អានតួអត្ថបទ

ប្រមុខដឹកនាំ​​ប៉ាឡេស្ទីន ធ្វើ​ដំណើរទៅ​​ ហ្សេនីន និង​សន្យាកសាង​កន្លែង​នេះ​ឡើងវិញ

ថ្ងៃ​ពុធ​ ប្រមុខ​ដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន បាន​អញ្ជើញ​ធ្វើ​ដំណើរ​ទៅកាន់ជំរំក្រុង​ ហ្សេនីន​ នៅក្នុង​តំបន់​ស៊ីហ្សកដានី​ខាងជើង​។​ ជា​ដំណើរ​ដ៏​ភ្ញាក់​ផ្អើល​ បន្ទាប់​ពី លោក​​ខកខាន​​មិន​បានទៅ​ជាន់​ទីនោះ ​ប្រមាណ​ជា​ ១០ឆ្នាំមកហើយ​​។ ដំណើរ​ដ៏​កម្រ​នេះ គឺ​ក្រោយ​ពី ពួក​ទាហាន​អ៊ីស្រាអែល បាន​វាយ​ប្រហារ​កម្ទេច​ជំរំជនភៀសខ្លួន ហ្សេនីន កាលពី​ដើម​សប្តាហ៍​​មុន។​ ​

ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន ម៉ះមូដ អាបាស់ បានដាក់កម្រងផ្កា រំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់នៅជំរំហ្សេនីន។
ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន ម៉ះមូដ អាបាស់ បានដាក់កម្រងផ្កា រំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់នៅជំរំហ្សេនីន។ REUTERS - MOHAMAD TOROKMAN
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​​​ថ្លែង​សារនយោបាយ ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន ម៉ះមូដ អាបាស់ (Mahmoud Abbas) បាន​​ដាក់​កម្រងផ្កា​ រំលឹក​វិញ្ញាណក្ខន្ធ​​​​ជន​រងគ្រោះ ​ស្លាប់​នៅ​​ជំរំ​ហ្សេនីន។ ហ្សេនីន ទី​ដែល​លោក​បាន​ចាត់ទុកថាជា​និមិត្តរូប​នៃ​ការ​តស៊ូប្រយុទ្ធ​​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​។ លោកសន្យា​កសាង​ហេដ្ឋារចនា​សម្ព័ន្ធទីកន្លែង​នេះ ឲ្យ​បាន​ល្អ​ដូចដើម ឬក៏​ល្អ​ជាង​ពីមុន​ផង​។​ ប្រទេស​អារ៉ាប់​ផ្សេងៗ​ ក៏​បាន​ឲ្យដំណឹង​ពី​គម្រោង​ជួយ​ឧបត្ថម្ភ​សាង​សង់​កន្លែង​នេះ​ដែរ។​

ដើម​សប្តាហ៍​មុននេះ​ ទាហាន​អ៊ីស្រាអែល បាន​ធ្វើ​ប្រតិបត្តិ​ការ​៤៨ម៉ោង វាយប្រហារ​កម្ទេច​ជំរំ​ហ្សេនីន។ ទង្វើនេះ ត្រូវរងការ​រិះគន់​ជា​ខ្លាំង អំពី​សហភាព​អឺរ៉ុប និងអង្គការ​សហប្រជាជាតិ។ ​បើតាម​ទី​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​ដើម្បី​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន គឺ ក្នុង​ប្រតិបត្តិការវាយ​​កម្ទេច​ពី​សំណាក់​អ៊ីស្រាអែល នោះ​ បាន​បណ្តាល​ឲ្យ​ផ្ទះ​សម្បែង​ ជាង​១០០ ត្រូវ​ខូច​ខាត។ ​សាលា​រៀន​មួយ​ចំនួន ក៏​ត្រូវ​បំផ្លាញ​ ហើយ​និង​ ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ភ្លើង ក៏​រង​ការ​ប៉ះពាល់​ដែរ​។

គួរ​រំលឹកជូន​​ថា ហ្សេនីន ​​ជា​ជំរំ​ជន​ភៀសខ្លួន​ ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥៣ សម្រាប់​ទទួល​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​ ប្រមាណជា​ ៧៦០ ០០០ នាក់​ ដែល​​ត្រូវ​ អ៊ីស្រាអែល​ បណ្តេញ​ចេញ​ ​បន្ទាប់​ពី​បង្កើត​រដ្ឋ​អ៊ីស្រាអែល នាឆ្នាំ​១៩៤៨។​ បន្តិចម្តងៗ ហ្សេនីន ក៏ប្រែ​ពី​ជំរំ​ជន​ភៀសខ្លួន ទៅជា​ទីប្រជុំ​ជន​ ហើយ​និងក្រោយ​មកទៀត ​មាន​ផ្ទះ​សម្បែង​ជា​ហូរហែ។ នា​ឆ្នាំ​១៩៦៧ តំបន់​នេះ ធ្លាក់​ខ្លួន​ឋិត​ក្រោម​ការ​ត្រួតត្រា​របស់​អ៊ីស្រាអែល។​ ​​សព្វថ្ងៃនេះ បើគ្រាន់តែ​ពី ជំរំក្រុង​​ ហ្សេនី ផ្ទៃដី​មិនដល់ ​១គីឡូម៉ែត្រ​ការ៉េផង មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​ ប្រមាណ​ ១៨ ០០០ នាក់​រស់​នៅ​ផ្តុំ​គ្នា និងដែលត្រូវ​គេ​វាយ​តម្លៃ​ថា ជាកន្លែង​ដែល​ក្រីក្រ​ខ្លាំង​បំផុត​។​

វ័យ ​៨៧ ឆ្នាំ​ ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន ម៉ះមូដ អាបាស់ កម្រ​នឹងអញ្ជើញ​ទៅ​ទីក្រុងហ្សេនីន​ណាស់​។ ដំណើរ​ទៅជំរំ​ភៀសខ្លួន​ហ្សេនីន​​ចុងក្រោយរបស់​លោក គឺ​ នៅឆ្នាំ២០០៤ ពេល​ឃោសនា​បោះឆ្នោត​ ធ្វើ​ជា​ប្រធាន​តំណាង​ប៉ាឡេស្ទីន ក្រោយ​ពី​មរណភាព​របស់ Yasser Arafat។ ឆ្នាំ២០១២ លោក ម៉ះមូដ អាបាស់ ​បា​នទៅ​ក្រុង​ហ្សេនីន​ដែរ តែ​មិន​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​ជំរំ​ដូ​ច​គ្រា​នេះទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ