អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូរ៉េខាងជើង៖តើលោកគីម ជុងអ៊ុនកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈ​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​កូវីដ-១៩ មាន​ព័ត៌មាន​លេច​ឡើង​ស្តីពី​ស្ថានភាព​សុខភាព​របស់​មេដឹកនាំ​កូរ៉េខាជើង​លោក​គីម ជុងអ៊ុន​ដែល​ថា លោក​ទើប​បាន​ទទួល​ការ​ព្យាបាល​បេះដូង និង​កំពុង​ឈប់សម្រាក​យក​កម្លាំង​នៅ​ក្នុង​ស្រុក​មួយ​នៃ​ខេត្ត​ព្យុងហ្កាន។ តែ​នៅ​ថ្ងៃ​អង្គារ ទី២១ មេសា កូរ៉េខាងត្បូង​ហាក់​មិន​សូវ​ឲ្យ​តម្លៃ និង​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ចំពោះ​ព័ត៌មាន​មួយ​នេះ។ ដោយឡែក ក្រុម​អ្នកសង្កេតការណ៍​មួយ​ចំនួន​បាន​ចោទ​សួរ​ពី​អវត្តមាន​របស់​លោក​គីម ជុងអ៊ុន​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នា​ឱកាស​ពិធី​ប្រារព្ធ​ខួប​កំណើត​គម្រប់ ១០៨ឆ្នាំ​នៃ​សព​លោក​គីម អ៊ីលស៊ុង។ គួរ​រម្លឹក​ថា គេ​បាន​ឃើញ​មុខ​លោក​គីម ជុងអ៊ុន​ជា​សាធារណៈ​ចុង​ក្រោយ​ក្នុង​ថ្ងៃទី១១ មេសា​នា​ឱកាស​ដែល​លោក​ដឹកនាំ​កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​ដើម្បី​ចាត់​វិធានការ​ទប់​ស្កាត់​កូវីដ-១៩។ តើ​លោក​គីម ជុងអ៊ីល​បាន​បាត់​មុខ​ទៅ​ណា និង​ថា តើ​លោក​ពិត​ជា​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មែន ឬ​យ៉ាង​ណា?

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ @Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​កូរ៉េខាងជើង ១៥ មេសា គឺ​ជា​កាលវិភាគ​នយោបាយ​ដ៏​សំខាន់​ខ្លាំង​ណាស់។ សំខាន់​ព្រោះ​ជា​ថ្ងៃ​កំណើត​របស់​សព​លោក​គីម អ៊ីលស៊ុង​ដែល​ជា​ជីតា​របស់​លោក​គីម ជុងអ៊ុន និង​ជា​ស្ថាបនិក​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​បច្ចុប្បន្ន។ នៅ​រៀងរាល់​ឆ្នាំ​ក្នុង​ថ្ងៃទី១៥ មេសា របប​ក្រុង​ព្យុងយ៉ាង​តែង​រៀបចំ​ប្រារព្ធ​ខួប​កំណើត​លោក​គីម អ៊ីលស៊ុង​យ៉ាង​អធិកអធម ហើយ​មេដឹកនាំ​កូរ៉េខាងជើង​តាំង​ពី​ជំនាន់​លោក​គីម ជុងអ៊ីល​ជា​កូន និង​លោក​គីម ជុងអ៊ុន​ជា​ចៅ​តែង​មាន​វត្តមាន​មិន​អាច​ខ្វះ​បាន។ តែ​ចំឡែក​អី​ក្នុង​ឆ្នាំ ២០២០ ដែល​ជា​ខួបកំណើត ១០៨ឆ្នាំ​របស់​សព​លោក​គីម អ៊ីលស៊ុង គេ​មិន​បាន​ឃើញ​មុខ​លោក​គីម ជុងអ៊ុន​ទេ។

បើ​គេ​ជឿ​លើ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត Daily NK ដែល​ជា​កាសែត online របស់​ប្រជាជន​កូរ៉េខាងជើង​ផ្តាច់ខ្លួន លោក​គីម ជុងអ៊ុន​មាន​បញ្ហា​បេះដូង​ដែល​ទើប​ទទួល​ការ​ព្យាបាល​ក្នុង​ខែ​មេសា និង​កំពុង​សម្រាក​យក​កម្លាំង​នៅ​ក្នុង​ស្រុក​មួយ​ស្ថិត​ក្នុង​ខេត្ត​ព្យុងហ្កាន។ Daily NK ដែល​បាន​ស្រង់​ប្រភព​ព័ត៌មាន​មួយ​នៅ​កូរ៉េខាងជើង​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មូលហេតុ​ដែល​ជំរុញ​ឪ្យ​លោក​គីម ជុងអ៊ុន​ចូល​ពេទ្យ​ព្យាបាល​បេះដូង​មក​ពី​លោក​ជក់​បារី​ច្រើន​ជ្រុល ធាត់​ខ្លាំង​ពេក និង​ចេះ​តែ​អស់​កម្លាំង។

ដោយឡែក ព័ត៌មាន​ស្តីពី​ស្ថានភាព​សុខភាព​របស់​លោក​គីម ជុងអ៊ុន​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍ CNN ដែរ។ CNN បាន​ស្រង់​សម្តី​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ម្នាក់​ដែល​ថា ក្រុង​វ៉ាស៊ីនតោន​កំពុង​សិក្សា​លើ​ព័ត៌មាន​ដែល​និយាយ​ពី​លោក​គីម ជុងអ៊ុន​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៅ​ក្រោយ​ការ​វះកាត់។

តែ​គេ​មិន​ដឹង​ថា តើ CNN បាន​ព័ត៌មាន​នេះ​ពី​ណា​មក​ទេ ជា​ព័ត៌មាន​ដែល​គ្រាន់​តែ​ស្រង់​ចេញ​ពី​កាសែត Daily NK ឬ​មួយ​ក៏​បាន​មក​ពី​ប្រភព​ផ្សេង។ យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​នេះ ព័ត៌មាន​ស្តីពី​ស្ថានភាព​សុខភាព​របស់​លោក​គីម ជុងអ៊ុន​នៅ​មិន​ទាន់​បាន​បញ្ជាក់​ដោយ​ប្រភព​ណា​មួយ​ទេ ពី​កូរ៉េខាងជើង​ក៏​គ្មាន ហើយ​ពី​កូរ៉េខាងត្បូង​ក៏​អត់​ដែរ។ « យើង​គ្មាន​អ្វី​ដែល​ត្រូវ​បញ្ជាក់ ហើយ​គ្មាន​សកម្មភាព​ណា​មួយ​ដែល​យើង​បាន​សង្កេត​ឃើញ​នៅ​កូរ៉េខាងជើង​ទេ » នេះ​ជា​ការ​ថ្លែង​របស់​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង។ ចំណែក​លោក​មូន ជុងអ៊ីន ទីប្រឹក្សាសន្តិសុខ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយ​ប្រាប់ AFP ពី​ការ​គ្មាន​ព័ត៌មាន​ពិសេស​អ្វី​ស្តីពី​សុខភាព​លោក​គីម ជុងអ៊ុន។ រីឯ​ក្រសួង​បង្រួបបង្រួម​នៅ​កូរ៉េខាងត្បូង​ដែល​ទទួល​បន្ទុក​សំណុំរឿង​អន្តរកូរ៉េ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់។

តាម​ពិត​ទៅ នេះ​មិន​មែន​ជា​លើកទី១ ទេ​ដែល​ការ​បាត់​មុខ​លោក​គីម ជុងអ៊ុន​បាន​បង្ក​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​យ៉ាង​ផុសផុល។ ក្នុង​ឆ្នាំ ២០១៤ លោក​បាន​អវត្តមាន​ជា​សាធារណៈ​អស់​រយៈពេល ៦សប្តាហ៍ មុន​នឹង​លេច​មុខ​ជា​ថ្មី​ជាមួយ​នឹង​ដៃ​កាន់​ឈើច្រត់។ កាល​ណោះ កាសែត​កូរ៉េខាងត្បូង​ឈ្មោះ Yonhap បាន​បញ្ជាក់​ថា លោក​គីម ជុងអ៊ុន​បាន​ទទួល​ការ​វះកាត់​យក​ដុំសាច់​ចេញ​ពី​ក ជើង។ តើ​លោក​គីម ជុងអ៊ុន​បាន​បាត់​មុខ​ទៅ​ណា​ទៀត​ហើយ និង​ថា តើ​លោក​ពិត​ជា​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មែន ឬ?។ អត់​មាន​ចម្លើយ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ឆ្លើយ​ដែរ។

នៅ​កូរ៉េខាងជើង គេ​ពិបាក​នឹង​រក​បាន​ព័ត៌មាន​ពិត​ទាក់ទង​នឹង​ជីវិត​ឯកជន​របស់​លោក​គីម ជុងអ៊ុន​ណាស់ ព្រោះ​ជា​ព័ត៌មាន​សម្ងាត់​មួយ​ក្នុង​ចំណោម​ព័ត៌មាន​សម្ងាត់​ផ្សេង​ទៀត​ដែល​របប​បាន​លាក់​ជិត​ល្អ​ណាស់។ យ៉ាង​ណា​ក៏​ដោយ គ្រប់​គ្នា​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់​ចំពោះ​ព័ត៌មាន​ស្តីពី​សុខភាព ក៏​ដូច​ជា​ការ​បាត់​មុខ​លោក​នៅ​ពេល​នេះ។ វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​សន្និដ្ឋាន​យ៉ាង​ណា​នោះ ព្រោះ​លោក​គីម ជុងអ៊ុន​ដែល​ធ្លាប់​បាន​អវត្តមាន​ជា​សាធារណៈ តែ​នៅ​ទីបំផុត​ទៅ តែង​លេច​មុខ​ជា​ថ្មី​ឡើង​វិញ​ជានិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ