អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្លាស្ទិក​ត្រលប់​មកលេច​មុខ​កាន់តែច្រើន នៅ​សម័យ​ជំងឺរាតត្បាតកូវីដ ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

គេប្រហែលជាធ្លាប់បាន​លឺ បាន​អាន​ដឹងថា ខ្យល់ពុល​បរិយាកាស​បាន​ថយចុះ​គួរ​ឲ្យ​កត់សំគាល់ ដោយសារ គ្មានផ្សែងរថយន្ត ឬ ផ្សែង​រោងចក្រ ដែល​ត្រូវ​បិទទ្វារ ទៅតាម​វិធានការ​ទប់ស្កាត់ ការឆ្លងរីករាលដាល​កូវីដ ១៩ នៅក្នុង​បណ្តាប្រទេស​ជាច្រើន នៅក្នុង​ពិភពលោក។ វិធានការ​បិទទីក្រុង ដាក់មនុស្ស ឲ្យនៅក្នុង​ផ្ទះ ដើម្បី​កុំ​ឲ្យ​ឆ្លងជំងឺ កូវីដ ១៩ បានធ្វើ​ឲ្យ​ទឹកសមុទ្រ រងថ្លា​ស្អាត គ្មាន​មនុស្សលោក​ទៅ​កូរ​ឲ្យ​កខ្វក់។ ស្តាប់ទៅ កូវីដ ១៩​ហាក់​ផ្តល់​ប្រយោជន៍​ច្រើន​សម្រាប់​បរិស្ថាន។ ប៉ុន្តែ អ្វី​ដែល​គេ​ភ្លេច​នឹកដល់ នោះ កូវីដ​១៩ ជំរុញ​ផងដែរ​ឲ្យ​មាន​សំរាមប្លាស្ទិក ដែល គ្រោះថ្នាក់ និង​អាក្រក់​បំផុត​សម្រាប់​បរិស្ថាន ជាពិសេស​ជីវិត​សត្វសមុទ្រ។ 

A vendor wearing a protective face mask delivers a plastic bag to a customer at an open-air food market that has been reopened, during the coronavirus disease (COVID-19) outbreak in Cisternino, Italy, April 27, 2020. REUTERS/Alessandro Garofalo
A vendor wearing a protective face mask delivers a plastic bag to a customer at an open-air food market that has been reopened, during the coronavirus disease (COVID-19) outbreak in Cisternino, Italy, April 27, 2020. REUTERS/Alessandro Garofalo REUTERS - ALESSANDRO GAROFALO
ផ្សាយពាណិជ្ជកម្ម

ស្រោមដៃ អាវការពារ​របស់​គ្រូពេទ្យ ដែល​ព្យាបាលអ្នកជំងឺ​កូវីដ ១៩ ឬ ម៉ាស ដែល​គេ​ពាក់ ភ្លូកទឹក ភ្លូកដី​ដើម្បី ជៀសវាង​កុំ​ឲ្យឆ្លង​មេរោគកូវីដ ១៩ សុទ្ធតែ​ធ្វើ​ពី​ប្លាស្ទិក។ នៅពេល ដែល​វត្ថុ​ទាំងអស់នោះ​ត្រូវគេ​បោះចោល អារ៉ាត់អារាយ ក្រៅធុងសំរាម វា​នឹងអាច​ប៉ើង ហោះ នៅតាម​ផ្លូវ ឬ ធ្លាក់ចូលទៅ​ក្នុង​លូ​បង្ហូរ​ទឹកក្រោមដី ដែល​មួយចំនួន មានទិសដៅ ទៅកាន់​សមុទ្រ។ នេះ​គ្រាន់តែ​ជារូបភាព សង្ខេបខ្លី​ពី​វត្តមាន​ដ៏គំហុក​នៃ​សំរាម​ប្លាស្ទិក នៅក្នុង​សម័យ ជំងឺ​កូវីដ ១៩។

ម៉ាស ដប​ទឹកអាល់កុល ដែល​ធ្វើ​ពីប្លាស្ទិក ការវេចខ្ចប់​ទំនិញ ដោយ​ប្រើ​ប្លាស្ទិក កំពុង​កើនចំនួន នៅគ្រប់​កន្លែង ជាពិសេស នៅ​ផ្សារលក់​ចំណីអាហារ។ តាម​អ្នកការពារ​បរិស្ថាន ការពារ​សមុទ្រ វត្ថុ​ធ្វើពីប្លាស្ទិក ដែល​គេ​ប្រើ​បាន​តែ១ ដង រួច​បោះចោល ដូចជា ថង់ កែវ ប្លាស្ទិក កំពុង​ក្លាយ​ជា​ជំរើស​អាទិភាព​របស់​អ្នកប្រើប្រាស់ នៅបរិបទ​កូវីដ ១៩។ តើ​សំរាម​ប្លាស្ទិក​កំពុង​រីកដុះដាល ខ្លាំង ដំណាលគ្នា​នឹង​ការរីករាតត្បាត​នៃ​ជំងឺកូវីដ ១៩?

អ្វីដែល​អ្នកជំនាញ​បរិស្ថាន​បាន​កត់សំគាល់​ឃើញ នោះ​គឺ​ថា ក្រុមហ៊ុន ឧស្សាហកម្ម​ផលិត​ប្លាស្ទិក ចាប់សកម្ម​ខ្លាំង ដើម្បី ជំរុញ ឲ្យ​ប្លាស្ទិក​អាច​ត្រលប់ មកជា​វត្ថុ​ចាំបាច់ នៅក្នុង​ការប្រើប្រាស់​ប្រចាំថ្ងៃ។ នៅ​អឺរ៉ុប សមាគម EuPC ដែល​តំណាង​ផលប្រយោជន៍ របស់​ក្រុមហ៊ុន​ផលិត​ប្លាស្ទិក ជាង ៥ម៉ឺន ក្រុមហ៊ុន បាន​ដាក់​ពាក្យ​សុំ​ឲ្យ​គណៈកម្មការ​អឺរ៉ុប ពន្យារ ពេល យ៉ាងហោច ១ឆ្នាំ ក្នុងការអនុវត្ត​គោលនយោបាយ ស្តីពី ការកាត់បន្ថយ វត្ថុ​ធ្វើ​ពីប្លាស្ទិក។ គេ​បាន​ទាមទារ​ផងដែរ ឲ្យ​មានការកាត់បន្ថយ​ពន្ធ​លើ​ផលិតផល​ប្លាស្ទិក ឬ​លុបចោល​ទៅវិញ វិធានការ​ដែល​ហាមឃាត់ ការប្រើវត្ថុ​ធ្វើពីប្លាស្ទិក ដែល​ប្រទេស​អឺរ៉ុប​មួយចំនួន​បាន​ចាប់អនុវត្ត​រួចហើយ។

គួរ​រំលឹកថា នៅពាក់កណ្តាល​ឆ្នាំ មុន (ឆ្នាំ ២០១៩) សហភាព​អឺរ៉ុប​បាន​ចេញមុខ​មុនគេ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​សំរាម ប្លាស្ទិក ដោយ​បាន​បង្កើតច្បាប់ ហាមឃាត់ មិន​ឲ្យ​មាន ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០២១ រាល់ វត្ថុ​ធ្វើ​ពីប្លាស្ទិក ដូចជា កែវប្លាស្ទិក ចាន បំពង់បឺត ប្លាស្ទិក ដែល​គេ​ប្រើ​តែ​១ដង រួច​បោះចោល។

រងការរិះគន់​ពី​បញ្ហា​សំរាម​ប្លាស្ទិក ក្រុមហ៊ុន​ផលិតប្លាស្ទិក​ប្រឈម​ផងដែរ​នឹង​ការចោទប្រកាន់​ដែល​ថា ប្លាស្ទិក​ដែល​វេចខ្ចប់​ចំណីអាហារ មាន​សារធាតុ​គីមី ដែល​អាច​ជ្រាបចូល​ក្នុង​ចំណីអាហារ។

ប៉ុន្តែ នៅក្នុង​បរិបទ​ដែល​ជំងឺកូវីដ ១៩​ចាប់រាតត្បាត ក្នុង​ពិភពលោក ក្រុមហ៊ុន​ឧស្សាហកម្ម ផលិត​ប្លាស្ទិក មាន​ឱកាស លើកមុខមាត់ គុណប្រយោជន៍​របស់​ប្លាស្ទិក មកវិញ ដោយថា ប្លាស្ទិក​កំពុង​ស្រោចស្រង់​ជីវិត​មនុស្ស។ ហេតុអ្វី​គេ​និយាយ​ដូច្នេះ? នៅក្នុង​កាលៈទេសៈ ដែល​ប្រជាជន ជៀសវាង ការប៉ះពាល់​គ្នា ដើម្បី​ទប់ស្កាត់​ការឆ្លងកូរ៉ូណាវីរុស ថង់ប្លាស្ទិក ដែល​គេ​ប្រើតែ​១ដង រួចបោះចោល ដើរតួ​សំខាន់ ក្នុង​ការកាត់បន្ថយ ការចម្លង​មេរោគកូវីដ ១៩។ សមាគម ការពារ​ក្រុមហ៊ុន​ផលិតប្លាស្ទិក លើកទឹកចិត្ត​ឲ្យ​មាន​ការប្រើប្រាស់ ថង់ប្លាស្ទិក និង​រាល់​វត្ថុ​ធ្វើ​បា្លស្ទិក ដែល​គេ​ងាយ​នឹង​បោះចោល ដើម្បី​កុំ​ឲ្យ​មានការឆ្លង មេរោគ ពីមនុស្ស​ម្នាក់ ទៅមនុស្ស​ម្នាក់។

នៅអាមេរិក ក្រុមការពារផលប្រយោជន៍​របស់​ក្រុមហ៊ុន​ប្លាស្ទិក នៅ​បាន​បញ្ចុះបញ្ចូល​ឲ្យ​អាជ្ញាធរ​បិទភ្នែក បណ្តោយ​ឲ្យ​គេ​ប្រើឡើងវិញ វត្ថុធ្វើពីប្លាស្ទិក ដូជា ថង់ប្លាស្ទិក ដើម្បី​ជំនួស ថង់ក្រណាត់ ដែល​គេ​ធ្លាប់​ប្រើ​កន្លងមក ដើម្បី​កាត់បន្ថយ​ថង់​ប្លាស្ទិក។ ពួកគេ​ទាំងនោះ​បាន​អះអាងថា ថង់​ក្រណាត់ របស់​អតិថិជន អាច​ជាសំបុក​មេរោគកូវីដ១៩ ដែល​អាចឆ្លង​ទៅ​បុគ្គលិក ផ្សារ ឬ​អតិថិជន​ផ្សេងទៀត។ នៅ​ទីក្រុង​សាន់ហ្វា្រន់ស៊ីស្កូ ហាងកាហ្វេ Starbucks បាន​បដិសេធ មិនចាក់បំពេញ​កាហ្វេ ក្នុង​កែវ​ដែល​អតិថិជន​នាំយកមកពីផ្ទះ។

យុទ្ធនាការ​បញ្ចុះបញ្ចូល បំប៉ោង​ព័ត៌មាន​របស់​ក្រុមការពារ​ឧស្សាហកម្ម​ប្លាស្ទិក មាន​ឥទ្ធិពល​លើសលុប បាំង​បិទ ព័ត៌មាន​ដែលថា តាមពិត មេរោគកូវីដ ១៩​អាច​មាន​ជីវិត រស់នៅ​យូរ ពី​៣​ដល់ទៅ​៧ថ្ងៃ នៅលើ​ថង់ប្លាស្ទិក។ ចំណែក​ថង់ក្រណាត់​វិញ ទោះអាច​មាន​ជាប់​មេរោគ ប៉ុន្តែ គេ​នៅអាច​បោក និង​ប្រើបាន​ជាថ្មី​ដោយ​មិនចាំបាច់​បោះចោល​ទៅក្នុង​បរិស្ថាន​នោះទេ។

ក្នុង​បរិបទ​ដែល​មនុស្ស​ភ័យខ្លាច ឆ្លង​កូវីដ ១៩ ទាំង​អាជ្ញាធរ និង​ក្រុមអ្នកការពារ​បរិស្ថាន បិទភ្នែក មិនចង់​បរិហារ​រិះគន់ ឥរិយាបថ​ប្រើប្រាស់​ប្លាស្ទិក​នោះទេ។ គេ​សង្ឃឹមថា ការប្រើប្រាស់​ប្លាស្ទិក ដ៏ភ្លូកទឹក ភ្លូកដី គ្រាន់តែ​បណ្តោះអាសន្ន នៅក្នុង​ដំណាក់កាល​ចាំបាច់ ដូចជា វិបត្តិ​ជំងឺរាតត្បាត​កូវីដ ១៩។ អ្វីដែល​គេ​បារម្ភ ខ្លាច គឺ ទម្លាប់ ប្រើប្រាស់​ប្លាស្ទិក នៅតែ​បន្ត ជាប់ឬស នៅក្រោយ​ចប់​វិបត្តិ​កូវីដ​១៩។ នោះហើយ​ជា​បញ្ហា ព្រោះថា ប្លាស្ទិក ដែល​ផលិតចេញពី​ប្រេង ឧស្ម័ន សាមញ្ញ ងាយនឹង​ប្រើប្រាស់ ប៉ុន្តែ វា​ជា​សត្រូវ​ធំបំផុត​សម្រាប់​បរិស្ថាន។ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ ២០១៨ បាន​បង្ហាញថា គេ​ប្រើប្រាស់​ថង់ប្លាស្ទិក ប្រមាណ ៥ម៉ឺនលាន ក្នុង​មួយឆ្នាំ ឬ​ស្មើ​នឹង​១០​លាន ក្នុង​១នាទីម្តង។ នៅពេល​ស្បោងប្លាស្ទិកមួយ ត្រូវ​គេ​ប្រើ​ក្នុង​រយៈពេល​ប្រមាណ​២០នាទី វា​ត្រូវការ​ពេល​ដល់ទៅ ៤០០​ឆ្នាំ ដើម្បីអាច​រលាយ​ក្នុង​ដី។ មួយវិញទៀត សំរាម​ប្លាស្ទិក ជា​អ្នកបំផ្លាញ បំពុល​ខ្លាំង​បំផុត​នៅក្នុង​មហាសមុទ្រ។ សំរាម​ប្លាស្ទិក ជា​ដើមហេតុ​សំខាន់ ដែល​សម្លាប់​ជីវិត​សត្វ​សមុទ្រ កាន់តែ​ច្រើន នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយនេះ។ នេះ​គេ​នៅមិនទាន់​និយាយ​ពី​សារធាតុ​ប្លាស្ទិក​នៅក្នុង​ខ្លួន​សត្វសមុទ្រ​ដែល​ជាចំណី​របស់​មនុស្ស។ នៅក្នុង​កាលៈទេសៈ ដែល​គេ​កំពុង​ព្រួយបារម្ភ ពីការឆ្លង​មេរោគ​កូវីដ ១៩ គេ​អាច​បន្ធូរបន្ថយ យោគយល់​ឲ្យ​មានការប្រើប្រាស់ ម៉ាស ស្រោមដៃ ឬ​ឧបករណ៍ពេទ្យ ឬ​វត្ថុ​ផ្សេងទៀត ដែល​ធ្វើ​ពីប្លាស្ទិក។ ប៉ុន្តែ ជាមួយគ្នានោះ គេក៏មិនត្រូវ​ធ្វេសប្រហែស ឈប់ចាត់ចែង ទុកដាក់​ សំរាម​ប្លាស្ទិកនោះដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ