អានតួអត្ថបទ

ប៉ាឡេស្ទីន៖កងទ័ពអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានលើក្រុងហ្សេនីនក្នុងតំបន់ស៊ីហ្សកដានី

នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន កងទ័ព​អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​តាំង​ពី​ជាង ២៤ម៉ោង​លើ​ទីក្រុង​ហ្សេនីន​ស្ថិត​ប៉ែក​ខាង​ជើង​តំបន់​ស៊ីហ្សកដានី។ ប្រតិបត្តិការ​យោធា​នេះ​ជា​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើ​លើ​ទឹកដី​ប៉ាឡេស្ទីន​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។ ជា​ផ្លូវការ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​លើក​ឡើង​ពី​ប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវនិយម​ដែល​ជា​ភាសា​ចង់​សំដៅ​លើ​ក្រុម​ប្រដាប់អាវុធ​ប៉ាឡេស្ទីន។ ខណៈ​នេះ មាន​ស្លាប់​ប៉ាឡេស្ទីន​ចំនួន ១០នាក់ និង​របួស​ប្រមាណ​ជា ១០០នាក់​នៅ​ក្នុង​ការ​វាយប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល។ អន្តរាគមន៍​យោធា​របស់​អ៊ីស្រាអែល​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​រលក​នៃ​ការ​វាយប្រហារ​ប្រឆាំង​អ៊ីស្រាអែល​នៅ​ប៉ែកខាងជើង​តំបន់​ស៊ីហ្សកដានី។គួរ​បញ្ជាក់​ថា នៅ​ក្រុង​ហ្សេនីន​ក៏​មាន​ជំរំ​ដែល​មាន​រស់នៅ​ដោយ​ប្រជាជន​ប៉ាឡេស្ទីន​ដែល​បាន​រង​ការ​បណ្តេញ​ពី​ដែនដី​របស់​ខ្លួន​ក្នុង​ឆ្នាំ ១៩៤៨​ដែល​ជា​ឆ្នាំ​នៃ​ការ​បង្កើត​រដ្ឋអ៊ីស្រាអែល។ លោក​តូម៉ា វេស្កូវី អ្នកស្រាវជ្រាវ​ឯករាជ្យ​បាន​យល់​ឃើញ​ថា ក្រុម​យុវជន​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់​ស៊ីហ្សកដានី​ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល​កំពុង​ប្រឈម​នឹង​ភាព​អយុត្តិធម៌ និង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​បន្ត​ការ​តស៊ូ​ទេ។

De la fumée s'élève au-dessus de Jénine, ville touchée par une frappe aérienne israélienne, le 3 juillet 2023.
De la fumée s'élève au-dessus de Jénine, ville touchée par une frappe aérienne israélienne, le 3 juillet 2023. AFP - JAAFAR ASHTIYEH
ផ្សាយពាណិជ្ជកម្ម

« គេ​ឃើញ​មាន​យុវជន​ប៉ាឡេស្ទីន​ដែល​កំពុង​មាន​អារម្មណ៍​ថា ពួក​គេ​កំពុង​ប្រឈម​នឹង​ភាព​អយុតិ្តធម៌​នៅ​ក្រោយ​អ៊ីស្រាអែល​ចូល​កាន់កាប់​ដែនដី​របស់​ពួក​គេ។ ដូច្នេះ​សម្រាប់​ពួក​គេ គឺ​មាន​តែ​ការ​តស៊ូ។ គួរ​រម្លឹក​ថា​ជា​ប្រវត្តិសាស្រ្ត ក្រុង​ហ្សេនីន​ក៏​ដូច​ជា​ក្រុង Naplouse មាន​បង្កប់​ដោយ​ឫសគល់​នយោបាយ​ប៉ាឡេស្ទីន​យ៉ាង​ជ្រៅ។ មួយ​វិញ​ទៀត បើ​គេ​និយាយ​ពី​ក្រុង​ហ្សេនីន គេ​មិន​ត្រូវ​ភ្លេច​និយាយ​ពី​ជំរំ​ជនភៀសខ្លួន​នៅ​ទីនោះ​ទេ។

ជនភៀខ្លួន​ប៉ាឡេស្ទីន​ដែល​កំពុង​រស់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​នៅ​ក្រុង​ហ្សេនីន​បាន​រស់នៅ​ទីនោះ​តាំង​ពី​ឆ្នាំ ១៩៤៨ និង​ដែល​ពួក​គេ​បាន​រង​ការ​បណ្តេញ​ចេញ​ពី​ដែនដី​របស់​ខ្លួន​នៅ​ក្រោយ​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល។ ជនភៀសខ្លួន​ទាំង​អស់​បាន​រង់ចាំ និង​កំពុង​បន្ត​រង់ចាំ​ឲ្យ​មាន​ការ​អនុវត្តន៍​ច្បាប់​អន្តរជាតិ។ តែ​រហូត​មក​ដល់​ពេល​នេះ ពួក​គេ​នៅ​មិន​បាន​ទទួល​អ្វី​ទាំង​អស់។ ដូច្នេះ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ពួក​គេ​កំពុង​បន្ត​ទទួល​នូវ​ភាព​អយុត្តិធម៌ និង​កំពុង​ប្រឈម​នឹង​អនាគត​នយោបាយ​ងងឹត​ស្លុង។

ដូច្នេះ​ជម្រើស​ដែល​នៅ​សេសសល់​របស់​ពួក​គេ គឺ​បន្ត​កាន់​អាវុធ​ដើម្បី​បន្ត​ការ​តស៊ូ។ នា​ប៉ុន្មាន​សប្តាហ៍​កន្លង​នេះ ការ​វាយប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​ក្រុម​យុទ្ធជន​ប៉ាឡេស្ទីន និង​មាន​ក្រុម​ខ្លះ​ត្រូវ​បាន​អ៊ីស្រាអែល​គាស់រំលើង។ តែ​គេ​អាច​កត់​សម្គាល់​ឃើញ​ថា ក្រុម​មនុស្ស​ជំនាន់​ថ្មី​អាច​នឹង​បន្ត​ដើរ​តាម​ផ្លូវ​ដដែរ​នេះ​ដោយសារ​តែ​អវត្តមាន​ទស្សនៈវិស័យ​នយោបាយ​ដែល​អាច​ឋិតឋេរ​បាន »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ