អានតួអត្ថបទ
វ៉ាក់សាំង-កូវីដ១៩

ក្រុមហ៊ុន​ឱសថ​ដ៏​ធំ​មួយ​របស់​ចិន​ ត្រៀម​ខ្លួន​ផលិត​វ៉ាក់សាំង​កូវីដ​១៩​ ទ្រង់ទ្រាយ​ធំ​

នៅ​ក្នុង​ប្រទេស​ចិន​ ក្រុមហ៊ុន​ថ្នាំ​ដ៏​ធំ​មួយ​របស់​ចិន​ បាន​ចាប់​ផ្តើម​ដំណើរ​ការ​ផលិត​វ៉ាក់សាំង​កូវីដ​១៩​ទ្រង់ទ្រាយ​ធំ បើ​ទោះបី​ជា​​វ៉ាក់សាំង​នេះ ​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ពីការ​ធ្វើ​តេស្ត​លើ​មនុស្ស​នៅឡើយ​ក៏​ដោយ​។ ស្របពេល​ប្រាប់​ថា​ វ៉ាក់សាំង​ដែល​ត្រៀម​ផលិត​នេះ​ឈ្មោះ​ ”កូរ៉ូណា​វ៉ាក់​” “Coronavac” អ្នក​ស្រាវជ្រាវ​ចិន​ម្នាក់​ បាន​សម្តែង​ពីក្តី​សង្ឃឹម​ខ្ពស់​ចំពោះ​គុណភាព​របស់​កូរ៉ូណា​វ៉ាក់​ ក្នុងការ​ប្រឆាំង​ទល់​នឹង​មេរោគ​កូរ៉ូណាថ្មី​ ដែល​កំពុង​រាតត្បាត​ខ្លាំង​ក្នុង​សកល​លោក​។

វ៉ាក់សាំងប្រឆាំងកូវីដ១៩។
វ៉ាក់សាំងប្រឆាំងកូវីដ១៩។ REUTERS - Dado Ruvic
ផ្សាយពាណិជ្ជកម្ម

Sinovac Biotech ដែល​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​របស់​ចិន​ បាន​អះអាង​ប្រាប់​ថា​ ការ​ស្រាវជ្រាវ​លើ​វ៉ាក់សាំង​ប្រឆាំងនឹង​កូវីដ​១៩​ របស់​ខ្លួន​ដំណើរ​រលូន​ល្អ​ និង​ទទួល​បាន​ជោគជ័យ​ក្នុងការ​ធ្វើតេស្ត​លើ​សត្វ​ស្វា​។

ក្រុមហ៊ុន​ថ្នាំ​ចិន​នេះ​ បាន​ឲ្យ​ដឹង​ដែរថា​ ខ្លួន​បាន​ត្រៀម​រួច​ជាស្រេច​ក្នុងការ​ផលិត​វ៉ាក់សាំង​ឱ្យ​បាន​ចំនួន​ ១០០ លាន​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ​១៩​។ កូវីដ​១៩​ ដែល​បាន​ផ្ទុះឡើង​ដំបូង​នៅ​ក្នុង​ទីក្រុង​វូហាន​ ប្រទេស​ចិន​ កាលពី​ចុង​ឆ្នាំ​ ២០១៩​ មុនពេល​រាល​ដាល​ពាសពេញ​ពិភព​លោក​ និង​បាន​សម្លាប់​ជីវិត​មនុស្ស​សរុប​ជាង​ ២២​ ម៉ឺន​នាក់​។

គួរ​កត់​សម្គាល់​ថា​ ទោះបីជា​ទើបតែ​បាន​ផ្តើម​ការ​សាកល្បង​លើ​មនុស្ស​ និង​នៅ​មិនទាន់​ទទួល​បាន​លទ្ធផល​យ៉ាងណាក្តី​ នាខណៈ​នេះ​ក្រុមហ៊ុន​ Sinovac Biotech របស់​ចិន​ បាន​ផលិត​វ៉ាក់សាំង​ចំនួន​រាប់​ពាន់​រួច​ទៅហើយ​។ វ៉ាក់សាំង​នេះ​ ត្រូវ​បាន​ផលិត​ និង​វេចខ្ចប់​ដោយ​មាន​ស្រោម​ពណ៌ស​លាយ​ពណ៌​ទឹកក្រូច​ និង​មាន​បិទ​ឈ្មោះ​ថា​ “កូរ៉ូណា​វ៉ាក់​”។

គួរ​ជ្រាបថា​ នេះ​មិនមែន​ជារឿង​ចម្លែក​ទេ​ដែល​ក្រុមហ៊ុន​ចិន​ចាប់ផ្តើម​ដំណើរ​ការ​ផលិត​វ៉ាក់សាំង​ទាំង​មិន​ទាន់​ទទួល​បាន​លទ្ធផល​ធ្វើ​តេស្ត​លើ​មនុស្ស​ និង​ទាំង​មិនទាន់​ទទួល​បាន​ការ​អនុញ្ញាត​ជា​ផ្លូវការ​។

បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP ជា​ទូទៅ​ គេ​ ត្រូវ​ការ​ពេលវេលា​យូរ​មុន​នឹង​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ផលិត​ថ្នាំ​ព្យាបាល​រោគអ្វី​មួយ​។ មួយវិញទៀត​ មុននឹង​មាន​សិទ្ធិ​ផលិត​ថ្នាំ​អ្វី​មួយ​ ក្រុមហ៊ុន​ឱសថ​ ត្រូវតែ​អាច​បង្ហាញ​ថា​ ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ផលិត​វា​បាន​ក្នុង​ទ្រង់ទ្រាយ​ធំ​ ហើយ​ចាំបាច់​ត្រូវ​ឆ្លងការ​ត្រួតពិនិត្យ​ដោយ​អាជ្ញាធរ​ជំនាញ​។

គួរ​រំឭក​ជូន​ថា​ Sinovac Biotech គឺជា​ក្រុមហ៊ុន​ផលិតថ្នាំ​ដ៏​ធំ​បំផុតមួយ​របស់​ចិន​ និង​ មាន​បុគ្គលិក​ធ្វើការ​ប្រមាណ​ជា​ ១ ពាន់​នាក់​។ ក្រុមហ៊ុន​នេះ​ ធ្លាប់​មាន​បទ​ពិសោធន៍​ ក្នុងការ​ផលិត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ផ្តាសាយ​បក្សី​ H1N1 ក្នុង​ឆ្នាំ​ ២០០៩​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ