាធិបតេយ្យ​ប្តេជ្ញាបន្ត​ការ​តស៊ូ​រើបម្រាស់​ពី​ចិន

ចិនបាន​បង្ហាញ​ការ​​គាំទ្រ​ទាំងស្រុង នៅ​ថ្ងៃសុក្រ​ទី ៣១​កក្កដា២០២០ ចំពោះ​​សេចក្តីសម្រេចលើក​ពេល​បោះឆ្នោត​សភា​នៅ​ ​ហុងកុង​ ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ។ សម្រាប់លោកស្រី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ហុងកុង ការី ឡាំ មូលហេតុ​នៃ​ការលើក​ពេល​គឺ​បណ្តាលមកពី​ការ​កើនឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ករណី​កូវីដ១៩។ ​ក្រុមចលនា​ប្រជាធិបតេយ្យ​នៅ​ហុងកុង​ បាន​បរិហារ​សេចក្តី​សម្រេចចិត្តនេះ និង​បានសន្យា​បន្ត​ការតស៊ូ​ដើម្បី​បុព្វហេតុ​សេរីភាពហុងកុង​ ពី​ការ​គៀប​សង្កត់​របស់​ចិន។

លោកស្រី​ប្រមុខ​ដឹកនាំរដ្ឋាភិបាល​ហុងកុង ប្រកាស​លើក​ពេល​បោះឆ្នោត​មួយ​ឆ្នាំ​
លោកស្រី​ប្រមុខ​ដឹកនាំរដ្ឋាភិបាល​ហុងកុង ប្រកាស​លើក​ពេល​បោះឆ្នោត​មួយ​ឆ្នាំ​ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

ប្រជាធិបតេយ្យ​នៅ​ហុងកុង រួញ​ទៅៗ។ បន្ទាប់​ពី​មានការចាប់ខ្លួន​សកម្មជន​ជា​និស្សិត ការដក​សិទ្ធិពីសកម្មជន​ប្រជាធិបតេយ្យ​ជា​ច្រើន​នាក់​មិន​ឱ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​សភា និង​ការ​និរទេស​ខ្លួន​របស់​តំណាង​បក្ស​ប្រឆាំង​ជាច្រើន​រូប ហុងកុង​ត្រូវ​លើក​ពេល​បោះឆ្នោតទៀត។ នៅ​ថ្ងៃ​សុក្រ​ទី ៣១​កក្កដា២០២០​នេះ ប្រមុខ​រដ្ឋាភិបាលហុងកុង បានប្រកាស​លើក​ពេលបោះឆ្នោត​សភា​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែកញ្ញា​ ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​វិញ ដោយមូលហេតុ​មានការចម្លងកូវីដ១៩​កើន​ខ្លាំងរហ័សពេក។ ដោយគ្មាន​បង្អង់ ប៉េកាំង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ខ្លី​ផ្តល់​ការ​គាំទ្រ​ចំពោះរដ្ឋាភិបាល​ហុងកុងភ្លាម ដោយ​ចាត់​ទុកការ​លើកពេល​បោះឆ្នោត​នេះ ថា​​​សេចក្តីសម្រេចចិត្តដ៏​ត្រឹមត្រូវ សមហេតុផល និង​ស្របច្បាប់។

​ប៉ុន្តែ​គ្មានអ្វី​គួរ​​ភ្ញាក់ផ្អើល​ទេ បក្ស​ប្រឆាំង​សង្ស័យ​តាំង​ពី​យូរមកហើយ​ថា​រដ្ឋាភិបាល​​នឹង​យក​បញ្ហា​កូវីដ១៩​មកធ្វើ​លេសលើក​ពេល​បោះឆ្នោត​សភា ដែលបក្សកាន់​អំណាច​អាច​នឹង​ត្រូវ​បរាជ័យ​ខ្លាំង។

តាំង​ពី​មុន​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល សមាជិក​សភា​បក្ស​ប្រឆាំង​២២រូប បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ថា​ ការលើក​ពេល​បោះឆ្នោត​ជា​ទម្រង់​មួយ​នៃរដ្ឋប្រហារ វា​អាច​នឹងបង្ក​ឱ្យ​មាន​វិបត្តិធម្មនុញ្ញដែល​អាច​ប៉ះពាល់​ដល់​មូលដ្ឋានគ្រឹះ​នៃ​តំបន់​មាន​រដ្ឋបាលពិសេស។ ការលើក​ពេល​ ជា​សេចក្តីសម្រេចបែប​នយោបាយ​ ម៉ាក់ងាយ​ស្ថានការណ៍​ តែមានហានិភ័យ​ខ្ពស់​​អាច​នឹង​ធ្វើ​កំហឹងប្រជាជនផ្ទុះ​ឡើង។ នេះ​បើ​តាម​ពាក្យ​ព្រមាន​របស់​អ្នក​តំណាងរាស្ត្របក្សប្រឆាំង​ ដែល​ជំរុញ​ឱ្យលោកស្រី ការី ឡាំ កុំយក​កូវីដ១៩​មក​បម្រើ​ហិបឆ្នោត។ ក្នុង​សម្លៀកបំពាក់​អាវយឺត​ខ្មៅ​ សរសេរ​ថា “គេ​មិន​អាចសម្លាប់​យើងអស់” មេដឹកនាំចលនា​ឆ័ត្រលោក​ Joshua Wong ដែល​អាជ្ញាធរ​ហុងកុង​ទើប​ដកសិទ្ធិមិនឱ្យ​ឈរ​ឈ្មោះ​ជាតំណាងរាស្ត្រ បាន​ប្រកាស​ប្តេជ្ញាថា​ចលនា​តស៊ូ​របស់ក្រុមអ្នក​ប្រជាធិបតេយ្យ​ហុងកុង​នៅ​តែបន្ត​ ​ហើយ​សង្ឃឹម​ថា​ពិភពលោកនឹង​គាំទ្រ​សកម្មភាព​តស៊ូ​របស់​ពួកគេ។

ក្រោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​លើសលុប​នៅ​ក្នុង​ការបោះឆ្នោត​ឃុំសង្កាត់ កាលពី​ខែវិច្ឆិកា២០១៩ និង​ធ្វើ​បាតុកម្ម​អស់​ពេញ​មួយ​ឆ្នាំ​មក គណបក្សប្រឆាំង​សង្ឃឹម​លើ​ការ​បោះឆ្នោត​ ​ខែកញ្ញា២០២០ ដើម្បី​មានតំណាង​របស់​ខ្លួន​នៅ​ក្នុងសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ