អានតួអត្ថបទ
អ៊ីស្រាអែល​-ប៉ាឡេស្ទីន

អំពើហិង្សា​​អ៊ីស្រាអែលលើ​ប៉ាឡេស្ទីន ៖ ចូល២០២៣បាន​២៦ថ្ងៃ ស្លាប់ជនប៉ាឡេស្ទីនអស់២៩នាក់

​ការ​បាត់បង់​ជីវិត​​ក្នុង​​អំពើ​ហិង្សា​និង​អាណានិគមកិច្ច​​អ៊ីស្រាអែល ឡើង​ខ្ពស់​ជា​លំដាប់​។ ​ តាំងពី​ចូល​ឆ្នាំ​​២០២៣​មក មាន​ប្រជាជន​ប៉ាឡេស្ទីនស្លាប់​ជា​មធ្យម ជាង​ម្នាក់​ក្នុងមួយ​​ថ្ងៃ។ ​៩នាក់​ បាន​ស្លាប់​ក្នុង​មួយ​ថ្ងៃព្រហស្បតិ៍​ទី​២៦​មករា​នេះ ដោយ​ស្នាដៃ​យោធា​អ៊ីស្រាអែល​ ក្រោម​ផ្លាក​​ធ្វើ​​ប្រតិបត្តិការ​​ប្រឆាំង​នឹង​សកម្មជន​អ៊ីស្លាម​និយម​នៅជំរំ​ជនភៀស​ខ្លួន​ហ្សេនីន ភាគ​ខាង​ជើង​តំបន់​ស៊ីហ្សកដានីក្រោម​អាណានិគម។

ជនប៉ាឡេស្ទីន​៩នាក់​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​អ៊ីស្រាអែល ថ្ងៃទី ២៦ មករា ២០២៣
ជនប៉ាឡេស្ទីន​៩នាក់​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​អ៊ីស្រាអែល ថ្ងៃទី ២៦ មករា ២០២៣ AFP - JAAFAR ASHTIYEH
ផ្សាយពាណិជ្ជកម្ម

ក្នុង​​ប្រតិបត្តិការ ទាហាន​អ៊ីស្រាអែល​​​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ ចូល​ក្នុងអាគារ​​ព្យាបាល​ជំងឺ​កុមារនៃ​មន្ទីរពេទ្យ​ក្រុង​Jenine ​បណ្តាល​ឱ្យ​ក្មេង​​ជា​ច្រើន​ថប់​ដង្ហើម​។ នេះ​បើ​តាម​ក្រសួងសុខាភិបាល​​ប៉ាឡេស្ទីន ដែល​បញ្ជាក់​ថា​ជា​សរុប​មាន​ជន​ប៉ាឡេស្ទីន​៩នាក់​បាន​ស្លាប់​ក្នុង​នោះ​ម្នាក់​ជា​ស្ត្រី​ចំណាស់ និង​២០នាក់​បានរង​របួស។ ជា​ការ​បាត់​បង់​ជីវិត​ដ៏​ច្រើន​បំផុត​ក្នុង​ប្រតិបត្តិការ​​តែ​មួយ​របស់យោធា​​អ៊ីស្រាអែល គិត​ចាប់​តាំង​ពី​អង្គការ​សហប្រជាជាតិ​​ធ្វើសម្រង់​​បញ្ជី​អ្នក​ស្លាប់​​នៅ​ឆ្នាំ​២០០៥​មក។

​អ៊ីស្រាអែល​បាន​បដិសេធថា​គ្មាន​ទាហាន​ណា​មាន​ចេតនា​បាញ់​លើ​មន្ទីរពេទ្យ​ទេ ប៉ុន្តែ​យោធា​បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​បោស​សម្អាត​ក្រុមភេរវនិយម​ នៃ​អង្គការ​ប្រដាប់​អាវុធ​ជីហាត​អ៊ីស្លាម នៅក្នុង​​ជំរំ​ជន​ភៀសខ្លួន​ក្បែរនោះ​ដោយ​មាន​ការ​បាញ់​តតាំង​គ្នា​ជា​មួយ​ពួក​ភេរវជនផង​។

បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥៣ ​ជំរំ​ជនភៀសខ្លួន​ហ្សេនីន បាន​ក្លាយ​ជាក្រុង​មួយ​ នៅ​​ក្នុង​​ក្រុង​ និង​ជា​ជម្រក​របស់​ជនភៀសខ្លួនប៉ាឡេស្ទីន​​ជិត​ពីរ​ម៉ឺន​នាក់ តែ​ក៏​ជា​ចំណុច​វាយប្រហារ​ពិសេស​របស់​យោធា​​អ៊ីស្រាអែលដែល​​តាំងពីចូល​​​អាណានិគមកិច្ច​លើ​តំបន់​ស៊ីហ្សក​ដានី​នៅ​​ឆ្នាំ​១៩៦៧មក ​តែង​បើក​ប្រតិបត្តិការ​​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​​ក្នុង​ដែនដី​អាណានិគមប៉ាឡេស្ទីន។

ប្រតិបត្តិការ​យោធា ឬ​អំពើ​ហិង្សា​​​ស៊ីវិលអ៊ីស្រាអែល តែងឆក់​យក​ជីវិត​ប៉ាឡេស្ទីន​ទៅ​ជាមួយ​ផង។ ​​២០២២ ជា​ឆ្នាំ​ដែល​មានជន​ប៉ាឡេស្ទីន​ស្លាប់​ច្រើន​ជាង​​បង្អស់ សម្រាប់​រយៈ​ពេល​២០ឆ្នាំ​ចុងក្រោយ​នេះ ៖ ១៤៤​នាក់​បើ​តាម​អង្គការ​ការពារសិទ្ធិមនុស្ស​អ៊ីស្រាអែល តែ​ជិត​១៧០នាក់​បើ​តាម​តួលេខ​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន។ ប៉ុន្តែ​២០២៣​ទំនង​ជា​អាច​បំបែក​កំណត់​ត្រា​ឆ្នាំ​ចាស់ បើមាន​​ល្បឿននៃ​អំពើ​ហិង្សា​ដូច​ខែ​មករា។ គ្រាន់​តែ​ចូល​ឆ្នាំ​ថ្មី​បាន​២៦​ថ្ងៃ អំពើ​ហិង្សា​​អ៊ីស្រាអែល​បាន​ផ្តាច់​ជីវិត​ជន​ប៉ាឡេស្ទីន​អស់​២៩នាក់​ហើយ​ ពោល​គឺ​មាន​ស្លាប់​ជា​មធ្យម ច្រើន​ជាង​ម្នាក់​ក្នុង​មួយ​ថ្ងៃ។ សម្រាប់​អ៊ីស្រាអែល អ្នក​បាត់​បង់ជីវិត​ភាគ​ច្រើន​ជា​យុទ្ធជន​ប៉ាឡេស្ទីន តែ​បើ​តាម​ការ​អង្កេត​របស់​កាសែត Haaretz មាន​​មិនដល់​ពាក់​កណ្តាល​ទេ​បាន​ស្លាប់​ដោយកាន់​​អាវុធ ខុស​ពីនោះ​ជា​ជនស៊ីវិល​ទាំង​អស់៕​​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ