អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ល្មម​ដល់​ពេល​ដែល​អង្គការសហប្រជាជាតិ​ត្រូវ​ធ្វើ​កំណែទម្រង់​ហើយ ឬ​យ៉ាង​ណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មហាសន្និបាត​អង្គការសហប្រជាជាតិ​លើកទី៧៥ ផ្តើម​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ ទី២១ កញ្ញា​នៅ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក។ តែ​ខុស​ពី​ឆ្នាំ​មុនៗ មហាសន្និបាត​ឆ្នាំ ២០២០ នេះ​បាន​ចាប់​ផ្តើម​ពី​ការ​រៀបចំ​ពិធី​ប្រារព្ធ​ខួប​គម្រប់ ៧៥ឆ្នាំ។ មួយ​វិញ​ទៀត និង​ដោយសារ​កូវីដ១៩ ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ផ្ទាល់​ដូច​សព្វមួយ​ដង​ទេ។ តែ​ធ្វើ​ឡើង​តាម​វីដេអូ​តាម​រយៈ​សុន្ទរកថា​ដែល​ពួក​គេ​បាន​ថត​ទុក​មុន។ អ្វី​ជា​ការ​កត់សម្គាល់ មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​ចំ​ខួប​គម្រប់ ៧៥ឆ្នាំ​បាន​រៀបចំ​ឡើង ខណៈ​ដែល​ពិភពលោក​កំពុង​បន្ត​គ្របដណ្តប់​ដោយ​កូវីដ១៩ និង​ដែល​អង្គការពិភពលោក​មួយ​នេះ​ហាក់​កំពុង​ស្គាល់​ភាព​បែកបាក់​គ្នា​ខ្លាំង។ កូវីដ១៩ ជា​សក្ខីកម្ម​មិន​អាច​ប្រកែក​បាន​ចំពោះ​ភាព​បែកបាក់​នេះ។ តើ​វា​ល្មម​ដល់​ពេល​ដែល​អង្គការសហប្រជាជាតិ​ត្រូវ​ធ្វើ​កំណែទម្រង់​ហើយ ឬ​យ៉ាង​ណា?។

ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក
ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក AFP/File
ផ្សាយពាណិជ្ជកម្ម

ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៤៥ អង្គការសហប្រជាជាតិ​មាន​អាយុកាល ៧៥ឆ្នាំ​គត់​ក្នុង​ឆ្នាំ ២០២០ នេះ។ តាម​ពិត​ទៅ អង្គការ​ពិភពលោក​មួយ​នេះ​បាន​គ្រោង​រៀបចំ​ខួប ៧៥ឆ្នាំ​យ៉ាង​ឱឡារិក​ក្នុង​ខែ​មិថុនា​កន្លង​ទៅ តែ​ត្រូវ​បាន​លុបចោល​វិញ​ដោយសារ​កូវីដ១៩។ ទោះ​ជា​យ៉ាង​នេះ​ក្តី និង​ដោយសារ​កូវីដ១៩ ដដែល ពិធី​ប្រារព្ធ​ខួប ៧៥ឆ្នាំ​ក៏​មិន​បាន​ធ្វើ​ឡើង​ក្រោម​ទ្រង់ទ្រាយ​ធំ និង​ក៏​មាន​ការ​ចូលរួម​ត្រឹម​មន្រ្តីការទូត​នៃ​ប្រទេស​សមាជិក​ដែល​ប្រចាំ​នៅ​ក្នុង​ទីក្រុង​ញូយ៉ក។ រី​ឯ​មហាសន្និបាត​លើកទី៧៥ ទៀត​សោត​ក៏​ត្រូវ​ធ្វើ​ឡើង​តាម​វីដេអូ និង​ត្រូវ​ចាក់​ផ្សាយ​ជា​បន្តបន្ទាប់​នូវ​សុន្ទរកថា​របស់​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ដែល​បាន​ថត​ទុក​មុន។ កូវីដ១៩​បាន​ផ្លាស់ប្តូរ​ពី​ការ​ជួបជុំ​នៅ​នឹង​កន្លែង​ទៅ​ជា​ការ​ជួបជុំ​តាម​វីដេអូ។ តែ​ជំនួប​របៀប​នេះ​បាន​អនុញ្ញាត​ឲ្យ​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទាំង ១៩៣ប្រទេស​មាន​វត្តមាន​ទាំង​អស់​គ្នា​តាម​រយៈ​សុន្ទរកថា​រៀងៗ​ខ្លួន។

ឃើញ​ថា​មិន​ដែល​មាន​ទេ​នៅ​ក្នុង​ប្រវត្តិ​នៃ​មហាសន្និបាត​អង្គការពិភពលោក​មួយ​នេះ​ដែល​មាន​ចំនួន​សុន្ទរកថា​ពី​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទាំង ១៩៣ប្រទេស​សមាជិក ហើយ​គេ​ត្រូវ​ការ​ពេល ៥ថ្ងៃ​កន្លះ​ដើម្បី​ស្តាប់​សុន្ទរកថា​ទាំង​អស់​នោះ។ គួរ​រម្លឹក​ថា មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​ជា​មហា​វេទិកា​ការទូត​ពិភពលោក​រយៈពេល ១សប្តាហ៍ គឺ​ជា​ឱកាស​មួយ​ដែល​គេ​បាន​ឮ​គ្រប់​ភាសា​ដែល​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​អ្នកតំណាង​ឲ្យ​ប្រទេស​សមាជិក​នីមួយៗ​ថ្លែង​សុន្ទរកថា​ម្នាក់​ម្តងៗ​ក្នុង​រយៈពេល​កំណត់​ប្រមាណ​ជា ១៥នាទី។ គឺ​ជា​វេទិកា​សេរី និង​បើក​ចំហ​ដែល​ប្រទេស​សមាជិក​នីមួយៗ​និយាយ​ពី​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​ឯង និង​ចាប់​អារម្មណ៍ រួម​ទាំង​ផ្តល់​ការ​យល់ឃើញ​ចំពោះ​ប្រធានរឿង ឬ​បញ្ហា​ប្រឈម​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ។

ទន្ទឹម​គ្នា​នេះ សុន្ទកថា​របស់​មេដឹកនាំ​ខ្លះ​ក៏​មាន​បង្កប់​ដោយ​ពាក្យ​គំរាម ប្រមាថ និង​ដៀមដាម​ដាក់​គ្នា​ទៅ​វិញ ទៅ​មក ពិសេស​រវាង​ប្រទេស និង​ប្រទេស​ដែល​កំពុង​ប្រជែង​កម្លាំង​គ្នា ឬ​ជា​សត្រូវ​ស៊ូពូជ​នឹង​គ្នា។ ករណី​នេះ​ធ្លាប់​កើត​មាន​រវាង​ប្រទេស​អ៊ីរ៉ង់ និង​អ៊ីស្រាអែល ប្រទេស​គុយបា និង​អាមេរិក ឬ​អាមេរិក និង​វ៉េណេស៊ុយឡា​ជា​ដើម។ តែ​អ្វី​ដែល​គ្រប់​គ្នា​ចង់​បាន ចង់​ឃើញ និង​ចង់​ឮ​តាម​រយៈ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើកទី៧៥ ក្នុង​ឆ្នាំ ២០២០ នេះ មិនមែន​ពាក្យ​សម្តី​ដៀមដាម ជេរ​ប្រមាថ ឬ​ការ​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ ទៅ​មក​ទេ តែ​គឺ​ការ​រួម​សាមគ្គី​គ្នា​ដើម្បី​ស្តារ​យន្តការណ៍​ពហុភាគី និង​ពង្រឹង​អំណាច​អង្គការ​ពិភពលោក​មួយ​នេះ​ឡើង​វិញ។ គេ​បាន​សង្កេត​ឃើញ​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិភពលោក​ហាក់​រញ៉េរញ៉ៃ គ្មាន​សណ្តាប់ធ្នាប់ និង​គ្មាន​មេកើយ​ដោយ​មាន​ប្រទេស​មហាអំណាច​ខ្លះ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ដើម្បី​ប្រយោជន៍​ខ្លួន។

ជំងឺ​កូវីដ១៩​ដែល​កំពុង​បន្ត​គ្របដំណ្តប់​ពិភពលោក​សព្វថ្ងៃ​ជា​សក្ខីកម្ម និង​ជា​វិញ្ញាសារ​មួយ​ដែល​ស្តែង​កាន់​តែ​ច្បាស់​ឡើងៗ​ពី​សក់​នរណា​ក្បាល​អ្នក​ហ្នឹង​ដោយ​គ្មាន​អ្នក​ណា​អាច​និយាយ​ផ្ទុយ​ពី​នេះ​បាន​ទេ។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ៊្គូទែរ​ធ្លាប់​បាន​បញ្ជាក់​តាំង​ពី​ដំបូង​ថា កូវីដ១៩ គំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ រួម​ទាំង​រុញ​កំណើន​ភាព​វឹកវរ និង​អំពើ​ហិង្សា​ក្នុង​សង្គម។ នៅ​ក្នុង​ន័យ​នេះ លោក​ហ៊្គូទែរ​បាន​រម្លឹក​ពី​តម្រូវការ​ឯកភាព និង​សាមគ្គីភាព​ដែល​ចាំ​បាច់​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ១៩។ តែ​ការ​អំពាវនាវ​របស់​ប្រមុខ​អង្គការពិភពលោក​យ៉ាង​ដូច​នេះ​ហាក់​មិន​ត្រូវ​បាន​ប្រទេស​ខ្លះ​ស្តាប់​ចូល​ត្រចៀក​ទេ។ តើ​ប្រទេស​ទាំង ៥ ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ពិភពលោក​ពាក់ព័ន្ធ​នឹង​វិបត្តិ​កូវីដ១៩?។ ចម្លើយ គឺ​អត់​ទេ។ តើ​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ប្រទេស​ដដែល​នេះ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ស្តារ​យន្តការណ៍​ពហុភាគី និង​រៀបចំ​សណ្តាប់ធ្នាប់​ពិភពលោក​ឡើង​វិញ?។ ចម្លើយ គឺ​គ្មាន​ទេ។

លោក Thomas Gomart នាយក​វិទ្យាស្ថាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​បារាំង​បាន​មើល​ឃើញ​ថា វេទិកា​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ជា​កន្លែង​ជួយ​ដោះស្រាយ​បញ្ហា​ពិភពលោក​បាន​ក្លាយ​ជា​វេទិកា​នៃ​ការ​ប្រឈម​មុខ និង​ការ​ប្រជែង​កម្លាំង​គ្នា​រវាង​ប្រទេស​មហាអំណាច​តាម​រយៈ​ការ​ប្រើ​សិទ្ធិវ៉េតូ​ទៅ​វិញ ទៅ​មក​ដោយ​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជា​ធំ។ តាម​លោក Gomart យន្តការណ៍​ពហុភាគី​ដែល​ជា​គោលការណ៍​ទ្រឹស្តី​នៃ​ទំនាក់ទំនង​អន្តរជាតិ​តាំង​ពី​ឆ្នាំ ១៩៤៥ និង​ដែល​មាន​តម្លៃ​ជា​សារវ័ន្ត​សម្រាប់​បស្ចិមលោក​ត្រូវ​បាន​ជាន់​ពន្លិច​ដោយ​ប្រទេស​មហាអំណាច ៣ គឺ​សហរដ្ឋអាមេរិក ចិន និង​ប្រទេស​រុស្ស៊ី។ ចំណែក​សាស្រ្តាចារ្យ​បារាំង​ផ្នែក​ច្បាប់សាធារណៈ​លោក Serge Sur បាន​បញ្ជាក់​ថា ដើម្បី​ឲ្យ​យន្តការណ៍​ពហុភាគី​ដំណើរការ គេ​ត្រូវ​ការ​ក្រុម​មេដឹកនាំ​ខ្លាំង​ដែល​មាន​ចក្ខុវិស័យ​នៃ​ទំនាក់ទំនាក់​អន្តរជាតិ។ តែ​សព្វថ្ងៃ ក្រុម​មេដឹកនាំ​របៀប​នេះ​លែង​មាន​ទៀត​ឡើយ។ សហរដ្ឋអាមេរិក​មិន​បាន​សម្លឹង​ឃើញ​ចក្ខុវិស័យ​នេះ​ទេ ហើយ​ចិន​វិញ​បាន​ចាត់​ទុក​ចក្ខុវិស័យ​មួយ​នេះ​ដូច​ជា​ឧបករណ៍​មួយ​ដើម្បី​ត្រួតត្រា។

យ៉ាង​ណា​ក៏​ដោយ និង​ដើម្បី​រៀបចំ​ពិភពលោក​ឲ្យ​មាន​សណ្តាប់ធ្នាប់​វិញ ការ​ធ្វើ​កំណែទម្រង់​លើ​ស្ថាប័ន​អង្គការសហប្រជាជាតិ​ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន ពិសេស​សមាសភាព​នៃ​សមាជិក​អចិន្ត្រៃយ៍​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ។ គួរ​រម្លឹក​ថា​តាំង​ពី​ក្រោយ​សង្រ្គាមលោក​លើកទី២ ចំនួន​សមាជិក​អចិន្ត្រៃយ៍​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​នៅ​តែ ៥ប្រទេស គឺ​សហរដ្ឋអាមេរិក ចិន រុស្ស៊ី អង់គ្លេស និង​បារាំង។ តែ​គ្រប់​គ្នា​បាន​មើល​ឃើញ និង​ទទួល​ស្គាល់​ថា ៧៥ឆ្នាំ​ក្រោយ​មក មរតក​សល់​ពី​សម័យសង្គ្រាមលោក​មួយ​នេះ​លែង​តំណាង​ឱ្យ​តុល្យភាព​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ