អានតួអត្ថបទ
អ៊ីរ៉ង់-អ៊ីស្រាអែល

អ៊ីរ៉ង់​ព្រមាន​អ៊ីស្រាអែល​កុំ​ឲ្យ​ដើរ​ឆ្លង​ហួស​ខ្សែ​បន្ទាត់​ក្រហម​នៅ​ឈូង​សមុទ្រពែក្ស

អ៊ីរ៉ង់​បាន​ដំឡើង​សំឡេង​ព្រមាន​អ៊ីស្រាអែល​នៅថ្ងៃ​ចន្ទ​ ទី២៨​ ធ្នូ​ថាកុំ​ឲ្យ​ដើរ​ឆ្លង​ចូល​ខ្សែ​បន្ទាត់​ក្រហម​នៅក្នុង​ឈូង​សមុទ្រ​ពែក្សឲ្យ​សោះ​។ ការ​ព្រមាន​របស់​អ៊ីរ៉ង់​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​តំណែងជា​ប្រធានាធិបតី​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ នឹង​ត្រូវ​អស់​សុពលភាព​ក្នុង​រយៈពេល​ ២៣ថ្ងៃទៀត​ និង​បន្ទាប់ពី​អ៊ីស្រាអែល​បានដាក់​ពង្រាយ​នាវា​មុជ​ទឹក​នៅ​ទីនោះ​។

និស្សិតអ៊ីរ៉ង់ កំពុងដុតរូបភាពប្រធានាធិបតីជិតផុតអាណត្តិអាមេរិកលោកដូណាល់ ត្រាំ និងប្រធានាធិបតីជាប់ឆ្នោតលោកចូ បៃដិន ក្នុងអំឡុងពេលធ្វើបាតុកម្មមួយនៅមុខក្រសួងការបរទេសក្នុងទីក្រុងតេហេរ៉ង់។
និស្សិតអ៊ីរ៉ង់ កំពុងដុតរូបភាពប្រធានាធិបតីជិតផុតអាណត្តិអាមេរិកលោកដូណាល់ ត្រាំ និងប្រធានាធិបតីជាប់ឆ្នោតលោកចូ បៃដិន ក្នុងអំឡុងពេលធ្វើបាតុកម្មមួយនៅមុខក្រសួងការបរទេសក្នុងទីក្រុងតេហេរ៉ង់។ ATTA KENARE AFP
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក​ស៊ែអ៊ីត​ ខាធីបហ្សាដេហ្ស​ (Saeed Khatibzadeh) បាន​និយាយ​ថា​ សាធារណរដ្ឋអ៊ីស្លាម​នឹង​ការពារខ្លួន​ប្រឆាំង​ទល់​នឹង​វត្តមាន​យោធា​អាមេរិក​ណាមួយ​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស​ មិនថានៅថ្ងៃ​មុន​ប្រគល់​អំណាច​ទៅ​ឲ្យ​លោក​ចូ បៃដិន​ នាថ្ងៃ​ទី​ ២០ ខែ​មករា​ ឆ្នាំ២០២១​។

ប្រតិកម្ម​របស់​អ៊ីរ៉ង់​ធ្វើឡើង​មួយ​សប្តាហ៍​ បន្ទាប់ពី​កងទ័ព​ជើងទឹក​អាមេរិកបាន​ប្រកាស​ពីការ​ពង្រាយ​នាវាមុជទឹក​បំពាក់​ដោយ​កាំជ្រួច​នុយក្លេអ៊ែរ​នៅ​ឯឈូង​សមុទ្រពែក្ស​ ដើម្បី​បង្ហាញ​សាច់ដុំ​បន្ថែម​ទៀត​ទៅកាន់​អ៊ីរ៉ង់​។

មួយវិញទៀត​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​បាន​រាយការណ៍​ថា​ នាវា​មុជទឹក អ៊ីស្រាអែល​មួយគ្រឿង​ ក៏បាន​បរ​ឆ្លងកាត់​ព្រែក​ជីក​ស៊ុយអែស​ (Suez Canal Suez) ​ ឆ្ពោះទៅកាន់​តំបន់​ឈូងសមុទ្រ​ដែរ​។ យ៉ាងណាក៏ដោយ​ អាជ្ញាធរ​អ៊ីស្រាអែល​នៅ​មិន​បាន​ចេញ​មុខ​បកស្រាយ​អ្វី​នោះ​ទេថា​តើ​សេចក្តីរាយការណ៍​នេះ​ពិត​ ឬក៏​មិនពិត​យ៉ាងណា​នោះ។

អ្នកនាំ​ពាក្យ​ក្រសួងការ​បរទេស​អ៊ីរ៉ង់​ បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​តាម​អនឡាញ​មួយ​ថា​ "អ្នក​រាល់គ្នា​ដឹង​ហើយ​ពីអ្វី​ ដែល​ឈូង​សមុទ្រ​ពែក្ស​តំណាង​ឲ្យ​អ៊ីរ៉ង់​... ។ “មនុស្ស​គ្រប់គ្នា​ ដឹងច្បាស់​ណាស់​​ពី​ហានិភ័យ​ថា​វា​មាន​កម្រិត​ខ្ពស់​ប៉ុនណានោះ​ ប្រសិន​បើ​គំនូស​បន្ទាត់​ក្រហម​របស់​អ៊ីរ៉ង់​ ត្រូវ​គេ​បំពាន​ដើរ​ឆ្លងកាត់​ហួស​ចូល​។

​ជាមួយគ្នានេះ ក្រុងតេហេរ៉ង់​បានបញ្ជាក់​ទៀតថា​ខ្លួន​មិន​ចង់​បង្កើន​ភាពតានតឹង​នោះទេ​ជាមួយ​សហរដ្ឋអាមេរិក និង​បាន​អំពាវនាវ​ឲ្យ​មាន​ការគោរព​នូវខ្សែ​បន្ទាត់​ព្រំដែន​។ មិនតែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​អ៊ីរ៉ង់​ ក៏​បាន​ផ្ញើរ​ជា​សារ​ព្រមាន​ទៅ​រដ្ឋាភិបាល​ចាំផ្ទះ​អាមេរិក​បច្ចុប្បន្ន ​និង​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​រួចរាល់​ហើយ​ដែរ​ថា​កុំ​ឲ្យធ្វើ​សកម្មភាព​អ្វី​ផ្តេសផ្តាស​ឲ្យ​សោះ​។

គួរជ្រាបថា​ ភាពតាន​តឹង​ដែល​មាន​អាយុ​កាល​ជា​ច្រើន​ទសវត្សរ៍​រវាង​ទីក្រុង​វ៉ាស៊ីនតោន​ និង​តេហេរ៉ង់​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៨​ នៅ​ពេល​ដែល​លោកត្រាំ ​សម្រេច​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​ដោយ​ឯកតោភាគី​។

ប្រទេស​គូសត្រូវ​ទាំងពីរ​ វិះតែ​ឈាន​ដល់​ការ​ផ្ទុះសង្គ្រាម​នឹងគ្នា​ពីរដង​ទៅហើយ​ចាប់​តាំង​ពី​ខែ​មិថុនា​ ឆ្នាំ ២០១៩​ ជាពិសេស​បន្ទាប់ពី​អាមេរិក​បានសម្លាប់​ឧត្តមសេនីយ៍​អ៊ីរ៉ង់​ កាសឹម សូឡីម៉ានី នៅក្នុង​ការ​វាយប្រហារ​ដោយ​យន្តហោះដ្រូន​នៅក្រុង​បាកដាដ​កាលពី​ដើមឆ្នាំ ២០២០​។

លើសពីនេះ​ នៅតែ​ពីរ​ខែ​មុន​ការ​ផ្ទេរអំណាច​ទៅឲ្យ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ចូ បៃដិន លោក​ដូណាល់ ត្រាំ​ ថែមទាំង​បាន​ពិចារណា​ចង់​បើក​ការ​វាយប្រហារ​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទៀតផង​។ នេះតាម​ព័ត៌មាន​ដែលមាន​ចុះ​ផ្សាយ​ដោយ​កាសែត New York Times កាលពីទីសប្តាហ៍ទី២ នៃខែវិច្ឆិកាកន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ