អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ការ​លើក​តម្កើង​ស្រ្តី​អាច​ធ្វើ​អោយ​លោកស្រី ហ៊ីឡារី គ្លីនតុន ទទួល​ជោគជ័យ​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ឆ្នាំ​២០០៨​ លោកស្រី​ ហ៊ីឡារី គ្លីន​តុន នៅ​ជា​សមាជិក​ព្រឹទ្ធសភាប្រចាំ​រដ្ឋ​ញូវយ៉ក​នៅ​ឡើយ។​ ហើយ​លោកស្រី​បាន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​បក្ស​ប្រជាធិបតេយ្យ​ សំរាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។​ នា​កាល​នោះ​ លោកស្រី​ពុំ​សូវ​ប្រើប្រាស់​រូបភាព​ ឬ​លើក​យក​ប្រធាន​បទ​ស្តីពី​ស្រ្តី​មក​ដាក់​បញ្ចូល​ក្នុង​យុទ្ធនាការ​ឃោសនា​ឡើយ។ ជាលទ្ធផល​ លោក បារ៉ាក់ អូបាម៉ា ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​ផ្លូវការ​តំណាង​អោយ​គណបក្ស​ប្រជាធិបតេយ្យ។ បច្ចុប្បន្ន​នេះ​ លោកស្រី​ ហ៊ីឡារី​ គ្លីនតុន​ កំពុង​លើក​យក​ប្រធានបទ​ស្រ្តី​មក​ធ្វើ​ជា​ប្រធាន​បទ​ចំបង​ក្នុង​ការ​ឃោសនា។

លោកស្រី​ហ៊ីឡារី គ្លីនតុន បេក្ខជន​ប្រធានាធិបតី​អាមេរិក​សម្រាប់​ឆ្នាំ ២០១៦
លោកស្រី​ហ៊ីឡារី គ្លីនតុន បេក្ខជន​ប្រធានាធិបតី​អាមេរិក​សម្រាប់​ឆ្នាំ ២០១៦ ©REUTERS/Dominick Reuter
ផ្សាយពាណិជ្ជកម្ម

មេរៀន​អតីតកាល​
ចន្លោះ​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣​ នៅ​ពេល​ដែល​បាន​ក្លាយ​ខ្លួន​ជា​រដ្ឋ​មន្រ្តី​​ការ​បរទេស​អាមេរិក​​ ពេល​នោះ​ទើប​លោកស្រី​ ហ៊ីឡារី​ គ្លីនតុន​​ ទទួល​បាន​មេរៀន​ច្បាស់​លាស់​មួយ។​ ពោល​គឺ លោកស្រី​បាន​យល់​ច្បាស់​ថា​ ប្រធាន​បទ​យេនដ័រ​លើក​តម្កើង​ស្រ្តី​​មិន​មែន​ជា​រឿង​​បន្ទាប់​បន្សំ​ឡើយ។​ សព្វថ្ងៃ​នេះ​ ទ្រឹស្តី​ស្រ្តី​និយម​ គឺ​​ជា​ប្រធាន​បទ​ចម្បង​មួយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​គាត់។ គឺ​ប្រធាន​បទ​នេះ​ហើយ​ដែល​កំពុង​តែ​ធ្វើ​អោយ​ការ​ឃោសនា​របស់​លោកស្រី​មាន​សន្ទុះ​កាន់​តែ​ខ្លាំង។

ឥឡូវ​នេះ​ ក្នុង​ផ្នត់​គំនិត​ពលរដ្ឋ​អាមេរិក​ ដែល​ស្រលាញ់​គាំទ្រ​លោកស្រី​ ហ៊ី​ឡារី​ គ្លីន​តុន​ គឺ​ លោកស្រី​មាន​តួនាទី​នៅ​ក្នុង​គ្រប់​ប្រធាន​បទ​សង្គម​ទាំង​អស់។ សំរាប់​ពួក​គេ​ លោកស្រី​មាន​តួនាទី​ជា​កូន​ស្រី​ផង ​ដែល​មាន​ម្តាយ​ចាស់​ជរា។​ ហើយ​លោកស្រី​ក៏​ជា​ម្តាយ​គេ​ផង​ ​ដោយ​មាន​កូន​តែ​ម្នាក់​គត់​ គឺ​នាង ឆែលស៊ី​ គ្លីន​តុន។​ ក្នុង​នាម​ជា​ជីដូន​ នា​ពេល​​ឆាប់ៗ​នេះ​ លោកស្រី​ក៏​នឹង​មាន​ចៅ​ទីពីរ​ផងដែរ។​ ​លើស​ពី​នេះ​ លោកស្រី​ ហ៊ីឡារី​ គ្លីនតុន​ ក៏​ជា​ស្រ្តី​ការពារ​សិទ្ធិ​ស្រ្តី​ដូចគ្នា​ ហើយ​ក៏​កំពុង​ដើរ​តួ​ជា​ស្រ្តី​គំរូ​ផងដែរ។ និយាយ​រួម​ គឺ​លោកស្រី​ គ្លីន​តុន​ មាន​តួនាទី​សំខាន់​មិន​អាច​មើល​រំលង​បាន​ឡើយ។
 
ម្តាយ​របស់​ពលរដ្ឋ​អាមេរិក​ទូទៅ​
គ្រួសារ​ និង​ការ​អប់​រំ​ គឺ​ជា​ប្រធាន​បទ​ ដែល​លោកស្រី​ គ្លីន​តុន​ បាន​ដឹកនាំ​ឃោសនាតាំង​ពី​យូរយារ​ណាស់​មកហើយ។​ កាលពី​ឆ្នាំ ១៩៩៦ លោកស្រី​​ធ្លាប់​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ ដែល​មាន​ចំណង​ជើង​ថា​ គេ​ត្រូវ​ការ​មួយ​ភូមិ (It Takes a Village)។​ ខ្លឹម​សារ​នៃ​សៀវភៅ​នេះ​ត្រូវ​បាន​យក​មក​ដាក់​បញ្ចូល​ក្នុង​យុទ្ធនាការ​​នា​ពេល​បច្ចុប្បន្ន​នេះ។ ខ្សែរ​វីដេអូ​ខ្លីមួយ​មាន​ចំណង​ជើង​ថា​ កុមារ​ (Children) បាន​បង្ហាញ​ពី​ការ​​សន្យា​របស់​លោកស្រី​ គ្លីន​តុន​ ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​ផល​ប្រយោជន៍​កុមារ ជា​ពិសេស​ការ​ជួយ​លើក​ស្ទួយ​ជីវភាព​មាតា​ និង​កុមារ​។។ រូបភាព​វីដេអូ​នេះ​ត្រូវ​បាន​ថត​តាំង​ពី​ទសវត្សន៍​ទី​៧០ មក​ម្ល៉េះ​ ដែល​កាលនោះ​លោកស្រី​នៅ​ជា​មេធាវី​វ័យ​ក្មេង​នៅ​ឡើយ។

នៅ​ក្នុង​ឃ្លីប​វីដេអូ​ខ្លី​មួយ​ទៀត​កាលពី​ឆ្នាំ​២០១៥ ក្នុង​ឱកាស​បុណ្យ​មាតា​ លោកស្រី​ គ្លីន​តុន​ បាន​ផ្ញើ​សារ​សំខាន់​ពីរ​ជូន​គ្រួសារ​ពលរដ្ឋ​អាមេរិក​ទូទៅ។​ សារ​ទី​មួយ​ គឺ​លោកស្រី​សន្យា​បង្កើត​កម្មវិធី​ឈប់​សំរាកដល់​មាតា​ដែល​ទើប​ឆ្លង​ទន្លេ។ ​សូម​បញ្ជាក់​ថា​ បើ​ប្រៀប​ធៀប​ជាមួយ​ប្រទេស​អភិវឌ្ឍន៍​ដទៃ​ទៀត​ សហរដ្ឋ​អាមេរិក​គ្មាន​កម្មវិធី​ថ្នាក់​ជាតិ​បែប​នេះ​ឡើយ។​ សព្វថ្ងៃ​នេះ​ គឺ​ពួក​និយោជក់​ជា​អ្នក​សំរេច​ផ្តល់​ការ​ឈប់​សំរាក​ដល់​បុគ្គលិក​ស្រ្តី​ដែល​ទើប​ឆ្លង​ទន្លេ។​ ក្រុមហ៊ុន​ខ្លះ​អោយ​ឈប់​បាន​តិច​ ឬច្រើន​អាស្រ័យ​លើ​គោលនយោបាយ​របស់​ក្រុមហ៊ុន។ សារ​ទីពីរ​ គឺ​ការ​សន្យា​បង្កើត​កម្មវិធី​សង្គម​ដើម្បី​ជួយ​ដល់​ស្រ្តី​រស់​នៅ​ម្នាក់​ឯង​ ហើយ​ដែល​មាន​បន្ទុក​គ្រួសារ​ធ្ងន់​ធ្ងរ​។ លោកស្រី​ ហ៊ីឡារី គ្លីន​តុន បាន​រំលឹក​ពី​យុវភាព​រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ​លំបាក​មួយ ក្រោម​អំរែក​តែ​ម្នាក់​គត់​​របស់​អ្នក​ម្តាយ​ឈ្មោះ​ ដូរ៉ូទី។​ ​លោកស្រី​បាន​រំលឹក​ថា​ ម្តាយ​លោកស្រី​បាន​ទទួល​ជំនួយ​សង្គម ដែល​អនុញ្ញាត​អោយ​ជីវភាព​គ្រួសារ​គាត់​បាន​ប្រសើរ។

ចំនុច​ខ្លាំង​មួយ​ទៀត​របស់​លោកស្រី​ គ្លីន​តុន​ គឺ​រូបភាព​ជា​អ្នក​ការ​ពារ​សិទ្ធិ​ស្រ្តី។​ ឆ្លង​តាម​រយៈ​យុទ្ធនាការ​ឃោសនា​កន្លង​មក​​ គេ​តែង​ឃើញលោកស្រី​បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ចំពោះ​ទស្សនៈ​អភិរក្ស​និយម​ចាស់​គំរិល​​របស់​ពួក​សាធារណរដ្ឋ។ ខណៈ​ពេល​ដែល​បេក្ខជន​សាធារណរដ្ឋ​ចង់​លប់​បំបាត់​ ឬ​កាត់​បន្ថយ​ថវិកា​សង្គម​នានា​ លោកស្រី​ គ្លីនតុន ​តែង​ការពារ​ និង​សន្យា​ឧបត្ថម្ភ​បន្ត​ទៀត​ដល់​កម្មវិធី​ពន្យា​កំណើត​ ការ​រំលូត​កូន​ និង​ការ​ទាម​ទារ​ប្រាក់​បៀរវត្ស​ស្មើ​បុរស​។ កាសែត​ New York Times ​សហការ​គ្មា​ជាមួយ​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​ក្រុង​ឡូ​អង់​ជឺឡែស​ (UCLA) បាន​សិក្សា​ស្តីពី​ប្រសិទ្ធភាព​នៃ​ការ​ឃោសនា​វីដេអូ​គាំទ្រ​លោកស្រី គ្លីន​តុន​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ទាញ​សន្និដ្ឋាន​ថា​ ប្រជាប្រិយ​ភាព​របស់​លោកស្រី​ គ្លីន​តុន​ គឺ​ជា​លទ្ធផល​នៃ​ការ​វាយ​ប្រហារ​ និង​ការ​រិះគន់ចំពោះ​ស្រ្តី​ពី​សំណាក់​ពួក​គណបក្ស​សាធារណរដ្ឋ។​ តួយ៉ាង​ដូច​ជា​លោក​ ថេត គ្រូស​ និង​លោក ប៊ែន​ ខា​សិន​ ​តែង​ឃោសនា​ធ្វើ​យ៉ាង​ណា​អោយ​ពលរដ្ឋ​អាមេរិក ជាពិសេស​ស្រ្តី​​រក្សា​តម្លៃ​គ្រួសារ​តាម​បែប​បុរាណ​តាម​គន្លង​គ្រិស្ត​សាសនា។​ហើយ​ លោក​ ដូណាស់​ ត្រាំ​ តែង​ប្រើ​ពាក្យ​ពេចន៍​ជេរ​ប្រទេច​ផ្តាសារ​មើល​ងាយ​ស្រ្តី។ ផ្ទុយ​ទៅ​វិញ​ លោកស្រី​ គ្លីន​តុន​ តែង​លើក​វិធានការណ៍​ ឬ​ស្នើ​កម្មវិធី​នយោបាយ​ទាន់​សម័យ​ការពារ​ស្រ្តី​ផង​ និង​គ្រួសារ​ពលរដ្ឋ​អាមេរិក​ផង។​ ពោល​ គឺ​លោកស្រី​ផ្តោត​លើ​អនាគត​របស់​សហរដ្ឋ​អាមេរិក​ ជា​ពិសេស​ផ្តល់​ក្តី​សង្ឃឹម​ដល់​ពលរដ្ឋ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ