អានតួអត្ថបទ

ការសិក្សាថ្មី៖ មេរោគកូវីដ១៩ អាច​ស្ថិតនៅក្នុងខ្យល់ ចម្ងាយ៤ម៉ែត្រ

ការសិក្សាថ្មីរបស់អ្នក​ជំនាញ​​ចិន​ បញ្ជាក់​ថា មេរោគកូវីដ១៩ អាច​ស្ថិតនៅក្នុងខ្យល់ ចម្ងាយរហូតដល់ទៅ៤ម៉ែត្រ នៃ​បរិវេណរបស់​​អ្នក​ជំងឺ។ ការ​បញ្ជាក់​ថ្មី​នេះ បានត្រូវ​ផ្សព្វ​ផ្សាយ ពីថ្ងៃសុក្រ​ទី​១០មេសា ដោយមជ្ឈមណ្ឌល​បង្ការ​និងត្រួតពិនិត្យ​ជំងឺ​ឆ្លង (CDC)​ របស់សហរដ្ឋ​​អាមេរិក​។​​

សកម្មភាពសង្គ្រោះនៅមន្ទីរពេទ្យ​ Brooklyn Hospital  ថ្ងៃទី​៩មេសា​។​
សកម្មភាពសង្គ្រោះនៅមន្ទីរពេទ្យ​ Brooklyn Hospital ថ្ងៃទី​៩មេសា​។​ AFP
ផ្សាយពាណិជ្ជកម្ម

ការ​សិក្សា​នេះ​ផ្អែក​លើ​ការ​​ធ្វើតេស្តចំពោះ​ឧបករណ៍​ប្រើប្រាស់និង​ខ្យល់ នៅ​ក្នុងបន្ទប់​សង្គ្រោះ​បន្ទាន់មួយ​ ដែល​មាន​អ្នក​ជំងឺចំនួន​​១៥នាក់ ហើយ​និង​នៅ​ក្នុង​ផ្នែក​សង្គ្រោះ​ព្យាបាល​​ទូទៅ ​ដែល​មាន​អ្នក​ជំងឺ​ឈឺធ្ងន់ តិចជាង​២៤នាក់  ក្នុង​មន្ទីរពេទ្យ​ នៅ​ស្រុក​ចិន​។

អ្នក​ជំនាញ​ចិន​បាន​ធ្វើ​​តេស្ត​​​ពិសោធ​នៅ​លើ​កម្រាល​ឥដ្ឋ ធុងសំរាម គ្រែ​​អ្នក​ជំងឺ ម៉ាស់របស់​អ្នក​ឈឺ​ គ្រឿង​ប្រដាប់ប្រដារ​ការ​ពារ​របស់​បុគ្គលិក​សុខាភិបាល​ ឧបករណ៍និង​បំពង់​ដក​ដង្ហើម ឧបករណ៍​សម្រាប់​ប្រើ​កុំព្យូទ័រ និង​ខ្យល់​នៅក្នុងបរិវេណ​​បន្ទប់​​របស់​ក្រុម​អ្នក​ជំងឺ​ទាំង​នោះ។​

ការ​តាម​ដាន​នេះ​​​ ធ្វើ​ឡើង​ក្នុងអំឡុង​ចន្លោះ​ពេល ​ពីថ្ងៃទី​១៩កុម្ភៈដល់ថ្ងៃ​ទី​​២មីនា ហើយ​លទ្ធផល​ ​បាន​​ប្រកាស​ផ្សាយ​នៅថ្ងៃ​១០មេសា ថា មេរោគ​កូវីដ១៩​ គឺពិត​ជា​មាន​វត្តមាន​ នៅ​ក្នុង​ខ្យល់​ ក្នុង​បន្ទប់​អ្នក​ជំងឺ​ ហើយ​និង​នៅ​ក្នុង​បរិវេណ​ផ្នែក​សង្គ្រោះព្យាបាល​ទូទៅ​ដែរ និងដែល​មាន​រយៈ​ចម្ងាយ៤ម៉ែត្រ​។​

អ្ន​កសរសេរ​របាយការណ៍​សិក្សា​ មាន​ក្តីបារម្ភ​ចំពោះ​បុគ្គលិក​សុខាភិបាល​និង​គ្រូពេទ្យ​ដែល​ជួយ​ព្យាបាល​អ្នក​ជំងឺ​កូវី​ដ​១៩នេះ ដោយ​បានថ្លែង​ក្តីបារម្ភ​ថា ពួក​គេ​អាច​ប្រឈម​មុខ​នឹង​ការ​ឆ្លង​និង​ចម្លង​មេរោគ​កម្រិត​ខ្ពស់​។  អ្នក​ជំនាញ​បាន​​​ឱ្យ​អនុសាសន៍​ថា ក្រុម​គ្រូពេទ្យ នៅ​ពេល​ចេញពី​បន្ទប់​ព្យាបាល​អ្នក​ជំងឺមកវិញ​ គឺត្រូវតែ​បាញ់​ថ្នាំ​សម្លាប់​មេរោគ  ​បាញ់​សម្អាតមេរោគ​ ​រួម​ទាំង បាត​​ស្បែក​ជើងផង ព្រោះ​នៅលើ​កម្រាល​ឥដ្ឋ​នៃ​បន្ទប់​សង្គ្រោះ​អ្នក​ជំងឺ ក៏​ទំនង​មាន​វត្តមាន​របស់​មេរោគ​ដែរ​។ ​

នៅក្នុងការសិក្សាថ្មី​នេះ​ គ្រាន់តែ​បញ្ជាក់ត្រឹមថាមានវត្តមានមេរោគកូវីដ​១៩​ នៅចម្ងាយ​​៤ម៉ែត្រ​ពិត​មែន ក៏ប៉ុន្តែគេ​នៅ​មិនអាចកំណត់បាន ថាតើមេរោគ​នៅក្នុងចម្ងាយ៤ម៉ែត្រនេះ​ មានបរិមាណ​ប៉ុណ្ណាទេ ហើយគេ​ក៏មិនអាចកំណត់បានដែរ តើ​ថាវាអាច​មានបរិមាណគ្រប់គ្រាន់ ដើម្បីចម្លងទៅអ្នកផ្សេងក្នុងរយៈចម្ងាយដល់ទៅ៤ម៉ែត្រឬ​យ៉ាង​ណា​នោះទេ​។​ ចំនួន​បរិមាណ​នៃមេរោគ​​និង​លទ្ធភាព​ចម្លង​ក្នុង​រយៈ​៤ម៉ែត្រថា​អាចចម្លង​បានឬមិន​បាន​នេះ​​​ គឺអ្នក​ជំនាញ​តែ​កំពុង​សិក្សា​បន្តទៀត​នៅឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ