អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ពាក្យ​ចចាមអារ៉ាម​បំផ្លើស​បំភ័យ​ ទាក់ទិន​នឹង​មេរោគ​កូរ៉ូណាវីរុស​ប្រភេទថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

មេរោគផ្លូវដង្ហើម កូរ៉ូណាវីរុសប្រភេទថ្មី ដែលបានលេចរូបរាងឡើង នៅទីក្រុងវូហានប្រទេសចិន កំពុងតែធ្វើពិភពលោកទាំងមូលព្រួយបារម្ភ។ នៅតាមបណ្តាញសង្គម មានមនុស្សខ្លះបានលើកឡើង នូវព័ត៌មានផ្សេងៗគ្នា ស្តីពីប្រភព ក៏ដូចជាមូលហេតុ ដែលមានមេរោគនេះ។ អ្នកខ្លះអះអាងថា មេរោគនេះ ត្រូវបាន​បង្កើតឡើងដោយអ្នកជំនាញអាមេរិក អ្នកខ្លះទៀត អះអាងថា គឺមន្ទីពិសោធន៍វិជ្ជសាស្ត្រមួយ នៅទីក្រុង​​វូហាន ដែលបានទំលាយមេរោគនេះចេញមកក្រៅ។ ការលើកឡើងទាំងនេះ ដោយគ្មានភស្តុតាង មក​បញ្ជាក់លំអិត នៅលើបណ្តាញសង្គមនេះ វាបានបន្ថែមឲ្យមនុស្ស កាន់តែមានការភ័យខ្លាច ផ្អើលឈូរឆ ទាំងដែលពួកគេ​ ពុំបានពិចារណាឲ្យ​បាន​ល្អិតល្អន់។

បុគ្គលិកជំនាញ កំពុងបាញ់សារធាតុសម្លាប់មេរោគ​ក្នងយន្តហោះ​អាកាសចរណ៍​ថៃ​អ៊ែរវ៉េ នៅ​ព្រលាន​យន្តហោះសុវណ្ណភូមិ​ ក្រុង​​បាងកក ថ្ងៃ​ទី​​២៨មករា ២០២០​
បុគ្គលិកជំនាញ កំពុងបាញ់សារធាតុសម្លាប់មេរោគ​ក្នងយន្តហោះ​អាកាសចរណ៍​ថៃ​អ៊ែរវ៉េ នៅ​ព្រលាន​យន្តហោះសុវណ្ណភូមិ​ ក្រុង​​បាងកក ថ្ងៃ​ទី​​២៨មករា ២០២០​ REUTERS/Athit Perawongmet
ផ្សាយពាណិជ្ជកម្ម

ជារៀងរាល់លើក នៅពេលដែលមានហេតុការណ៍ធំៗណាមួយ កើតឡើងក្នុងពិភពលោក​យើង គឺតែងតែមានមនុស្សមួយចំនួន បានសាបព្រួសនូវគំនិត ឬការយល់ឃើញរបស់គេ ដោយពុំមាន​ភស្តុតាង ឬអំណះអំណាងឲ្យសមហេតុសមផលឡើយ។ ជាការយល់ឃើញដោយស្មានៗ លាយឡំនឹងអបិយជំនឿ ឬ ក៏ជាការយល់ឃើញ ដែល​ជឿ​ថា​មាននរណាម្នាក់ ឬក្រុមណាមួយ ដែលជាអ្នក​បង្កើតរឿងរ៉ាវអាក្រក់នីមួយ។

ជាមួយនឹងការរីកចម្រើននូវបណ្តាញអ៊ីនធើនែត បណ្តាញសង្គម Facebook គឺពាក្យចចាមអារ៉ាម ពាក្យប្រឌិតបំប៉ោង អាចរីកសាយភាព បានយ៉ាងងាយ និងយ៉ាងឆាប់រហ័សបំផុត។ មតិសាធារណៈ ដែលពុំបានពិចារណាឲ្យល្អិតល្អន់ អាចជឿតាមពាក្យចចាមអារ៉ាម​ទាំងនោះ ថាវាជាការពិត។

មេរោគកូរូណាវីរុស ប្រភេទថ្មី ដែលមានឈ្មោះបច្ចេកទេសហៅថា 2019-nCov គឺជាមេរោគផ្លូវដង្ហើម ដែលបានលេចរូបរាងដំបូង នៅទីក្រុងវូហាន ប្រទេសចិន។ អ្នកជំនាញ​សុខាភិបាលចិន បានស្រាវជ្រាវរកឃើញមេរោគនេះ កាលពីចុងខែធ្នូ ក្រោយពេលដែលមានមនុស្ស​ជាច្រើននាក់ បានធ្លាក់ខ្លួនឈឺផ្ទួនៗគ្នា។ អាជ្ញាធរចិន សន្និដ្ឋានថា មេរោគនេះអាចចេញឆ្លងពីសត្វ ដែលគេលក់នៅផ្សារមួយកន្លែងនៅក្រុងវូហាន​។

អាមេរិក​ជាអ្នកបង្កើតមេរោគកូរ៉ូណាវីរុស នៅឆ្នាំ២០០៣?

កាលពីពេលថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមម្នាក់នៅបារាំង បានបង្ហោះឯកសារមួយ ដែលខ្លួនអះអាងថា ជាឯកសារបញ្ជាក់ថា តាមពិតមេរោគកូរ៉ូណាវីរុស ត្រូវបានបង្កើតឡើង ដោយអ្នកជំនាញពិសោធន៍វិជ្ជសាស្ត្រអាមេរិក កាលពីឆ្នាំ២០០៣។ អ្នកលេងបណ្តាញសង្គមដដែលនេះ បានអះអាងទៀត ថា ពួកអាមេរិកបានផលិតថ្នាំវ៉ាក់សាំង តែវ៉ាក់សាំងនេះ ត្រូវផុតកំណត់សុពលភាព​អាជ្ញាបណ្ណផលិត កាលពី​​ថ្ងៃទី​២៣មករា ២០២០។ ហេតុដូច្នេះហើយ បានជាពួក​គេបញ្ចេញមេរោគកូរ៉ូណាវីរុសនេះមក ដើម្បីអាចមានលេស បន្តផលិតវ៉ាក់សាំងនេះទៀត។

ឆ្លងកាត់ការវិភាគឲ្យបានម៉ដ្ឋចត់ ការលើកឡើង របស់អ្នក​លេងបណ្តាញសង្គមរូបនោះ គឺវាខុសទាំងស្រុង​។ តាមការពិត ឯកសារដែលបុរសនោះលើកឡើង គឺជាឯកសារសាមញ្ញមួយ ដែលបញ្ជាក់ពីការចុះបញ្ជី លើរបៀបបណ្តាច់មេរោគ កូរ៉ូណាវីរុសមួយប្រភេទ កាលពីឆ្នាំ២០០៣។ មេរោគនោះ គឺមេរោគកូរ៉ូណាវីរុស SRAS-CoV ដែលបានលេចរូបរាងឡើងនៅឆ្នាំ២០០២។ ហើយការចុះបញ្ជីលើមេរោគនេះ គឺដោយសារតែក្រុមអ្នកស្រាវជ្រាវអាមេរិក បានធ្វើការផ្តាច់មេរោគនេះ បានសម្រេច ដែលជាជំហានសំខាន់ក្នុងការស្រាវជ្រាវរកវិធីសម្លាប់វា។ ដូច្នេះវាមិនមែនមានន័យថា អ្នកជំនាញអាមេរិក បានបង្កើតមេរោគនេះឡើយ​។

មួយវិញទៀត ពាក្យថា “កូរ៉ូណាវីរុស” គឺជាពាក្យរួម ដែលសំដៅដល់អំបូរមេរោគជាច្រើនមុខ ដែលស្ថិតក្នុងចង្កោម​មេរោគ​ផ្លូវដង្ហើម។ មេរោគ កូរ៉ូណាវីរុស នេះ វាមានច្រើនប្រភេទ មានកម្រិតធ្ងន់ធ្ងរ ខុសៗគ្នា ដែលខ្លះ គ្រាន់តែបង្កឲ្យក្តៅខ្លួនផ្តាសាយធម្មតា ឬខ្លះអាចធ្ងន់ធរ ដូចជាមេរោគ SRAS-CoV ឬ មេរោគ MERS ជាដើម។ ដោយឡែក មេរោគ កូរ៉ូនាវីរុសប្រភេទថ្មីឆ្នាំ២០១៩ នេះ មិនដែលត្រូវបានគេស្គាល់ទេពីមុនមក។ ដូច្នេះ ការអះអាងថាមេរោគនេះ ត្រូវបានអ្នកជំនាញអាមេរិកបង្កើតឡើង នៅឆ្នាំ២០០៣ គឺជាការកុហក ប្រឌិតទាំងស្រុង។

គ្មានវ៉ាក់សាំងប្រឆាំងនឹង មេរោគ 2019-nCoV ទេ!

ទាក់ទិនថ្នាំវ៉ាក់សាំងវិញ លោក Yasdan Yasdapanah ប្រធានផ្នែកជំងឺឆ្លងនៅមន្ទីពេទ្យBichat ក្រុងប៉ារីស បានអះអាងថា ថ្នាំវ៉ាក់សាំង​ មិនមែនធ្វើមួយថ្ងៃបានភ្លាមទេ គឺគេត្រូវការពេលវេលាជាច្រើនឆ្នាំណាស់ ដើម្បីស្រាវជ្រាវ។ ដូច្នេះអ្នកដែលអះអាងថា មានវ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ គឺកំពុងតែស្រម៉ៃធំហើយ។ បើមានមែន គឺមានវ៉ាក់សាំងប្រឆាំងនឹងកូរ៉ូណាវីរុស ប្រភេទផ្សេងទៀត តែគេមិនអាចប្រើវាបានទេ ជាមួយនឹងមេរោគប្រភេទថ្មីនេះ។

អ្នកលេងបណ្តាញសង្គមខ្លះទៀត បានសរសេរលើកឡើងថា “ក្រុម​ហ៊ុនផលិតថ្នាំវ៉ាក់សាំង ឬផលិតថ្នាំពេទ្យ កំពុងតែផ្អែមមាត់ហើយ ព្រោះមេរោគថ្មី និងជួយឲ្យរកប្រាក់ចំណូលបានច្រើន”។ អ្នកលេងបណ្តាញ​​សង្គមម្នាក់ទៀត​វិញ​​ ក៏សរសេរឆ្លើយឆ្លងថា “ចង់ដឹងណាស់ ថាក្រុមហ៊ុនផលិតឱសថមួយណា ដែលបានបង្កើត និងទំលាយមមេរោគនេះចេញមក ?”។

មេរោគកូរ៉ូវីរុសប្រភេទថ្មី បែកធ្លាយចេញពីមន្ទីរពិសោធន៍មួយនៅវូហាន?

អ្នកលេងបណ្តាញសង្គមខ្លះទៀត អះអាងថា “ច្បាស់ណាស់ គឺមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ ត្រូវបាន​បែកធ្លាយ​ចេញមកក្រៅ ពីមន្ទីរពិសោធន៍វិជ្ជសាស្ត្រមួយ នៅទីក្រុងវូហាន”។ អ្នកដែលនិយាយបែប​នេះ បាន​លើកអំណះអំណាងថា ទស្សនាវត្តី Nature បានចុះផ្សាយនៅឆ្នាំ២០១៧ ថា មន្ទីរពិសោធន៍ក្រុងវូហាន ទើបតែត្រូវបាន​គេបង្កើត ហើយបានស្រាវជ្រាវលើវីរុសមួយប្រភេទ។

តែការពិត ការអះអាងទាំងនេះ គឺគ្មានអ្វីមកបញ្ជាក់សោះ ថាពិតជាមានការបែកធ្លាយមេរោគចេញមកខាងក្រៅ ដោយរបៀបណា ហើយថាតើ មន្ទីរពិសោធន៍នោះ ពិតជាបានស្រាវជ្រាវលើមេរោគកូរ៉ូណាវីរុស មែន​ ឬក៏អត់​​ទេ។

គេចោទចិន ថាចង់យកមេរោគទៅ​ធ្វើបាបប្រជាជនហុងកុង និងអ៊ុយហ្គួរ

មានការលើកឡើងផ្សេងទៀត ដែលមានលក្ខណៈនយោបាយ ចោទរដ្ឋាភិបាលចិន ថាចង់ធ្វើបាបអ្នកប្រឆាំងបះបោរនៅហុងកុង និងនៅខេត្តស៊ីនជាំង។ គេចោទថា រដ្ឋាភិបាលចិនប្រាកដជានឹងបញ្ជូនមេរោគនេះ ឲ្យ​ទៅធ្វើបាបប្រជាជនហុងកុងជាក់ជាមិនខាន។ ការចោទនេះ មិន​សមហេតុទាល់តែសោះ ព្រោះតាំងពីផ្ទុះមេរោគនេះមក អាជ្ញាធរចិន បានចាត់វិធានការរាំងខ្ទប់មេរោគនេះ មិនឲ្យចេញពីក្រុងវូហានទេ។ អាជ្ញាធរ​​ហុងកុងទៀតសោត ក៏បានចាត់វិធានការ​យ៉ាងតឹងតែង ដើម្បីបង្ការការឆ្លងរាលដាល។ រហូតមកទល់ថ្ងៃទី២៨មករានេះ តាមតួលេខផ្លូវការគឺមានមនុស្សតែ​៨នាក់ទេ ដែលមានផ្ទុកមេរោគនេះនៅហុងកុង​ ខណៈ​ដែល​នៅចិន​ដីគោក​ មានអ្នកឆ្លងជាង​៤៤០០នាក់។

ដូចគ្នាដែរ មតិខ្លះទៀត បាននិយាយបែបចោទប្រកាន់ថា រដ្ឋាភិបាលចិន ច្បាស់ជានឹងបណ្តោយឲ្យមេរោគ​​នេះ ចូលទៅខេត្តស៊ីនជាំង ដើម្បីចម្លងទៅប្រជាជនអ៊ុយហ្គួរជាក់ជាមិនខាន។ អ្នកសរសេរលើកឡើងរបៀបនេះ អះអាងថា ចិនមិនបាន​បិទជើងហោះហើរយន្តហោះ ទៅខេត្តស៊ីនជាំងទេ។ ក៏ប៉ុន្តែ​ អំណះអំណាង​នេះ​ យកជាការមិនបានទេ ព្រោះថាមិនមែនមានតែ​ខេត្តស៊ីនជាំងទេ ដែលគេមិនបិទជើងហោះហើរ គឺខេត្តផ្សេងទៀតក៏គេមិនបិទដែរ លើកលែងតែជើងហោះហើរនោះ ហោះចេញពីខេត្តហឺប៉ី ក្រុងវូហាន ទើបគេបិទ។ ដូច្នេះគ្មានជើងហោះហើរណាមួយហោះពីវូហាន ទីខេត្តស៊ីនជាំងឡើយ​។

បំប៉ោងតួលេខចំនួនអ្នកឆ្លង ដល់ទៅ២សែននាក់

នៅតាមបណ្តាញសង្គមដែរ មានអ្នកខ្លះបានអះអាងថា គឺក្រុមCIAអាមេរិក​ ដែលជាអ្នកទំលាយមេរោគនេះ ដើម្បីធ្វើបាបចិន បិទផ្លូវមិនឲ្យប្រជាជនចិន ធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ។ ការលើកឡើងនេះ ក៏គ្មានភស្តុតាង ឯកសារអ្វីមកបញ្ជាក់ដែរ។ អ្នកលេងបណ្តាញសង្គមដែលនិយាយ​រឿងនេះ គឺគ្រាន់តែស្មានៗ យល់ឃើញតែផ្តាស ចង់ឲ្យគេភ័យផ្អើលតាមខ្លួនប៉ុណ្ណោះ។

ទាក់ទិននឹងតួលេខ ចំនួនអ្នកឆ្លងមេរោគវិញ នៅលើបណ្តាញសង្គមFacebook មានគេបង្ហោះចែកចាយខ្សែអាត់សម្លេងមួយ ដែលក្នុងនោះស្ត្រីម្នាក់អះអាងថាខ្លួនរស់នៅក្នុងក្រុងវូហាន ហើយបាននិយាយថា អ្នកឆ្លងមេរោគនេះបច្ចុប្បន្ន គឺយ៉ាងហោច២សែននាក់។ តែសួរថា ស្ត្រីរូបនោះបានតួលេខនេះមកពីណា គឺគ្មាននរណាដឹងទេ។ អ្នកលេងបណ្តាញសង្គមបានត្រឹមតែផ្អើល ហើយចែកចាយបន្តគ្នា ដោយមិនបានចោទសួរថា ពិតឬពិតឡើយ។

បើគិតមកត្រឹមថ្ងៃ២៨មករា តួលេខផ្លូវការរបស់អាជ្ញាធរចិន បញ្ជាក់ថា អ្នកឆ្លងមេរោគនេះនៅចិន មានចំនួន​សរុបប្រមាណ​៤៤០០នាក់។ តែមិនមែនមានន័យថា ចំនួននេះនឹងនៅនឹងថ្កល់ត្រឹមនេះឡើយ។ វាអាចកើនឡើង ព្រោះនៅមានអ្នកឆ្លងផ្សេងទៀត ដែលគេមិនទាន់ធ្វើតេស្តឈាមដឹង។ ក៏ប៉ុន្តែបើកើនឡើង ក៏មិនរហូតដល់ទៅ ២សែននាក់ ដូចអ្វីដែលគេផ្អើលតាម Facebook ដែរ។ អ្នកជំនាញនៅហុងកុង បានធ្វើការប៉ាន់ស្មាន ដោយផ្អែកលើរបៀបគុណគូរ សន្និដ្ឋានថា អ្នកឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ អាចនឹងឡើងដល់៤ម៉ឺននាក់។ ដំណឹងដែលថាមានអ្នកឆ្លង២សែននាក់ គឺជារឿងបំផ្លើសទាំងស្រុង។

ក្អែកមួយជាក្អែកដប់

រាល់ការប្រឌិត ដំណឹងចចាមអារ៉ាម ចែកចាយពាសវាលពាសកាល តាមបណ្តាញសង្គមទាំងនេះ គឺធ្វើឡើងដោយគ្មានភស្តុតាង ឬក៏ជាភស្តុតាងដែល​ដែលគ្មានសត្យភាព។ មនុស្សម្នា ឃើញដំណឹងទាំងនេះលោតលើទូរស័ព្ទ ក៏ចេះតែចុចឡាយ ចែកចាយតៗគា្ន ដោយមិនបានចោទសួរ ថាតើពិតឬមិនពិត មានប្រភពច្បាស់ឬមិនច្បាស់។

ក្អែកមួយជាក្អែកដប់ រឿងតូចប្រែធំ រឿងមិនពិតក្លាយជាពិត។ ក្នុងកាលៈទេសៈនេះ យើងគ្រប់គ្នាគួរប្រុងប្រយ័ត្ន ហើយផ្តល់ទំនុកចិត្តដល់ព័ត៌មាន ដែលមានប្រភព​ពី​ភ្នាក់ងារផ្លូវការ ឬមន្ត្រីជំនាញពិតប្រាកដ ជាជាងផ្អើលតតគ្នា តាមការពន្យុះ បញ្ឆោតពីមនុស្សឆក់ឱកាស។ មេរោគកូរ៉ូណាវីរុសប្រភេទថ្មី អាចប្រហែលជាមានទំហំគ្រោះថ្នាក់គួរឲ្យបារម្ភមែន​ តែអាមេរោគព័ត៌មានមិនពិតតាមបណ្តាញសង្គមនេះ​ ក៏គ្រោះថ្នាក់មិនណយដែរ។ តោងយើងប្រុងប្រយ័ត្ន!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ