អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដោយហេតុកូវីដ ចិន​បិទការ​នាំ​ចូល​សាច់សត្វ​​ កាន់​តែច្រើន​ឡើងៗ ពីបរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាច់ជ្រូកសាច់​គោ​ប្រេស៊ីល អាល្លឺម៉ង់ ហូឡង់ ... មិនត្រូវបាន​អនុញ្ញាតឲ្យនាំចូលទៅប្រទេសចិន ដែលនិយមសាច់បំផុតនោះទេ។ ជាសរុប ចិនបានបិទព្រំប្រទល់ជាមួយប្រទេសចំនួន៩ ដែលមានបុគ្គលិកធ្វើការនៅរោងចក្រកាប់ជ្រូកឆ្លងជំងឺកូវីដ១៩។

ដោយហេតុ​កូវីដ១៩ ចិនបិទព្រំដែន​​មិន​ឱ្យ​នាំ​ចូល​សាច់​ជ្រូកសាច់គោជាមួយ​ប្រទេស​ជា​ច្រើន
ដោយហេតុ​កូវីដ១៩ ចិនបិទព្រំដែន​​មិន​ឱ្យ​នាំ​ចូល​សាច់​ជ្រូកសាច់គោជាមួយ​ប្រទេស​ជា​ច្រើន REUTERS/Fang Nanlin/File Photo
ផ្សាយពាណិជ្ជកម្ម

បញ្ជីឈ្មោះរោងចក្រកាប់សាច់​សត្វ​បរទេសដែលចិនហាមលែងឲ្យនាំចូលមកក្នុងទឹកដីខ្លួន អូសបន្លាយកាន់តែវែងឡើងៗ។ តាំងពីរកឃើញមានដានមេរោគកូរ៉ូណាថ្មី ជាប់នៅលើជ្រុញហាន់ត្រីសូម៉ុង ដែលនាំចូលពីបរទេសកាលពីខែមុនមក អាជ្ញាធរ ចិនបានវិធានការ រឹតបន្តឹងកាន់​តែ​ខ្លាំង​​វិស័យ​នាំចូលសាច់ត្រី ព្រមទាំងការនាំចូលសាច់សត្វផ្សេងទៀត មានជាអាទិ៍សាច់ជ្រូក។

ចិនបានចោះ​​ឆ្កឹះយក​សាច់នាំចូលមកពីបរទេស​​ទាំង​ឡាយ​ តាមកុងតឺណឺផ្សេងៗយកទៅសិក្សា​ក្រែងមានមេរោគកូរ៉ូណា។ ​ការ​វិភាគ​សាច់​ចំនួន​ជាង​៥​ម៉ឺន​​ករណី​ បាន​បង្ហាញ​ថា​គ្មាន​សាច់​នាំ​ចូល​ណា​មួយ​មានឆ្លង​​ឬ​ដាន​កូវីដ១៩សោះ។ ប៉ុន្តែ​ទោះ​បី​ផ្តល់​លទ្ធផល​អវិជ្ជមាន​ទាំ​ង​អស់ ទោះ​បី​អង្គការអន្តរជាតិ ដូច​ជា​អង្គការ​​ស្បៀង​អាហារ​ពិភពលោក​ អង្គការ​សុខភាព​ពិភពលោក បាន​អះអាង​ហើយ​អះអាង​ទៀត​ថា គ្មានសញ្ញា​ណា​មួយ​​​គួរ​ឱ្យ​សង្ស័យអំពី​​ករណី​ចម្លង​កូវីដ​១៩​តាម​រយៈ​ចំណី​អាហារ​និង​សាច់មក​មនុស្ស​យ៉ាង​ណា​ក៏​ដោយ ក៏​ចិន​នៅ​តែ​ស្នើ​សុំ​និ​ងដាក់​លក្ខខណ្ឌ​ដល់​ក្រុមហ៊ុនអ្នក​ផ្គត់​ផ្គង់​ចំណី​អាហារ​នាំ​ចូល​មក​ចិន ត្រូវ​ធ្វើ​កិច្ចសន្យា​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​បញ្ជាក់​ថា ទំនិញ​របស់​ពួកគេ​គ្មាន​ឆ្លង​កូរ៉ូណាវីរុស​ថ្មី​ទេ។

ដោយ​គ្មាន​បង្អង់​ រោងចក្រ​កាប់សត្វ​​ប្រេស៊ីល បាន​សម្រប​ខ្លួន​​គោរព​តា​ម​សំណើ​របស់​ចិន​ភ្លាម ព្រោះ​ចិន​ជា​អតិថិជន​លំដាប់​ទី​មួយ​​របស់​ខ្លួន។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​ក្រុមហ៊ុនយក្ស​ផ្នែក​​កាប់​ជ្រូក កាប់​គោ​របស់​ប្រេស៊ីល​ចំនួន ៥ ដូច​ជា Marfrig, Agra ឬ JBS ជា​ដើម​។ល។ បាន​ជាប់​បម្រាម​ចិន មិន​អាច​​នាំ​សាច់​ជ្រូក សាច់​គោ សាច់​មាន់/ទា ទៅ​លក់​នៅលើ​ទីផ្សា​រ​ចិនបាន​ទេ។ ​

ចិន​សម្រេច​​​​​ផ្អាកការ​នាំ​ចូល​សាច់​ពី​ប្រេស៊ីល​ ក៏​ព្រោះ​​តែ​កម្មករ​ប្រេស៊ីល​នៅ​រោង​ចក្រ​កាប់​សាច់ ជា​ច្រើន​នាក់ណាស់​​បាន​ឆ្លង​និង​ឈឺ​កូវីដ​១៩។ ជា​ការ​ពិត​ដែល​ថា​ប្រេស៊ីល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​រងគ្រោះ​​ដោយ​កូវីដ១៩​ខ្លាំង​ជាងគេមួយ​នោះ។ គិត​ត្រឹមណេះ​ ចិន​ពិត​ជា​មាន​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់មែន។ ប៉ុន្តែ​ ​​សហរដ្ឋ​អាមេរិក​ក៏​រងការ​រាតត្បាត​ខ្លាំង​​និងធ្ងន់ធ្ងរ មិន​ចាញ់​ប្រេស៊ីល​ឡើយ។ កម្មករ​ធ្វើ​ការ​នៅ​រោងចក្រ​កាប់​សាច់​ ជា​ច្រើន​បាន​ឆ្លង​កូវីដ១៩ តែ​គួរ​ឱ្យ​ចម្លែក ប្លែក​ខុស​ពីករណី​ប្រេស៊ីល ចិនបែរ​ជា​​ចំហផ្លូវ​យ៉ាង​​ធំ​ឱ្យ​អាមេរិកដដែល។ ប៉េកាំង​បាន​សម្រេច​បិទ​​មិនទទួល​ការ​នាំ​ចូល​ពី​​ក្រុមហ៊ុន​អាមេរិក​តែ​មួយ​គត់​ គឺ​ក្រុមហ៊ុន​ចិញ្ចឹម​សត្វ​មាន់ទា Tyson Foods។

បើ​ពិនិត្យ​ពិច័យ​បញ្ជី​ឈ្មោះ​ហាមឃាត់​ទៅ ចិន​ប្រុងប្រយ័ត្ន​ និង​ចាត់​វិធានការ​តឹង​តែង​ខ្លាំង​រឿង​នាំ​ចូល​សាច់​ ដោយ​រើស​មុខ និង​ដៅ​ជា​ពិសេស​តែ​លើ​ក្រុម​ប្រទេស​មួយ​ចំនួន គឺ​ប្រេស៊ីល​ និង​អឺរ៉ុប​ជាង​គេ​។ រោងចក្រ​កាប់​សាច់​ប្រេស៊ីល ចំនួន ៥ ក្រុមហ៊ុន​កាប់​ជ្រូក​អាល្លឺម៉ង់​បី ហូឡង់​បួន ​អង់គ្លេស​ពីរ ... មិន​អាច​នាំ​សាច់​ចូល​ទៅ​ចិន​​បាន​ទេ។ សម្រាប់​ពេល​នេះ រោងចក្រ​កាប់សាច់​​បារាំង ដែល​មិន​សូវ​រង​ការ​ប៉ះពាល់​ដោយ​កូវីដ១៩ គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​ចិន​ទេ​ ប៉ុន្តែ​មិន​ដឹង​ថា​ទ្រទ្រង់​បាន​យូរ​ប៉ុណ្ណា​ឡើយ។

មាន​ន័យ​ថា មូលហេតុ​កូវីដ១៩ អាច​គ្រាន់​តែ​ជា​លេស​មួយ​របស់​ប៉េកាំង​តែ​ប៉ុណ្ណោះ។ វិបត្តិ​កូវីដ ជា​ឱកាស​មួយ​សម្រាប់​ចិន​ បន្ថយ​​ការ​​នាំ​ចូល​សាច់​ជ្រូក​ប្រេស៊ីល​ ហើយ​​ងាកទៅ​​បង្កើន​ការ​នាំ​ចូលសាច់​ពី​សហរដ្ឋ​អាមេរិក ដើម្បីអាច​បំពេញ​កិច្ចសន្យា ​ ដែលប៉េកាំង​បានចុះ​​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​មួយ ជាមួយ​​អាមេរិក ​កាលពីខែ​មករា​ដើម​ឆ្នាំ។ ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​សម្របសម្រួល​​គ្នា​បញ្ចប់​សង្គ្រាមពាណិជ្ជកម្ម ចិន​បាន​សន្យា​បង្កើន​កា​រនាំ​ចូល​ទំនិញ​កសិកម្ម​អាមេរិក​ឱ្យ​បាន​ច្រើន​ជាង​មុន។

ចុះ​ជាមួយ​អឺរ៉ុប​តើ​ចិន​សំឡឹង​ឃើញ​ប្រយោជន៍​អ្វី​បាន​ជា​បិទ​ផ្លូវ​នាំ​ចូល​សាច់ ? ជាមួយ​អឺរ៉ុប​ ជា​ឱកាស​ដែល​ចិនចង់​បំបែក​បំបាក់សហភាព​​អឺរ៉ុប​ ដើម្បី​ងាយ​ជ្រៀត​ចូល​ក្នុង​ទីផ្សារ ជាពិសេស​គឺដើម្បី​ដណ្តើ​មគ្រប់គ្រង​​ទីផ្សារទូរគមនាគមន៍​៥G​តែ​ម្តង។ ជា​ចុងក្រោយ ចិន​ចង់​ឆក់​​​ឱកាស​នេះ ដើម្បី​តម្រឹម​​​​តម្លៃសាច់​នៅ​លើ​ទីផ្សារ។ បន្ទាប់​ពី​ជ្រួល​ច្របល់​ខ្លាំង​ដោយ​វិបត្តិ​កូវីដ​១៩ សេចក្តីត្រូវការ​ផ្នែក​សាច់​ជ្រូក ដែល​ប្រជាពលរដ្ឋ​ចិន​និយម​បរិភោគ​បំផុត ចាប់​ផ្តើម​ស្ងប់​ស្ងាត់​បន្តិច និង​ចុះ​ថយ តែ​រដ្ឋាភិបាល​បាន​ប្រមូល​ទិញសាច់សត្វ បំពេញ​ស្តុក​ចំណីអាហារ​ក្នុង​បរិមាណ​ដ៏​ច្រើន​ជា​អតិបរិមាបំផុត​ នារយៈ​ពេល​៥​ខែដើម​ឆ្នាំ​​កន្លង​មក​នេះ។ ហើយ​ឥលូវ​ ​ចិនមាន​ស្តុក​​​ស្បៀង​អាហារគ្រប់គ្រាន់​ហើយ ស្បៀង​អាហារ​អាច​ត្រូវ​បាន​​មកប្រើ​​ជា​អាវុធ​សម្រាប់​ចរចាការ​ទូត​និង​​ពាណិជ្ជកម្មវិញ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ