អានតួអត្ថបទ
ដើមបូព៌ា

ប្រមុខការទូតអាមេរិកបំពេញទស្សនកិច្ចនៅតំបន់ដើមបូព៌ាដែលកំពុងពុះកញ្ជ្រោលដោយអំពើហិង្សា

ប្រមុខ​ការទូតអាមេរិក​លោក​អង់តូនី ប៊្លីនកិន​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ដើមបូព៌ា​ក្នុង​ថ្ងៃ​អាទិត្យ ទី២៩ មករា​នេះ។ វត្តមាន​របស់​លោក​ប៊្លីនកិន​នៅ​ក្នុង​តំបន់​ត្រូវ​បាន​គ្រោង​តាំង​ពី​យូរ​មក​ហើយ តែ​វា​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​តំបន់​ទើប​ផ្ទុះ​អំពើហិង្សា​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ក្រុម​អ្នកវិភាគ​មាន​សង្ឃឹម​តិចតួច​ដែល​លោក​ប៊្លីនកិន​អាច​ប្រើ​ឥទ្ធិពល​របស់​អាមេរិក​ដើម្បី​រំងាប់​ភាព​តានតឹង​ពេល​នេះ។

ប្រមុខ​ការទូតអាមេរិក​លោក​អង់តូនី ប៊្លីនកិន​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ដើមបូព៌ា​ក្នុង​ថ្ងៃ​អាទិត្យ ទី២៩ មករា​នេះ។
ប្រមុខ​ការទូតអាមេរិក​លោក​អង់តូនី ប៊្លីនកិន​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ដើមបូព៌ា​ក្នុង​ថ្ងៃ​អាទិត្យ ទី២៩ មករា​នេះ។ AP - Manuel Balce Ceneta
ផ្សាយពាណិជ្ជកម្ម

អេហ្ស៊ីប​ជា​ប្រទេស​ទី១ ដែល​ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​ផ្តើម​ទស្សនកិច្ច​មុន​គេ​ក្នុង​ថ្ងៃ​អាទិត្យ ទី២៩ មករា មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​នៅ​ថ្ងៃចន្ទ ទី៣០ និង​ទៅ​កាន់​ទឹកដី​ប៉ាឡេស្ទីន​នៅ​ថ្ងៃ​អង្គារ ទី៣១ មករា​សប្តាហ៍​ក្រោយ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ទស្សនកិច្ច​នៅ​ក្នុង​តំបន់​របស់​លោក​ប៊្លីនកិន​ដែល​បាន​រៀបចំ​ទុក​តាំង​ពី​យូរ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អំពើហិង្សា​បាន​ផ្ទុះ​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ នេះ​ជា​ប្រធានបទ​អាទិភាព​មួយ​ដែល​លោក​ប៊្លីនកិន​លើក​យក​ទៅ​និយាយ​ជាមួយ​ប្រធានាធិបតី​អេហ្ស៊ីប​លោក​អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី។

ការ​និយាយ​រឿង​នេះ​ជាមួយ​លោក​អាល់ស៊ីស៊ី​ព្រោះ​អេហ្ស៊ីប​បាន​ដើរ​តួនាទី​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​តាំង​ពី​ដំបូង។ ក្រៅ​ពី​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន លោក​ប៊្លីនកិន​និយាយ​ជាមួយ​លោក​អាល់ស៊ីស៊ី​លើ​​ប្រធានរឿង​ផ្សេង​ទៀត ពិសេស​បញ្ហា​នៅ​ក្នុង​តំបន់​ដោយ​ផ្តោត​លើ​ប្រទេស​លីប៊ី និង​ប្រទេស​ស៊ូដង់។ ប្រធានរឿង​បន្ទាប់​មក គឺ​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក និង​អេហ្ស៊ីប​ក្នុង​នាម​អេហ្ស៊ីប​ជា​ប្រទេស​មួយ​ដែល​ទទួល​បាន​ជំនួយ​យោធា​ពី​អាមេរិក។ តែ​ជានិច្ចជាកាល ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីតោន និង​ក្រុង​គែរ​តែង​រកាំរកូស​ដោយ​បញ្ហា​សិទ្ធិមនុស្ស​នៅ​អេហ្ស៊ីប។

ទោះ​ជា​យ៉ាង​នេះ​ក្តី អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ពេល​នេះ​កំពុង​គ្របដណ្តប់​ខ្លាំង​លើ​ទស្សនកិច្ច​របស់​លោក​ប៊្លីនកិន​នៅ​ក្នុង​តំបន់។ គ្រប់​គ្នា​សង្ឃឹម​ថា​នៅ​ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន លោក​ប៊្លីនកិន​អាច​និយាយ​បញ្ចុះបញ្ចូល​ភាគី​ទាំង​ពីរ​ឲ្យ​បញ្ឈប់​ការ​ប្រឈម​មុខ​ដាក់​គ្នា។ តែ​ក្រុម​អ្នកវិភាគ​បាន​យល់​ឃើញ​ដូច​គ្នា​ពី​ឥទ្ធិពល​មាន​កម្រិត​របស់​រដ្ឋបាល​អាមេរិក​នៅ​ក្នុង​ព្រឹត្តិការណ៍​ពេល​នេះ។ តាម​ក្រុម​អ្នក​វិភាគ​ដដែល លោក​ប៊្លីនកិន​មិន​អាច​ធ្វើ​អ្វី​លើស​ពី​ការ​បន្ត​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​មាន​ភាព​ស្ងប់ស្ងាត់ និង​អត់ធ្មត់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ